តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅពេលបំពេញទស្សនកិច្ចកាលពីពេលថ្មីៗនេះនៅទីក្រុងព្រុចសែល រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់ជាថ្មីអំពី«ការគាំទ្រឆ្លងកាត់មហាសមុទ្រអាត្លង់ទិកដល់អនាគតប្រជាធិបតេយ្យនិងមានភាពសំបូររុងរឿងសម្រាប់ប្រជារាស្ត្រអាមេនី-និងដល់តំបន់ Caucasus ខាងត្បូងដែលមានការរួមបញ្ចូលជាងមុននិងមានសន្តិភាពជាងមុន»។
លោក Blinken បាននិយាយថា៖ «យើងមានចក្ខុវិស័យដូចចក្ខុវិស័យរបស់ប្រជារាស្ត្រអាមេនីដែរសម្រាប់អនាគត។ យើងចង់ឱ្យប្រទេសអាមេនីជាប្រទេសខ្លាំងនិងឯករាជ្យ មានសន្តិភាពជាមួយប្រទេសជិតខាងខ្លួន ភ្ជាប់ទាក់ទងនឹងតំបន់និងពិភពលោក។ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបចង់ជាដៃគូក្នុងការប្រឹងប្រែងនេះ»។
លោករដ្ឋមន្ត្រី Blinken បានថ្លែងថា សហរដ្ឋអាមេរិកធ្វើវិនិយោគក្នុងកម្មវិធីកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ចនៃរដ្ឋាភិបាលអាមេនី។
លោកបាននិយាយថា៖ «យើងគ្រោងផ្តល់ជំនួយជាង៦៥លានដុល្លារពីថវិកាយើងក្នុងឆ្នាំសារពើពន្ធ២០២៣។ ទឹកប្រាក់នេះមានជាង៥០ភាគរយលើសជំនួយកាលពីពីរឆ្នាំមុន។ យើងសន្យាគាំទ្រថែមទៀតដល់ភាពធន់ខាងប្រជាធិបតេយ្យនិងខាងសេដ្ឋកិច្ចរបស់ប្រទេសអាមេនី ជាមួយការបណ្តាក់ទុនដល់សន្តិសុខស្បៀង ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល ភាពចម្រុះនៃថាមពល ភាពចម្រុះនៃដៃគូពាណិជ្ជកម្មនិងអាទិភាពឯទៀតៗដែលនាយករដ្ឋមន្ត្រីបានកំណត់»។
សហរដ្ឋអាមេរិកក៏បានប្តេជ្ញាដែរដល់អនាគតថាមពលនៃប្រទេសអាមេនីដែលមានសុវត្ថិភាព ពឹងពាក់បាននិងមានសន្តិសុខ ហើយកំពុងធ្វើការដើម្បីគាំទ្រភាពចម្រុះនៃថាមពលនិងពិនិត្យមើលអំពីជម្រើសនៃថាមពលនុយក្លេអ៊ែរថ្មីផងដែរ។
សហរដ្ឋអាមេរិកនៅតែដឹងឮអំពីសេចក្តីត្រូវការការគាំទ្រដល់ក្រុមជនអំបូរអាមេនី១សែននាក់ដែលខ្ចាត់ព្រាត់ពីតំបន់ Nagorno-Karabakh កាលពីខែកញ្ញា ក្រោយពីប្រទេសអាស៊ែបៃហ្សង់ ធ្វើការវាយលុកយោធាប្រឆាំងនឹងតំបន់ទាមទារបំបែករដ្ឋនេះ។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា៖ «ការណ៍នេះសំខាន់សម្រាប់ស្ថិរភាពនិងវិបុលភាពរយៈពេលយូរនៃប្រទេសអាមេនីនិងសន្តិសុខតំបន់ផងដែរ។ ហើយយើងគាំទ្រការប្រឹងប្រែងរួមបញ្ចូលប្រជារាស្ត្រក្នុងសេដ្ឋកិច្ច ក្នុងសង្គម រួមមានតាមរយៈការមានផ្ទះសំបែង ការងារ និងការសិក្សាអប់រំ»។
លោករដ្ឋមន្ត្រី Blinken បានថ្លែងថា សមាហរណកម្មតំបន់ជាគន្លឹះមួយសម្រាប់ឱ្យមានសន្តិសុខនិងភាពសំបូររុងរឿង។ សហរដ្ឋអាមេរិកគាំទ្រសំណើសន្តិភាពរបស់ប្រទេសអាមេនីមានគោលដៅឱ្យមានតំបន់ Caucasus ខាងត្បូងមានសមាហរណកម្មជាងមុនតាមរយៈផ្លូវដឹកជញ្ជូនថ្មីៗ កិច្ចសហប្រតិបត្តិការខាងថាមពលនិង ទូរគមនាគមន៍។ ការណ៍នេះនឹងផ្ចុងផ្តើមសេដ្ឋកិច្ចចម្រុះ ការពង្រីកឱកាស ហើយវានឹងពង្រឹងស្ថិរភាព និងការប្រឹងប្រែងផ្សះផ្សាគ្នាផងដែរ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «មានអនាគតខ្លាំងមួយជាមួយតំបន់មួយដែលរួមបញ្ចូលគ្នាជាងមុន ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជារាស្ត្រក្នុងប្រទេសមានការទាក់ទងគ្នាទាំងអស់»។ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបចង់ជួយប្រទេសអាមេនីកសាងការណ៍នេះ៕