បទវិចារណកថា៖ សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​រង​ការធ្វើទុក្ខ​បុកម្នេញ​កាន់តែខ្លាំង

រូបឯកសារ៖ សេដ្ឋី​ប្រព័ន្ធ​ផ្សព្វផ្សាយ ​លោក Jimmy Lai Chee-ying ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Apple Daily បាន​ទៅ​បង្ហាញ​ខ្លួន​នៅ​ស្ថានីយ៍​ប៉ូលិស បន្ទាប់ពី​លោក​ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

គណបក្ស​កុម្មុយនីស្ត​ចិន ​បន្ត​បេសកកម្ម​របស់​ខ្លួន​ដើម្បី​បង្ក្រាប​សកម្មជន​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង។ សកម្មជន​ទាំង​នោះ​ បាន​តវ៉ា​យ៉ាង​អង់អាច​ក្លាហាន​ប្រឆាំង​នឹង​កិច្ច​ប្រឹងប្រែង​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​នៅ​ក្នុង​ការ​ប្រែក្លាយ​ទីក្រុង​ហុងកុង​ឲ្យ​ធ្លាក់​ចូល​ក្នុង​ការ​ដឹកនាំ​ផ្តាច់ការ​ដែល​រៀបចំ​ចាត់ចែង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

នៅ​ក្នុង​ការ​វាយ​ប្រហារ​ថ្មី​ចុងក្រោយ​បំផុត​មួយ​ដែលរៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​ចិន តុលាការ​បាន​កាត់ទោស​មេដឹកនាំ​វ័យ​ក្មេង ៣ នាក់​នៃ​ចលនា​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ហុងកុង​ឲ្យ​ជាប់​ពន្ធនាគារ។

លោក Joshua Wong អាយុ ២៤ ឆ្នាំ បាន​ក្លាយជា​អ្នក​តស៊ូ​មតិ​ជើង​ចាស់​រួច​ទៅ​ហើយ​សម្រាប់​សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ទីក្រុង​ហុងកុង។ លោក ​គឺជា​មេដឹកនាំ​និស្សិត​ម្នាក់​នៃ​ចលនា «បដិវត្តន៍​ឆ័ត្រ» ឆ្នាំ ២០១៤ និង​ជា​ស្ថាបនិក​មួយ​រូប​នៃ​គណបក្ស Demosisto ដែល​ត្រូវ​បាន​រំលាយ​ចោល​នៅ​ពេល​ឥឡូវ​នេះ។

កាលពី​ថ្ងៃ​ទី ២ ខែ​ធ្នូ លោក Wong ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៣ ខែ​កន្លះ ចំពោះ​ការ​ពាក់ព័ន្ធ​របស់​លោក​នៅ​ក្នុង​ការ​តវ៉ា​កាល​ពី​ឆ្នាំ ២០១៩ នៅ​ខាង​ក្រៅ​ទីស្នាក់ការ​កណ្ដាល​របស់​ប៉ូលិស។ សមាជិក​ល្បីល្បាញ ២ នាក់​ទៀត​របស់​គណបក្ស Demosisto នេះ គឺ​អ្នកនាង Agnes Chow និង​លោក Ivan Lam ក៏​ត្រូវ​បាន​តុលាការ​កាត់ទោស​ផងដែរ។ អ្នកនាង Chow ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១០ ខែ រី​ឯ​លោក Lam ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៧ ខែ។

មេដឹកនាំ​ទាំង ៣ នាក់ ស្ថិត​នៅ​ក្នុង​ចំណោម​បាតុករ​ប្រហែល ១០.០០០ នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ហុងកុង​ តាំង​ពី​ខែ​មិថុនា ឆ្នាំ២០១៩ មក។ ការ​ចាប់​ខ្លួន​ទាំង​នេះ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ចាប់ខ្លួន​លោក Jimmy Lai ដែលជា​សេដ្ឋី​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ជា​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ផង​នោះ បាន​កើត​មាន​ឡើង នៅពេល​ដែល​រដ្ឋាភិបាល​ចិន ​បន្ត​រារាំង​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង និង​ដក​ហូត​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ហុងកុង ដែល​ជា​ការ​រំលោភ​ជាក់ស្ដែង​លើ​ការ​ប្ដេជ្ញាចិត្ត​ជា​អន្តរជាតិ​របស់​រដ្ឋាភិបាល​ចិន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «សហរដ្ឋ​អាមេរិក​មាន​ការ​តក់ស្លុត​ចំពោះ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​របស់​រដ្ឋាភិបាល​ហុងកុង​លើ​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង។ ការ​ប្រើ​តុលាការ​ដើម្បី​បំបិទ​មាត់​ការ​តវ៉ា​ដោយ​សន្តិវិធី​ គឺជា​សញ្ញា​សម្គាល់​នៃ​របប​ផ្តាច់ការ និង​គូស​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា ការ​ភ័យ​ខ្លាច​ដ៏​ខ្លាំង​បំផុត​របស់​គណបក្ស​កុម្មុយនីស្ត​ចិន គឺ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សេរីភាព​នៃ​ការ​គិត​របស់​ប្រជាពលរដ្ឋ​របស់​ខ្លួន»។

លោក Pompeo បាន​បញ្ជាក់​ថា៖ «ជា​យូរ​មក​ហើយ ទីក្រុង​ហុងកុង​ទទួល​បាន​ប្រយោជន៍​ពី​ប្រព័ន្ធ​សេរី​និង​បើក​ចំហ ដែល​បាន​ទទួល​ស្គាល់​នូវ​ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី​របស់​ប្រជាពលរដ្ឋ​ដូចជា​លោក Joshua Wong អ្នកនាង Agnes Chow លោក Ivan Lam និង​លោក Jimmy Lai ជាដើម។ ពលរដ្ឋ​ហុងកុង​គួរតែ​មាន​សេរីភាព​នៅ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​ដែល​ត្រូវ​បាន​ធានា​ចំពោះ​ពួកគេ​នៅ​ក្រោម​ច្បាប់​មូលដ្ឋាន​របស់​ក្រុង​ហុងកុង សេចក្តី​ប្រកាស​រួម​រវាង​ចិន​និង​ចក្រភព​អង់គ្លេស សន្ធិសញ្ញា​ដែល​បាន​ចុះ​បញ្ជី​នៅ​អង្គការ​សហ​ប្រជាជាតិ និង​សេចក្តី​ប្រកាស​ជា​សាកល​ស្ដីពី​សិទ្ធិ​មនុស្ស»។

លោក Pompeo បាន​ប្រកាស​ទៀត​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​លើក​ស្ទួយ​សិទ្ធិ​និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​ហុងកុង និង​អ្នក​ដែល​រងគ្រោះ​នៅ​ក្រោម​ការ​គ្រប់គ្រង​បែប​ជិះជាន់​សង្កត់សង្កិន​របស់​គណបក្ស​កុម្មុយនីស្ត​ចិន។ យើង ឈរ​ជាមួយ​លោក Joshua Wong អ្នកនាង Agnes Chow លោក Ivan Lam លោក Jimmy Lai ប្រជាពលរដ្ឋ​ហុងកុង និង​ប្រជាពលរដ្ឋ​ចិន​ទាំងអស់»៕