តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងការប្រជុំមួយកាលពីពេលថ្មីៗនេះនៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប.អំពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ លោកស្រី Martha Pobee ឧបការីអគ្គលេខាធិការអ.ស.ប.សម្រាប់ទ្វីបអាហ្វ្រិកបានព្រមានថា ស្ថានភាពសន្តិសុខនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ធ្ងន់ធ្ងរជាងមុន។ កាលពីប៉ុន្មានខែមុននេះ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ដោយក្រុមប្រដាប់អាវុធ។
លោកស្រី Pobee បាននិយាយថា កងកម្លាំងថែរក្សាសន្តិភាពអ.ស.ប. MONUSCO បន្ត«ធ្វើអ្វីៗទាំងអស់ដែលអាចធ្វើបានដើម្បីបំពេញតាមអាណត្តិរបស់ខ្លួនក្នុងការការពារជនស៊ីវិល»។ បេសកកម្ម MONUSCO បានស្ថិតនៅក្នុងសាធារណរដ្ឋ DRC តាំងពីឆ្នាំ ១៩៩៩ មក ហើយអាណត្តិរបស់កងកម្លាំង នេះត្រូវបន្តមួយឆ្នាំទៀតកាលពីខែធ្នូឆ្នាំមុនដោយមានគោលដៅនឹងដកកងកម្លាំងនេះពីសាធារណរដ្ឋ DRC បន្ទាប់ពីនេះ។ តែយ៉ាងណាក៏ដោយ ក៏កាលពីប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលសាធារណរដ្ឋ DRC បានបង្កើនការអំពាវនាវឱ្យបេសកកម្ម MONUSCO ដកចេញពីប្រទេសនេះនៅក្រោយការបោះឆ្នោតដែលគ្រោងនឹងធ្វើនៅខែធ្នូ ឆ្នាំ២០២៣។
អ្នកតំណាងស្តីទីស.រ.អ.សម្រាប់កិច្ចការនយោបាយពិសេសនៅអ.ស.ប.លោក Robert Wood បានសម្តែងកង្វល់អំពីការអំពាវនាវទាំងនោះ។
លោក Robert Wood បាននិយាយថា «MONUSCO មិនអាច-និងមិនគួរ-ស្ថិតនៅក្នុងសាធារណរដ្ឋ DRC រហូតទេ។ តែមានការមូលមតិគ្នាជាឯកច្ឆ័ន្ទថា រដ្ឋាភិបាលសាធារណរដ្ឋ DRC មិនបានបំពេញតាមស្តង់ដារដែលខ្លួនបានយល់ព្រមតាមលក្ខខណ្ឌអប្បបរិមាសម្រាប់ឱ្យ MONUSCO ដកថយមិនហួសពីដំណាច់ឆ្នាំ២០២៣ឡើយ។
លោក Wood បានថ្លែងថា៖ «ការដកថយរបស់ MONUSCO ដោយឆាប់រហ័សទំនងជានឹងនាំឱ្យមានអសន្តិសុខដែលអាជ្ញាធររដ្ឋមិនអាចបំពេញបាន ដោយមានផលប៉ះពាល់ដល់ប្រជារាស្ត្រដែលអាចរងគ្រោះបំផុត»។
លោកឯកអគ្គរដ្ឋទូត Wood បានកត់សម្គាល់ថា វិបត្តិមនុស្សធម៌ក៏អាក្រក់ជាងមុនដោយសារអំពើហិង្សាមានតទៅទៀត «នាំឱ្យមានជនចាកចោលលំនៅដ្ឋាននៅក្នុងប្រទេស ១ លាននាក់ កំណើនអំពីហិង្សាផ្អែកលើយេនឌ័រ មានរួមអំពើហិង្សាទាក់ទិននឹងជម្លោះខាងយេនឌ័រ និងការរងទុក្ខវេទនាយ៉ាងខ្លាំងរបស់មនុស្ស»។
លោក Wood បានថ្លែងថា៖ «ដើម្បីដោះស្រាយស្ថានភាពអាសន្នបែបនេះ សាធារណរដ្ឋ DRC និងបណ្តាប្រទេសនៃតំបន់មហាទន្លេ (Great Lakes) ត្រូវការមានឆន្ទៈនយោបាយ ការប្តេជ្ញាធ្វើការសន្ទនាគ្នា និងចំណង់ធ្វើសេចក្តីសម្រេចពិបាកៗនិងធ្វើកំណែទម្រង់ដែលចាំបាច់ជាច្រើន។ ពួកគេក៏ត្រូវការកងកម្លាំង MONUSCO ដែរ»។
លោកឯកអគ្គរដ្ឋទូត Wood បានគូសបញ្ជាក់ថា ស.រ.អ.ប្តេជ្ញាធ្វើឱ្យប្រាកដប្រជាថា កងកម្លាំង MONUSCO អាចបំពេញតាមអាណត្តិរបស់ខ្លួនក្នុងការការពារជនស៊ីវិលនិងជួយសាធារណរដ្ឋ DRC ពង្រឹងអភិបាលកិច្ចសំខាន់ យុត្តិធម៌ និងស្ថាប័នសន្តិសុខ។ លោកឯកអគ្គរដ្ឋទូត Wood បាននិយាយថា៖ «ដើម្បីធ្វើឱ្យបេសកកម្មនេះមានជោគជ័យ វាសក្តិសមមានការគាំទ្ររបស់ក្រុមប្រឹក្សានេះ និងការគាំទ្ររបស់រដ្ឋាភិបាលសាធារណរដ្ឋ DRC ផងដែរ។ ប្រជារាស្ត្រសាធារណរដ្ឋ DRC សក្តិសមទទួលបានសន្តិភាព។ ស.រ.អ.ឈរជាមួយប្រជារាស្ត្រនេះក្នុងការស្វែងរកអនាគតមួយកាន់តែល្អប្រសើរជាងមុន»៕