បទវិចារណកថា៖ ផ្នែក​ប្រាំ​នៃ​ផល​ប្រយោជន៍​រួម​ជាមួយ​ទ្វីប​អាហ្វ្រិក

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ថ្លែង​ក្នុង​ព្រឹត្តិការណ៍​ការទូត​មួយ​ជាមួយ​ក្រុមហ៊ុន​អាមេរិក និង​រដ្ឋាភិបាល​សេណេហ្គាល់ នៅ​សណ្ឋាគារ Radisson Blu ក្នុង​ទីក្រុង​ដាកា ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​កាលពីពេល​ថ្មីៗ​នេះ​របស់​លោក​ក្នុង​ទ្វីប​អាហ្វ្រិក ​រដ្ឋមន្ត្រី​ការបរទេសស.រ.អ. លោក Antony Blinken បានបង្ហាញផ្នែក​ប្រាំនៃផលប្រយោជន៍​រួម​រវាង​អាហ្វ្រិក​ និង​ស.រ.អ.។

ផលប្រយោជន៍​រួមទី​មួយរបស់​យើង គឺ​កសាងសេដ្ឋកិច្ច​សាកល​មួយ​ដែល​មានការចូល​រួម​គ្នា។

ការផ្តើម​គំនិត​អំពី​ការធ្វើឱ្យ​អាហ្វ្រិក​សំបូរ​រុងរឿង​ មាន​គោលដៅបង្កើនពាណិជ្ជកម្ម​ទៅវិញ​ទៅមក​ និង​ការ​បណ្តាក់​ទុន។ ​ច្បាប់​ស្តី​ពីការ​លូត​លាស់ និងឱកាស​នៅ​អាហ្វ្រិក Africa Growth and Opportunity Act ផ្តល់​ការ​មិន​យក​ពន្ធ​ក្នុងទី​ផ្សារអាមេរិកាំង ហើយ​ស.រ.អ.​ កំពុងធ្វើការឱ្យប្រាកដ​ប្រជាថា ​ពួក​ប្រទេស​អាហ្វ្រិក ​ទទួល​បាន​ផលចំណេញ​ពី​ច្បាប់​នេះ​យ៉ាងពេញលេញ។ ស.រ.អ. ក៏​ស្វាគមន៍​ដែរ​ដល់​តំបន់​ពាណិជ្ជកម្ម​សេរី​ក្នុង​ទ្វីប​អាហ្វ្រិក​ ជា​វិធី​មួយ​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​ក្នុង​អាហ្វ្រិក។​

លោករដ្ឋមន្ត្រី Blinken ​បាន​មានប្រសាសន៍​ថា ផលប្រយោជន៍​ទីពីរ​ គឺការ​ដោះស្រាយរួម​គ្នា​អំពីវិបត្តិ​ធាតុអាកាស។ លោក​បាននិយាយ​ថា៖ «‍ផលប៉ះពាល់​ជា​មហន្តរាយ​នៃវិបត្តិ​អាកាសធាតុ​នៅ​ទូទាំង​ទ្វីប​នេះ មាន​ច្បាស់លាស់​ គឺការ​រាំង​ស្ងួត ការ​កាប់​ព្រៃឈើ ​ការ​ចុះ​ថយ​កសិផល ទឹកជំនន់ ការ​រីក​ធំ​ជាង​មុន​នៃ​វាល​រហោឋាន​ អសន្តិសុខ​ស្បៀង ការប្រជែង​គ្នា​ដើម្បីប្រភព​ធនធាន​ ការ​ខាត​បង់​សេដ្ឋកិច្ច​ និង​ចំណាក​ស្រុក។ បឹង Chad ជាប្រភព​សំខាន់មួយ​នៃ​ទឹក​ អាហារ និង​ជីវភាពសម្រាប់​មនុស្ស​ច្រើន​សតវត្សរ៍​មក​ហើយ។ នៅ​ពេល​នេះ​ បឹងនេះ សឹង​តែ​បាត់ទៅ​ហើយ​ដោយសារ​វា​បាន​រួញ​តូច​មក​នៅ​ត្រឹមតែ​មួយ​ភាគ​២០​នៃ​ទំហំ​កាល​ពី ៦០ឆ្នាំ​មុន​នេះ»។

ផែនការគ្រា​មាន​អាសន្ន​សម្រាប់​ការ​សម្របសម្រួល​ និង​ភាព​មិន​ទ្រុឌទ្រោម​ Emergency Plan for adaptation and Resilience របស់លោកប្រធានាធិបតី Joe Biden នឹងគាំទ្រការ​ផ្តើម​គំនិតនៃ​ការ​សម្របសម្រួល​នៅ​អាហ្វ្រិកដែល​ត្រូវ​បាន​ចាប់ផ្តើមធ្វើ​ដោយពួកប្រមុខ​រដ្ឋនៅ​ទូទាំង​អាហ្វ្រិកដែលមានគៅល​ដៅ​រៀបចំផែនការនិង​ផ្តល់​ប្រាក់​កាសដល់​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មិន​ប្រើ​ថាមពលច្រើន និង​ទប់ទល់​នឹងការ​ប្រែប្រួល​ធាតុអាកាស​បាន។

លោក​រដ្ឋមន្ត្រី Blinken បាន​មានប្រសាសន៍​ថា​ ទី​បី«យើងត្រូវ​តែ​បញ្ចប់​ការរាតត្បាត​នៃជំងឺ​កូវីដ១៩»។ កាល​ពី​ពេល​ថ្មីៗ​នេះ ​ស.រ.អ. បាន​ប្រគល់វ៉ាក់សាំង​២៧០លានដូសនៅ​ទូទាំង​ពិភពលោក។ ​ជាង៧០លានក្នុង​បណ្តា​ដូស​ទាំង​នេះ ​ត្រូវ​បានបញ្ជូន​ទៅ​ឱ្យ​ប្រទេស​៤៣​ក្នុង​តំបន់​ខាង​ត្បូង​សមុទ្រ​ខ្សាច់​សាហារ៉ា​ ហើយវ៉ាក់​សាំង​ច្រើន​ថែម​ទៀត ​នឹងត្រូវបញ្ជូនទៅ​កាន់អាហ្វ្រិក​ថែមទៀត។

ផលប្រយោជន៍​ទី​បួន គឺ​ទ្រទ្រង់លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ទ្វីប​អាហ្វ្រិក។ ​ការថយក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក ​ជា​ការណ៍​នាំ​ឱ្យ​ខ្វល់​ខ្វាយ។ ​បន្ថែមលើនេះ ​បច្ចេកវិទ្យា​ ត្រូវ​បានប្រើ​ដើម្បីយកទៅ​ធ្វើទុក្ខបុកម្នេញ​ក្រុម​ពលរដ្ឋ និង​បំបិទ​មាត់​ក្រុម​ប្រឆាំង។ លោករដ្ឋមន្ត្រី​ Blinken បានប្រកាស​ថា «​ប្រទេស​ប្រជាធិបតេយ្យ ត្រូវឆ្លើយតបនឹង​ការ​អំពាវ​នាវ​ឱ្យ​ប្រយុទ្ធ​ប្រឆាំង​នឹងការផ្សាយ​ព័ត៌មានក្លែង​ក្លាយ​ ងើប​ឈរ​ដើម្បី​សេរីភាព​ Internet កាត់​បន្ថយ​ការ​ប្រើ​បច្ចេកវិទ្យា​ខាង​ការ​ឃ្លាំមើល​ដោយមិន​ត្រឹមត្រូវ ​បង្កើត​ស្តង់ដារនៃការទទួល​ខុសត្រូវខាង cyberspace»។​

ជាទី​បញ្ចប់ គេត្រូវ​តែ​ជំរុញ​សន្តិសុខ ​និង​សន្តិភាពឋិតថេរក្នុង​ទ្វីបអាហ្វ្រិក។ លោករដ្ឋមន្ត្រី​ Blinken បានមានប្រសាសន៍​ថា ​ការគំរាមកំហែង​ពី​សំណាក់​ពួកជ្រុល​និយម​ឃោរឃៅ ក្រុម​ឧក្រិដ្ឋជន ​និងសង្គ្រាម​ក្នុង​ប្រទេស​ជា​ការ​ពិត។ ផ្នែក​មួយនៃ​ដំណោះស្រាយ​ គឺកងកម្លាំង​សន្តិសុខ​ជាតិប្រកប​ដោយវិជ្ជាជីវៈ និង​ការពង្រឹង​ច្បាប់ក្នុ​ង​មូលដ្ឋានដែល​អាចការពារពលរដ្ឋ​ដោយ​គោរព​សិទ្ធិ​មនុស្សផង​ដែរ។ តែការ​ដោះស្រាយ​បញ្ហា​ ជា​ឫសគល់នៃ​សង្គ្រាម​មាន​សារៈ​សំខាន់​ដូចគ្នា។

លោក​រដ្ឋមន្ត្រី​ Blinken បាន​និយាយ​ថា៖ «ស.រ.អ. ​ចង់ពង្រឹង​ភាពដៃ​គូរបស់យើងនៅ​ទូទាំង​អាហ្វ្រិក​ក្នុង​វិធី​ដែល​បម្រើ​ផលប្រយោជន៍​លោកអ្នក​ ​ផល​ប្រយោជន៍​យើង​ និង​ផលប្រយោជន៍នៃ​ប្រជារាស្ត្រ​ទូទាំង​ពិភពលោកដែលជីវភាព​និង​អនាគត​ពួក​គេអាស្រ័យមួយផ្នែកលើ​អ្វី​ដែល​យើង​អាចធ្វើ​ឱ្យ​សម្រេច​រួមគ្នា»៕