តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីថ្ងៃទី២៥ ខែមីនា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសថា រុស្ស៊ីនឹងដាក់អាវុធនុយក្លេអ៊ែរកលយុទ្ធក្នុងប្រទេសបេឡារុសដែលជាប្រទេសជិតនៅខាងជើងអ៊ុយក្រែន។ លោកបានអះអាងថា លោកត្រូវបានបង្ខំឱ្យធ្វើដូច្នេះដោយសេចក្តីសម្រេចរបស់ចក្រភពអង់គ្លេសក្នុងការផ្តល់ឱ្យអ៊ុយក្រែននូវកងរថក្រោះធុន Challenger II ជាមួយគ្រាប់បាញ់ទម្លុះដែកក្រោះបានដែលមានសារធាតុកាកអ៊ុយរ៉ានីញ៉ូម។ គ្រាប់មានសារធាតុកាកអ៊ុយរ៉ានីញ៉ូមនាំឱ្យមានការចេញវិទ្យុសកម្មទាបណាស់ តែមិនអាចនាំឱ្យមានប្រតិកម្មនុយក្លេអ៊ែរទេ។
លោក Robert Wood អ្នកតំណាងបម្រុងរបស់ស.រ.អ.ខាងកិច្ចការនយោបាយពិសេសបាននិយាយថា៖ «ការនិយាយរបស់រុស្ស៊ីថា ការដាក់អាវុធទាំងនេះជាការត្រឹមត្រូវដោយសារមានការប្រើគ្រាប់បាញ់ទម្លុះដែកក្រោះជាការគួរឱ្យអស់សំណើច។ ការពិតជាក់ស្តែងគឺថា គ្រាប់បាញ់ទម្លុះដែកក្រោះមិនដូចគ្នានឹងអាវុធនុយក្លេអ៊ែរកលយុទ្ធទេ»។
លោក Wood បាននិយាយថា៖ «សេចក្តីប្រកាសនេះគ្មានទាក់ទងអ្វីជាមួយប្រភេទគ្រាប់ទេ...តែវាទាក់ទិននឹងការប៉ុនប៉ងរបស់រដ្ឋាភិបាលវិមានក្រឹមឡាំងក្នុងការកម្រិត និងការធ្វើឱ្យរាថយដល់ការផ្តល់ជំនួយខាងសន្តិសុខអន្តរជាតិ ដល់ការការពាររបស់អ៊ុយក្រែន ដល់អធិបតេយ្យភាព ឯករាជ្យ និងបូរណភាពដែនដីនៃប្រទេសនេះ។ ការពិតគឺថា រដ្ឋាភិបាលវិមានក្រឹមឡាំងមិនចង់ឱ្យអ៊ុយក្រែនមានសមត្ថភាពក្នុងការការពារខ្លួនប្រឆាំងនឹងកងរថក្រោះរុស្ស៊ីទេ»។
លោកឯកអគ្គរដ្ឋទូត Wood បានថ្លែងថា៖ «ក្នុងពេលតិចជាងពីរសប្តាហ៍មុននេះ លោកប្រធានាធិបតី Putin បានសន្យានៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយប្រទេសចិនថានឹងកាត់បន្ថយគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ ហើយបាននិយាយថា «ពួករដ្ឋមានអាវុធនុយក្លេអ៊ែរគួរទប់ចិត្តកុំដាក់អាវុធនុយក្លេអ៊ែរនៅប្រទេសក្រៅ ហើយដកអាវុធនុយក្លេអ៊ែរចេញពីប្រទេសក្រៅ»។ តែនៅថ្ងៃនេះ រដ្ឋាភិបាលវិមានក្រឹមឡាំងបានប្រើប្រាស់ប្រផ្នូលនៃជម្លោះនុយក្លេអ៊ែរដើម្បីជួយរុស្ស៊ីឱ្យឈ្នះសង្គ្រាមមិនត្រឹមត្រូវតាមច្បាប់ប្រឆាំងនឹងអ៊ុយក្រែន»។
លោកបានពោលថា៖ «គ្មានប្រទេសណាគំរាមកំហែងប្រទេសរុស្ស៊ី ឬគំរាមកំហែងលោក Putin ទេ។ សង្គ្រាមរបស់លោក Putin ប្រឆាំងនឹងអ៊ុយក្រែនជាសង្គ្រាមមួយដែលលោកមិនគួរធ្វើជាដាច់ខាត។ ហើយវាជាសង្គ្រាមមួយដែលរដ្ឋាភិបាលវិមានក្រឹមឡាំងអាចបញ្ចប់បាននៅពេលណាមួយប្រសិនបើពួកគេចង់ធ្វើដូច្នេះ»។
លោកឯកអគ្គរដ្ឋទូត Wood បាននិយាយថា៖ «តាមរយៈវោហាសាស្ត្រគ្មានការទទួលខុសត្រូវសោះ និងការបន្តផ្តល់ព័ត៌មានក្លែងក្លាយ ប្រទេសរុស្ស៊ីស្វះស្វែងបង្កើនសង្គ្រាមគ្មានការបង្កហេតុនិងឃោរឃៅប្រឆាំងនឹងអ៊ុយក្រែន ជាជាងស្វះស្វែងរកសន្តិភាព»។
លោកបានថ្លែងថា៖ «រុស្ស៊ីគួរបញ្ឈប់ជាបន្ទាន់ការបង្កើនវោហាសាស្ត្រអំពីលទ្ធភាពនៃការប្រើអាវុធនុយក្លេអ៊ែរ។ ការប្រើអាវុធគីមី អាវុធជីវសាស្ត្រ ឬអាវុធនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែនអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដល់ការរក្សាឱ្យមានសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយនឹងកែប្រែទិដ្ឋភាពនៃសង្គ្រាមនេះផងដែរ។ ហើយការប្រើអាវុធនុយក្លេអ៊ែរនឹងបំបែកកំណត់ត្រានៃការមិនប្រើអាវុធបែបនេះដែលត្រូវបានបញ្ឈប់លែងឱ្យប្រើជិត៨០ឆ្នាំមកហើយ»។
លោកឯកអគ្គរដ្ឋទូត Wood បានពោលថា៖ «យើងក៏អំពាវនាវដែរដល់របបគ្រប់គ្រង
របស់លោក Aleksander Lukashenka នៅក្នុងប្រទេសបេឡារុសឱ្យឈប់ឃុបឃិតក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ ហើយជាថ្មីទៀត យើងអំពាវនាវដល់រុស្ស៊ីឱ្យបន្ថយភាពតានតឹងដោយចាប់ផ្តើមដោយការបញ្ឈប់សង្គ្រាមឈ្លានពានរបស់ខ្លួនប្រឆាំងនឹងប្រទេសអ៊ុយក្រែន»៕