តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ លោក Aleksey Navalny សកម្មជនរុស្ស៊ីប្រឆាំងអំពើពុករលួយ និងជាអ្នករិះគន់ប្រធានាធិបតី Vladimir Putin បានឈឺធ្ងន់នៅពេលលោកធ្វើដំណើរតាមយន្តហោះក្នុងប្រទេសរុស្ស៊ី។ នៅពេលលោកបានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យមួយក្នុងប្រទេសអាល្លឺម៉ង់ ការធ្វើតេស្តសារធាតុពុលនៅក្នុងប្រទេសអាល្លឺម៉ង់ បារាំង និងប្រទេសស៊ុយអែត និងដោយអង្គការហាមប្រាមអាវុធគីមី បានបញ្ជាក់ថា លោក Navalny ត្រូវបានបំពុលដោយសារធាតុបំផ្លាញសរសៃប្រសាទ Novichok។ នៅពេលលោកបានជាសះស្បើយឡើងវិញ កាលពីខែមករាឆ្នាំ២០២១ លោកបានវិលត្រឡប់ទៅប្រទេសរុស្ស៊ីវិញ ដែលនៅទីនោះ លោកត្រូវបានចាប់ខ្លួនជាបន្ទាន់ ត្រូវកាត់ក្តីដោយឱ្យមានទោសជាប់ពន្ធនាគារ២ឆ្នាំ ៨ខែ ដោយថា លោកបានរំលោភលើលក្ខខណ្ណនៅក្រៅឃុំទាក់ទិននឹងការរកឃើញថា មានទោសមួយកាលពីឆ្នាំ២០១៤ ទាក់ទិននឹងរឿងនយោបាយ។
កាលពីថ្ងៃទី២ ខែមីនា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយដែលលោករដ្ឋមន្ត្រីការបរទេស Anthony Blinken «បានកំណត់ថារដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី បានប្រើអាវុធគីមីមួយប្រឆាំងនឹងជនជាតិរបស់ខ្លួនឯងផ្ទាល់ ដោយរំលោភលើអនុសញ្ញាខាងអាវុធគីមី»។ ជាការឆ្លើយតប សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ស្របតាមសហភាពអឺរ៉ុប។
លោករដ្ឋមន្ត្រីការបរទេស Anthony Blinken បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយជាលាយលក្ខណ៍អក្សរថា «សហរដ្ឋអាមេរិកចូលរូមជាមួយសហភាពអឺរ៉ុបក្នុងការថ្កោលទោស និងឆ្លើយតបដល់ការប្រើអាវុធគីមីដោយសហព័ន្ធរុស្ស៊ីក្នុងការប៉ុនប៉ងធ្វើឃាតលោក Aleksey Navalny ឥស្សរជនប្រឆាំង កាលពីខែសីហាឆ្នាំ២០២០ និងការដាក់លោកក្នុងពន្ធនាគារក្នុងខែមករា ឆ្នាំ២០២១។ យើងមានកង្វល់ដូចសហភាពអឺរ៉ុបដែរ ទាក់ទិននឹងអំណាចផ្តាច់ការធ្ងន់ធ្ងរក្នុងប្រទេសរុស្ស៊ី ហើយស្វាគមន៍ដល់ការប្តេជ្ញារបស់សហភាពអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ីតាមរយៈអំណាចសាកលខាងសិទ្ធិមនុស្សរបស់សហភាពនេះ»។
ក្រសួងការបរទេសសហរដ្ឋអាមេរិក ពង្រីកការដាក់ទណ្ឌកម្មមានស្រេចហើយដែលត្រូវបានដាក់ដំបូងលើប្រទេសរុស្ស៊ីនៅក្រោយការវាយប្រហារដោយសារធាតុ Novichok កាលពីឆ្នាំ២០១៨ លើលោក Sergei Skripal នៅក្នុងចក្រភពអង់គ្លេស។ ក្រសួងហិរញ្ញវត្ថុនិងក្រសួងការបរទេស បានដាក់ទណ្ឌកម្មលើពួកបុគ្គលនិងអង្គភាពរុស្ស៊ីមួយចំនួនដែលមានការទាក់ទិនជាមួយកម្មវិធីអាវុធគីមីនិងវិស័យការពារប្រទេស និងស៊ើបការណ៍សម្ងាត់របស់សហព័ន្ធរុស្ស៊ី។ ប្រទេសរុស្ស៊ី ក៏នឹងបញ្ចូលទៅក្នុងបញ្ជីនៃពួកប្រទេសដែលត្រូវហាមប្រាមមិនឱ្យនាំចេញសម្ភារៈខាងការពារប្រទេស និងសេវាខាងការពារប្រទេស។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រើអំណាចរបស់ខ្លួនក្នុងការបញ្ជូនសញ្ញាច្បាស់លាស់មួយថា ការប្រើអាវុធគីមី និងការរំលោភលើសិទ្ធិមនុស្សដោយប្រទេសរុស្ស៊ី មានផលវិបាកធ្ងន់ធ្ងរ។ ការប្រើអាវុធគីមី ជាការមិនអាចទទួលយកបានទេ ហើយជាការល្មើសនិងបទដ្ឋានអន្តរជាតិថែមទៀតផង»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ទៀតថា «សហរដ្ឋអាមេរិកតែងតែចាត់ទុកការវាយប្រហារខាងផ្លូវច្បាប់ប្រឆាំងនឹងលោក Navalny ថា ជាការជម្រុញឡើងដោយរឿងនយោបាយដែលជាការវាយតម្លៃដូចការវាយតម្លៃដោយក្រុមប្រទេស G7 និងដែលជាដៃគូរបស់យើងនិងតុលាការអឺរ៉ុបខាងសិទ្ធិមនុស្សដែរ។ យើងនិយាយជាថ្មីទៀតអំពីការអំពាវនាវរបស់យើងដល់រដ្ឋាភិបាលរុស្ស៊ីឱ្យដោះលែងលោក Navalny ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ»៕