តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក ប្តេជ្ញាគាំទ្រអភិបាលកិច្ចប្រជាធិបតេយ្យ និងនីតិរដ្ឋនៅតំបន់កណ្តាលនៃទ្វីបអាមេរិក។ ដើម្បីជំរុញអាទិភាពនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបន្ថែមឈ្មោះបុគ្គល ៧នាក់ក្នុងបញ្ជីតួអង្គមិនគោរពលទ្ធិប្រជាធិបតេយ្យ ហើយនឹងពុករលួយ តាមរយៈមាត្រាលេខ៣៥៣នៃច្បាប់ពង្រឹងការទាក់ទងរវាងសហរដ្ឋអាមេរិកនិងបណ្តារដ្ឋនៃតំបន់ត្រីកោណខាងជើង។ ជាទូទៅ ចំណាត់ការណ៍នេះ នឹងធ្វើឱ្យបុគ្គលទាំងនេះគ្មានសិទ្ធិទទួលទិដ្ឋាការ និងចូលក្នុងសហរដ្ឋអាមេរិកទេ។
ការចុចឈ្មោះជនទាំងនេះ ត្រូវបានធ្វើឡើងឆ្លើយតបនឹងសកម្មភាព កាលពីពេលថ្មីៗនេះដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរារាំងការស៊ើបអង្កេតអំពើពុករលួយក្នុងប្រទេសអែលសាល់វ៉ាឌ័រ និងក្វាតេម៉ាឡា។
នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រឈ្មោះ Elsy Dueñas De Aviles, Oscar Alberto López Jerez, Hector Nahun Martinez Garcia, Jose Angel Perez Chacon, and Luis Javier Suárez Magaña ដែលជាចៅក្រមបច្ចុប្បន្ននៃសាខាខាងរដ្ឋធម្មនុញ្ញនៃតុលាការកំពូល បានបំផ្លាញដំណើរការប្រជាធិបតេយ្យ ឬស្ថាប័នដោយយល់ព្រមទទួលការតែងតាំងដោយផ្ទាល់ក្នុងសាខានេះ ដោយសភានីតិបញ្ញត្តិ។ ដំណើរការនេះហាក់ដូចជារំលោភលើរដ្ឋធម្មនុញ្ញនៃប្រទេសអែលសាល់វ៉ាឌ័រ។
ចៅក្រមប្រាំនាក់មុន ត្រូវបានដកចេញពីតំណែងដោយគ្មានមូលហេតុត្រឹមត្រូវតាមច្បាប់ ក្រោយពីការចូលកាន់តំណែងកាលពីថ្ងៃទី១ ខែឧសភា នៃសភានីតិបញ្ញត្តិ។ ក្រោយពីត្រូវតែងតាំងហើយ ពួកចៅក្រមថ្មីៗទាំងនេះ បានប្រកាសថា ការតែងតាំងពួកគេដោយសភានីតិបញ្ញត្តិ ជាការត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ។ បន្ទាប់មក ចៅក្រមទាំងនេះ បានយល់ព្រមដល់ការបកស្រាយចម្រូងចម្រាសមួយនៃរដ្ឋធម្មនុញ្ញអនុញ្ញាតឱ្យមានការជាប់ឆ្នោតជាថ្មីរបស់ប្រធានាធិបតី ទោះជាមានការហាមប្រាមក្នុងរដ្ឋធម្មនុញ្ញមិនឱ្យប្រធានាធិបតីបន្តអាណត្តិក៏ដោយ។
នៅក្នុងប្រទេសក្វាតេម៉ាឡា អ្នកស្រី Maria Consuelo Porras រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បច្ចុប្បន្ន បានរារាំងការស៊ើបអង្កេតអំពីសកម្មភាពពុករលួយដោយបានជ្រៀតជ្រែកក្នុងការស៊ើបអង្កេតពីបទព្រហ្មទណ្ឌដើម្បីការពារពួកសម្ព័ន្ធមិត្តនយោបាយ និងដើម្បីទទួលការអនុគ្រោះខាងនយោបាយផ្ទាល់ខ្លួន។ ទម្រង់នៃការរារាំងរបស់ អ្នកស្រី Porras មានរួមបញ្ចូលការបញ្ជាដល់ពួករដ្ឋអាជ្ញាក្នុងក្រសួងសាធារណៈការនៃប្រទេសក្វាតេម៉ាឡា មិនឱ្យអើពើដល់ករណីផ្អែកលើការពិចារណាខាងនយោបាយ និងបំផ្លាញយ៉ាងសកម្មដល់ការស៊ើបអង្កេតអំពើពុករលួយធ្វើឡើងដោយរដ្ឋអាជ្ញាពិសេសប្រឆាំងនិទណ្ឌភាព ដោយមានរួមបញ្ចូលការដកចេញពីតំណែងដោយមិនត្រឹមត្រូវតាមច្បាប់នូវរដ្ឋអាជ្ញានាំមុខនៃស្ថាប័ននេះ គឺលោក Juan Francisco Sandoval។
មិនត្រឹមតែប៉ុណ្ណោះសោត លោក Angel Pineda អគ្គលេខាធិការនៃក្រសួងសាធារណៈការនៃប្រទេសក្វាតេម៉ាឡា បានរារាំងការស៊ើបអង្កេតអំពើពុករលួយ។
សហរដ្ឋអាមេរិក នឹងបន្តឧបត្ថម្ភផ្ចុងផ្តើមការទទួកខុសត្រូវខ្ពស់ចំពោះការវាយប្រហារលើស្ថាប័ននិងដំណើរការប្រជាធិបតេយ្យ ការរារាំងកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយ និងសកម្មភាពពុករលួយក្នុងតំបន់កណ្តាលនៃទ្វីបអាមេរិក។ សហរដ្ឋអាមេរិកក៏នឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងជំរុញភាពសំបូររុងរឿងនិងសន្តិសុខរបស់ប្រជារាស្ត្រក្នុងតំបន់នោះក្នុងភាពដៃគូជាមួយសង្គមស៊ីវិលអាមេរិកកណ្តាល ជាមួយវិស័យឯកជន និងជាមួយរដ្ឋាភិបាលដោយមានរួមបញ្ចូលការជំរុញឱ្យមានការលូតលាស់សេដ្ឋកិច្ចដែលមានការរួមបញ្ចូលភាគីទាំងអស់ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងប្រទេសផងដែរ។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken បានមានប្រសាសន៍ថា«យើងនឹងបន្តភាពជាដៃគូជាមួយមន្ត្រីរដ្ឋាភិបាលដែលបង្ហាញការយកចិត្តទុកដាក់ខ្លាំងដល់ការប្រយុទ្ធនឹងអំពើពុករលួយ និងពង្រឹងអភិបាលកិច្ចប្រជាធិបតេយ្យ ដោយមានរួមបញ្ចូលជាផ្នែកមួយនៃគោលនយោបាយសរុបមួយនៃការដោះស្រាយបុព្វហេតុជាឫសគល់នៃការធ្វើចំណាកស្រុកដែលមានលក្ខណៈមិនប្រក្រតី»៕