បទវិចារណកថា៖ លោក Assad ត្រូវរក​ឃើញ​ម្តងទៀត​ថា ប្រើ​អាវុធ​គីមី

រូបឯកសារ៖ ការរងខូចខាត​នៅ​ក្បែរ​មន្ទីរពេទ្យ Udai បន្ទាប់ពី​ការវាយប្រហារ​តាម​អាកាស​ទៅលើ​ទីប្រជុំជន Saraqeb ក្នុង​ខេត្ត Idlib ភាគពាយព្យ​ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

របាយការណ៍​ថ្មី​មួយ​របស់​អង្គការហាមប្រាមអាវុធ​គីមី​បាន​ចោទ​ប្រកាន់ជា​ផ្លូវការ​ថា​កង​កម្លាំង​យោធា​ស៊ីរី​ បានប្រើ​ប្រាស់​អាវុធ​គីមីដែល​ត្រូវ​ហាមប្រាម។

អាវុធ​គីមី​ដែល​ត្រូវបាន​ប្រើប្រាស់​ជាលើកដំបូងក្នុង​សង្គ្រាម​លោកលើក​ទី​មួយនោះ​សម្លាប់មនុស្ស និងធ្វើ​ឱ្យ​មនុស្សពិការ​ដោយ​គ្មានរើស​មុខ។ អាវុធ​ទាំង​នេះ​ បណ្តាល​ឱ្យ​មាន​ទុក្ខវេទនា​យ៉ាងខ្លាំង ហើយ​ជនរងគ្រោះ​ដែល​នៅ​រស់​ពីការ​វាយ​ប្រហារ​ខូច​មុខមាត់​ ហើយ​ជា​ញឹក​ញយ​ពិការ​អស់​មួយ​ជីវិត។

សហគមន៍​អន្តរជាតិ​ បានហាមប្រាម​ការ​ប្រើ​អាវុធ​គីមីក្នុងសង្គ្រាមតាម​រយៈ​ការ​អនុវត្តន៍​ពិធីការក្រុងហ្សឺណែវ កាល​ពី​ឆ្នាំ១៩២៥​ ហើយ​បន្ទាប់​មក​ពិធីការ​នេះ​ បានបង្កើត​ការ​ហាម​ប្រាម​ទាំងស្រុង​ដោយ​អនុសញ្ញា​អាវុធ​គីមីដែល​ហាមប្រាម​ការ​ប្រើប្រាស់ ការអភិវឌ្ឍន៍​ ការ​ផលិត​ ការ​ទិញ ការស្តុកទុក ការរក្សា​ទុក​និងការ​ផ្ទេរអាវុធ​គីមី។

ទោះយ៉ាង​ណា​ក៏​ដោយ​ក៏របបគ្រប់គ្រង​របស់លោក Assad ​បានប្រើ​អាវុធ​ទាំង​នេះ​ម្តងហើយ​ម្តងទៀត--មិនមែនសម្រាប់​ប្រឆាំងតែ​លើកងកម្លាំងជំទាស់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក្នុង​គោល​បំណង​ចេតនា​លើ​តំបន់​ដែល​មាន​ជន​ស៊ីវិល​រស់នៅ​ផង​ដែរ។

បើ​តាមរបាយការណ៍របស់​អង្គការ OPCW IIT ថា ​កាលពី​យប់ថ្ងៃ​ទី​៤​ ខែ​កុម្ភៈ​ឆ្នាំ២០១៨​ ឧទ្ធម្ភាគចក្រ​យោធា​ស៊ីរីមួយ​គ្រឿង បានទម្លាក់គ្រាប់បែកឧស្ម័ន chlorine មួយ​គ្រាប់លើក្រុង Saraqeb ដែល​ក្រុម​ឧទ្ទាម​កាន់​កាប់ បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់១២​នាក់​រងរបួស។

អ្នកនាំពាក្យក្រសួងការបរទេស​សហរដ្ឋ​អាមេរិក លោក​ Ned Price បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ជា​លាយ​លក្ខណ៍​អក្សរ​មួយ​ថា «ការ​រក​ឃើញ​ថ្មី​បំផុត​នេះ មិន​គួរ​ជា​ការ​ភ្ញាក់ផ្អើល​ដល់​នរណា​ម្នាក់​ទេ។ របបគ្រប់គ្រង​របស់​លោក Assad ជា​អ្នក​ទទួល​ខុស​ត្រូវចំពោះ​អំពើឃោរឃៅរាប់​មិនអស់ ដែល​ខ្លះមានកម្រិត​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ថែម​ទៀត​ផង។ របប​គ្រប់​គ្រង​នេះ បានឆ្លើយតប​ចំពោះ​ការ​អំពាវនាវ​របស់​ប្រជាពលរដ្ឋស៊ីរី​ឱ្យ​មានកំណែទម្រង់និង​ការ​ផ្លាស់​ប្តូរ ជា​មួយ​ការសម្លាប់​ និង​ការ​បំផ្លាញ»។

របប​គ្រប់គ្រងរបស់​លោក​ Assad និងប្រទេស​ដែល​ជួយ​ខ្លួន​ច្រើន​ជាងគេ ​គឺ​ប្រទេស​រុស្ស៊ី នៅ​តែ​បន្ត​បដិសេធ​ថា​ កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​ មិន​បាន​ប្រើ​អាវុធ​គីមី​ទេ ហើយបែរជា​ចោទ​ប្រកាន់​ក្រុម​ឧទ្ទាមថា​ ធ្វើការ​វាយ​ប្រហារ និង​ប្រឌិត​ភ័ស្តុតាងទៅវិញ។ អ្នកនាំពាក្យលោក Price ​បាន​ថ្លែង​ថា «ព័ត៌មាន​មិន​ពិត​ ទ្រឹស្តីអំពី​ការ​រួម​គំនិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ ឬការ​បំភ្លៃ​ការ​ពិ​ត​ណាមួយ​ដោយ​របបគ្រប់គ្រង​របស់លោក Assad ឬពួក​អ្នក​ជួយរបប​នេះ ប៉ុន្មាន​ក៏​មិនអាច​បំបាត់​ឧក្រិដ្ឋកម្មរបស់​លោក Assad បានឡើយ»។

លោក Ned Price បាន​ពោល​ថា «សហរដ្ឋ​អាមេរិក​ថ្កោលទោស​ការ​ប្រើ​អាវុធ​គីមី​ដោយ​នរណា​ក៏​ដោយ ​នៅកន្លែង​ណា​ក៏​ដោយ និង​នៅ​ពេល​ណា​ក៏​ដោយ។​ ការ​ប្រើ​អាវុធ​គីមី​ដោយរដ្ឋ​ណាមួយ ឬតួអង្គមិន​មែន​ជា​រដ្ឋ ជា​ការ​គំរាម​កំហែង​សន្តិសុខ​ដល់​រដ្ឋទាំងអស់​ ហើយមិន​អាចកើត​មាន​បានដោយ​គ្មាន​ការ​ដាក់ទោសទណ្ឌ​ឡើយ»។

អ្នកនាំ​ពាក្យលោក Price បានគូសបញ្ជាក់​ថា «ប្រទេស​ជាតិ​ដែល​មានការ​ទទួលខុស​ត្រូវ​ទាំង​អស់ ត្រូវឈរជាមួយគ្នាក្នុងសាមគ្កីភាព​ប្រឆាំង​នឹងការ​ប្រើ​អាវុធ​គីមីដោយ​រក្សាបទដ្ឋាន​សាកល​ប្រឆាំង​នឹង​ការ​ប្រើ​អាវុធបែប​នេះ ហើយយើងត្រូវប្រុង​ប្រៀប​ឱ្យ​របបគ្រប់គ្រង​របស់​លោក Assad និង​ជន​ទាំង​ឡាយណា​ដែលប្រើ​អាវុធសាហាវ​ទាំង​នេះ ទទួល​ខុសត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​អំពើ​បែបនេះ»៕