បទវិចារណកថា៖ សហរដ្ឋអាមេរិក កំណត់​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​យោធា​មីយ៉ាន់ម៉ា និង​ក្រុម​គ្រួសារ​ពួកគេ​បន្ថែមទៀត

រូបឯកសារ៖ បាតុករ ធ្វើការ​តវ៉ា​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង Mandalay នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​សមាជិក​របប​យោធា​មីយ៉ាន់ម៉ា និង​សមាជិក​គ្រួសារ​របស់​មន្ត្រី​យោធា​ណា​ដែល​បាន​រង​ការ​ដាក់​ទណ្ឌកម្ម​កាលពី​លើក​មុន ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​កាលពី​ខែ​កុម្ភៈ និង​ការ​បង្ក្រាប​លើ​ចលនា​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ បាន​កំណត់​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល ២២ នាក់ ដែល​ពាក់ព័ន្ធ​នឹង​របប​យោធា​មីយ៉ាន់ម៉ា។ ក្នុង​ចំណោម​នោះ មាន​សមាជិក ៣ នាក់​បន្ថែម​ទៀត​នៃ​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ សមាជិក​គណៈរដ្ឋមន្ត្រី ៤ នាក់ ដែល​តែងតាំង​ដោយ​យោធា និង​បុគ្គល ១៥ នាក់​ទៀត ដែល​ជា​កូន​ពេញ​វ័យ ឬ​ក៏​ជា​ប្ដី​ ឬ​ប្រពន្ធ​របស់​មន្ត្រី​យោធា​មីយ៉ាន់ម៉ា​ណា​ដែល​បាន​រង​ការ​ដាក់​ទណ្ឌកម្ម​កាលពី​មុន។

បន្ថែម​ពី​លើ​នេះ​ទៀត ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​ចាត់​បញ្ចូល​បន្ថែម​នូវ​ក្រុមហ៊ុន Wanbao Mining, Ltd. សាខា​ពីរ​របស់​ក្រុមហ៊ុន​នេះ និង​ក្រុមហ៊ុន King Royal Technologies Co., Ltd. ទៅ​ក្នុង​បញ្ជី​របស់​ខ្លួន​អំពី​អង្គភាព​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម។

អង្គភាព​ទាំង​នេះ​ផ្ដល់​ចំណូល ឬ​ក៏​ការ​គាំទ្រ​ផ្សេង​ទៀត ឬ​ក៏​អាច​ទាំង​ពីរ​នេះ ចំពោះ​យោធា​មីយ៉ាន់ម៉ា។ ជាង​នេះ​ទៀត ក្រុមហ៊ុន Wanbao Mining និង​សាខា​របស់​ខ្លួន​បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​រំលោភ​សិទ្ធិ​ការងារ​និង​សិទ្ធិ​មនុស្ស​ជា​យូរ​មក​ហើយ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​រំលោភ​បំពាន​សិទ្ធិ​ទាំង​នេះ​នៅ​កន្លែង​ជីក​រ៉ែ​ស្ពាន់ Letpadaung ផងដែរ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា វិធានការ​ទាំង​នេះ «បង្ហាញ​ឲ្យ​ឃើញ​បន្ថែម​ថា យើង​នឹង​បន្ត​ចាត់​វិធានការ​បន្ថែម​ប្រឆាំង​នឹង​យោធា​និង​មេដឹកនាំ​យោធា [មីយ៉ាន់ម៉ា] និង​ធ្វើ​ឲ្យ​ពួកគេ​មាន​ផល​វិបាក រហូត​ទាល់តែ​ពួកគេ​កែប្រែ​ស្ថានការណ៍​ឲ្យ​ដូច​ដើម​វិញ និង​ធ្វើ​ឲ្យ​មាន​ការ​វិល​ត្រឡប់​មក​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ»។

សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​សម្រាប់​ទង្វើ​របស់​យោធា​មីយ៉ាន់ម៉ា របស់​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​និង​របស់​បុគ្គល​ ​និង​អង្គភាព​ទាំង​ឡាយ​ណា​ដែល​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា។

សហរដ្ឋ​អាមេរិក​ នឹង​បន្ត​ជំរុញ​យោធា​មីយ៉ាន់ម៉ា​ឲ្យ​គោរព​តាម ​និង​អនុវត្ត​ការ​ឯកភាព ៥ ចំណុច​របស់​សមាគម​អាស៊ាន ដោះលែង​អ្នក​ដែល​ជាប់​ឃុំ​ដោយ​អយុត្តិធម៌​ទាំងអស់ និង​ស្ដារ​ជា​បន្ទាន់​នូវ​វិថី​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​មីយ៉ាន់ម៉ា។

អ្នកស្រី Andrea Gacki ប្រធាន​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា៖ «ទង្វើ​របស់​យោធា​នៅ​ក្នុង​ការ​បង្ក្រាប​លើ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​ប្រើ​អំពើ​ហិង្សា​ដ៏​ឃោរឃៅ​លើ​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ»។

អ្នកស្រី​បាន​បន្ថែម​ថា ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ចុងក្រោយ​នេះ​បាន​បង្ហាញ​ថា «សហរដ្ឋ​អាមេរិក​នឹង​បន្ត​ធ្វើ​ឲ្យ​មាន​ផល​វិបាក​បន្ថែម​ទៀត​ដល់​យោធា​មីយ៉ាន់ម៉ា និង​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​សម្រាប់​អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​រដ្ឋប្រហារ​យោធា​និង​អំពើ​ហិង្សា​ជា​បន្ត ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ដាក់​ទិសដៅ​លើ​ប្រភព​ចំណូល​របស់​យោធា​និង​របស់​មេដឹកនាំ​យោធា​ផងដែរ»៕