តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រទេសជិត១២បានប្រកាសថា ពួកគេនឹងផ្អាកជំនួយដល់ទីភ្នាក់ងារជួយសង្គ្រោះនិងខាងការងាររបស់អ.ស.ប.ហៅថា UNRWA ក្រោយពីមានការចោទប្រកាន់ថា បុគ្គលិក១២នាក់របស់អង្គការនេះមានទាក់ទិននឹងការវាយប្រហារភេរវកម្មដ៏សែនអាក្រក់អាក្រីដោយពួកហាម៉ាស់លើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
សហរដ្ឋអាមេរិកជាអ្នកផ្តល់វិភាគទាននាំមុខគេឱ្យ UNRWA ហើយជាប្រទេសទីមួយដែលផ្អាកជំនួយដល់អង្គការនេះ។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក«មានការរំខានខ្លាំងដោយការចោទប្រកាន់ទាំងនេះ។ ក្រសួងការបរទេសបានផ្អាកបណ្តោះអាសន្នការផ្តល់ប្រាក់បន្ថែមដល់ UNRWA នៅពេលយើងពិនិត្យមើលជាថ្មីការចោទប្រកាន់ទាំងនេះនិងចំណាត់ការរបស់អ.ស.ប.ដើម្បីដោះស្រាយបញ្ហាទាំងនេះ»។
លោក John Kirby អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិនៅសេតវិមានខាងគមនាគមន៍យុទ្ធសាស្ត្របានកត់សម្គាល់ថា លោករដ្ឋមន្ត្រីការបរទេស Antony Blinken បាននិយាយជាក់លាក់នៅក្នុងការហៅទូរសព្ទទៅអគ្គលេខាធិការអ.ស.ប. លោក Antonio Guterres ថា សហរដ្ឋអាមេរិក«រំពឹងលើការស៊ើបអង្កេតពេញលេញ ហ្មត់ចត់និងមានតម្លាភាពមួយ»និងថា «ពួកជនដែលគួរទទួលខុសត្រូវដូចដែលអ.ស.ប.បាននិយាយ មានរួមទាំងលទ្ធភាពនៃការយកមកកាត់ទោសពីបទព្រហ្មទណ្ឌផងដែរ»។
ទីភ្នាក់ងារ UNRWA ត្រូវបានបង្កើតកាលពីឆ្នាំ១៩៤៨ សម្រាប់ជួយក្រុមជនភៀសខ្លួននៃសង្គ្រាមកាលពីឆ្នាំ១៩៤៨-១៩៤៩រវាងអារ៉ាប់និងអ៊ីស្រាអែល។ ទីភ្នាក់ងារនេះផ្តល់ជំនួយនិងសេវាដល់មនុស្សនៅក្នុងតំបន់ហ្កាហ្សា តំបន់ West Bank ប្រទេសលីបង់ ស៊ីរី និងប្រទេសហ្ស៊កដានី។ ទីភ្នាក់ងារ UNRWA ចាត់ចែងសាលារៀន គ្លីនីកសុខភាព ហេដ្ឋារចនាសម្ព័ន្ធនិងគម្រោងការជំនួយ។ គេរាយការណ៍ថា មនុស្ស ២លាននាក់នៅតំបន់ហ្កាហ្សាពឹងពាក់លើសេវារបស់ UNRWA សម្រាប់ជំនួយ។ ជាយូរយាមកហើយ អ៊ីស្រាអែលបានចោទប្រកាន់អង្គការនេះថា ឧបត្ថម្ភផ្ចុងផ្តើមការប្រឆាំងនឹងជនអំបូរជ្វីហ្វនៅក្នុងសាលារៀននិងថា អនុញ្ញាតឱ្យក្រុមហាម៉ាស់ផ្ទេរប្រាក់កាសនិងការផ្គត់ផ្គង់ផ្គង់ឱ្យ UNRWA សម្រាប់ចែកចាយដល់ក្រុមជនស៊ីវីលប៉ាឡេស្ទីន។
អ្នកនាំពាក្យលោក Miller បាននិយាយថា «UNRWA មានមុខនាទីសំខាន់មួយក្នុងការផ្តល់ជំនួយស្រោចស្រង់ជីវិតមនុស្សដល់ជនជាតិប៉ាឡេស្ទីន មានរួមស្បៀងអាហារចាំបាច់ ថ្នាំពេទ្យ ទីជម្រក និងការគាំទ្រចាំបាច់ខាងមនុស្សធម៌។ ការងាររបស់ពួកគេបានជួយស្រោចស្រង់ជីវិត ហើយជាការមានសារៈសំខាន់ដែលទីភ្នាក់ងារ UNRWA ត្រូវដោះស្រាយការចោទប្រកាន់ទាំងនេះហើយចាត់វិធានការកែតម្រូវយ៉ាងសមរម្យ រួមមានការពិនិត្យសើរើគោលនយោបាយនិងទម្រង់ការរបស់ផងខ្លួនផងដែរ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកំណត់ទិវាចងចាំហាយនភាព Holocaust អន្តរជាតិនៅថ្ងៃទី២៧មករា លោកប្រធានាធិបតី Joe Biden បានកត់សម្គាល់ថា «នៅថ្ងៃទី៧ តុលា ពួកភេរវជនហាម៉ាស់បានធ្វើអំពើបិសាចលើប្រជារាស្ត្រអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សស្លូតត្រង់គ្មានទោសពៃរ៍១ពាន់២រយនាក់និងចាប់ចំណាប់ខ្មាំងរាប់រយនាក់ទៀត-មានរួមទាំងក្រុមអ្នករស់រាន្តមានជីវិតពី Shoah ផងដែរ។ វាជាអំពើឃោរឃៅអាក្រក់អាក្រីបំផុតប្រឆាំងនឹងក្រុមជនអំបូរជ្វីហ្វក្នុងពេលតែមួយថ្ងៃតាំងពីហាយនភាព Holocaust មក»។
លោក Kirby អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយថា ការចោទ ប្រកាន់ថា បុគ្គលមួយចំនួនតូចនៃទីភ្នាក់ងារ UNRWA បានជួយក្នុងការប្រឹងប្រែងនោះជាការ«មិនលេងសើច»ទេ។ លោកបានប្រកាសថា ព្រោះហេតុនេះហើយបានជាការស៊ើបអង្កេតរបស់អ.ស.ប.អំពីការចោទប្រកាន់ទាំងនេះត្រូវតែ«គួរឱ្យជឿបាន មានតម្លាភាព ហ្មត់ចត់ ស្មោះត្រង់ និងទាន់ពេលវេលា»៕