បទវិចារណកថា៖ សហរដ្ឋ​អាមេរិក ឈរ​ជាមួយ​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា

រូបឯកសារ៖ ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា ធ្វើបាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​ នៅ​ទីក្រុង Bago នៃប្រទេស​​មីយ៉ាន់ម៉ា។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ គាំទ្រ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​មីយ៉ាន់ម៉ា ស្រប​ពេល​ដែល​ពួកគេ​នៅ​បន្ត​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ថ្ងៃ​ទី ១ ខែ​កុម្ភៈ ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ដែល​ជ្រើសរើស​តាម​បែប​ប្រជាធិបតេយ្យ។

លោក Price ថ្លែង​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​មីយ៉ាន់ម៉ា និង​គាំទ្រ​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី ដែល​ក្នុង​នោះ​មាន​ទាំង​សិទ្ធិ​នៅ​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ដែល​ជ្រើសរើស​តាម​បែប​ប្រជាធិបតេយ្យ ក៏​ដូចជា​សិទ្ធិ​បញ្ចេញ​មតិ ដែល​រួម​មាន​ទាំង​សេរីភាព​នៅ​ក្នុង​ការ​ស្វែងរក ទទួល និង​ចែក​រំលែក​ព័ត៌មាន​ទាំង​តាម​អនឡាញ និង​មិន​តាម​អនឡាញ​ផងដែរ»។

សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​ខ្លាំងក្លា​លើ​ការ​ធ្វើ​រដ្ឋប្រហារ​នេះ និង​បាន​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ស្ដារ​ឡើង​វិញ​នូវ​អំណាច​របស់​រដ្ឋាភិបាល​ដែល​ជ្រើសរើស​តាម​បែប​ប្រជាធិបតេយ្យ ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​អស់ និង​បញ្ឈប់​នូវ​ការ​វាយ​ប្រហារ​លើ​អ្នក​កាសែត សកម្មជន និង​សមាជិក​សង្គម​ស៊ីវិល​ផ្សេង​ទៀត។

សហរដ្ឋ​អាមេរិក ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​អត់ធ្មត់​ជា​អតិបរមា និង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ចំពោះ​របប​យោធា​មីយ៉ាន់ម៉ា​ថា អំពើ​ហិង្សា​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​ គឺ​មិន​អាច​ទទួល​យក​បាន​ និង​មិន​អាច​អត់ឱន​ឲ្យ​បាន​ជា​ដាច់ខាត។

សហរដ្ឋ​អាមេរិក​ បាន​ជំរុញ​ឲ្យ​មាន​ការ​រួម​សហការ​គ្នា​ដ៏​ទូលំទូលាយ​មួយ​របស់​ដៃគូ​និង​សម្ព័ន្ធមិត្ត​នានា ដើម្បី​ដាក់​សម្ពាធ​លើ​យោធា​មីយ៉ាន់ម៉ា​ឲ្យ​កែប្រែ​ទង្វើ​របស់​ខ្លួន​ឲ្យ​ដូច​ដើម​វិញ។

កាលពី​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ សហរដ្ឋ​អាមេរិក ​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​មីយ៉ាន់ម៉ា​ទាំង​បច្ចុប្បន្ន​និង​ពី​មុន​ចំនួន ១០ នាក់ ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​នេះ រួម​ទាំង​ក្រុមហ៊ុន​និស្សារណកម្ម៣ របស់​ប្រទេស​មីយ៉ាន់ម៉ា ដែល​គ្រប់គ្រង​ឬ​ក៏​ត្រួតត្រា​ដោយ​យោធា​ផងដែរ។

ជាង​នេះ​ទៀត សហរដ្ឋ​អាមេរិក​កំពុង​ពិនិត្យ​ឡើង​វិញ​នូវ​ជំនួយ​របស់​ខ្លួន​ដែល​ផ្ដល់​ប្រយោជន៍​ដល់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា។ ប៉ុន្តែ សហរដ្ឋ​អាមេរិក​ នៅតែ​បន្ត​ការ​គាំទ្រ​ខ្លាំងក្លា​របស់​ខ្លួន​ចំពោះ​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា ក៏​ដូចជា​ជំនួយ​មនុស្សធម៌ ការ​ថែទាំ​សុខភាព សង្គម​ស៊ីវិល និង​កម្មវិធី​ផ្សេងៗ​ទៀត ដែល​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា។

ដើម្បី​ជា​ការ​ឆ្លើយតប​ចំពោះ​រដ្ឋប្រហារ​នេះ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​បង្វែរ​ជា​បន្ទាន់​នូវ​ជំនួយ​ប្រហែល ៤២ លាន ៤ សែន​ដុល្លារ ចេញ​ពី​កិច្ចការ​ណា​ដែល​បាន​ផ្ដល់​ប្រយោជន៍​ដល់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា។

មូលនិធិ​ទាំង​នេះ​ នឹង​ត្រូវ​បង្វែរ​ទៅ​រក​សកម្មភាព​ណា​ដែល​គាំទ្រ​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា តាម​រយៈ​ការ​ជួយ​គាំទ្រ​ដល់​សមត្ថភាព​របស់​សង្គម​ស៊ីវិល​នៅ​ក្នុង​ការ​ការពារ​លទ្ធិ​ប្រជាធិបតេយ្យ ការ​ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​លើក​កម្ពស់​សន្តិភាព​និង​ការ​ផ្សះផ្សា​នៅ​ក្នុង​តំបន់​ណា​ដែល​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា។

សហរដ្ឋ​អាមេរិក​ ក៏​នឹង​នៅតែ​បន្ត​ផ្ដល់​ជំនួយ​សង្គ្រោះ​ជីវិត​ដល់​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា (Rohingya) និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ផ្សេង​ទៀត​ផងដែរ។ សហរដ្ឋ​អាមេរិក​ នឹង​មិន​ងាករេ​នៅ​ក្នុង​ការ​គាំទ្រ​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា ​និង​ក្ដី​ប្រាថ្នា​របស់​ពួកគេ​នៅ​ក្នុង​ការ​ទទួល​បាន​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព និង​វិបុលភាព។

លោក Price បញ្ជាក់​ដូច្នេះ​ថា៖ «ការ​រួម​សហការ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​និង​ដៃគូ​ដែល​មាន​ចិត្ត​ដូច​គ្នា​របស់​យើង​ដើម្បី​គាំទ្រ​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​ គឺជា​អាទិភាព​របស់​យើង ដោយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​មាន​ការ​ជឿ​ទុកចិត្ត ស្រប​ពេល​ដែល​ពួកគេ​នៅ​បន្ត​ទាមទារ​តាម​ក្ដី​ប្រាថ្នា​របស់​ខ្លួន​ឲ្យ​មាន​ការ​វិល​ត្រឡប់​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​វិញ និង​ធ្វើ​ការ​តវ៉ា​តាម​ដង​ផ្លូវ»៕