តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកនៅតែជឿតទៅទៀតថា ទោះជាប្រទេសជាតិមានអំណាចខ្លាំងជាងគេនៅលើផែនដីក៏ដោយក៏ការពង្រឹងបទបញ្ញត្តិសាកលដូចគ្នា ការទទួលយកការដាក់កំហិតខ្លះនិងការគាំទ្រជោគជ័យរបស់ប្រទេសឯទៀតបានធ្វើឱ្យពលរដ្ឋអាមេរិកាំងមានភាពសំបូររុងរឿង សន្តិភាព និងសន្តិសុខជាងមុន។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រកាសនៅក្នុងសុន្ទរកថាមួយនៅឯសាកលវិទ្យាល័យ Johns Hopkins ថា ការប្តេជ្ញារបស់ប្រទេសអាមេរិកដើម្បី«រក្សានិងពង្រឹងបទបញ្ញត្តិនេះមិនដែលធំបែបនេះទេ»។
លោករដ្ឋមន្ត្រី Blinken បានកត់សម្គាល់ថា តែពួកអ្នកប្រជែងនឹងយើងមានរួមប្រទេសរុស្ស៊ីនិងសាធារណរដ្ឋប្រជាមានិតចិនមានទស្សនៈវិស័យខុសពីយើង។
លោក Blinken បាននិយាយថា៖ «ពួកគេយល់ឃើញថា ពិភពលោកមានការចាំបាច់មួយគឺការថែរក្សារបបគ្រប់គ្រងឱ្យនៅគង់វង្សនិងការធ្វើឱ្យមានធនធានច្រើន។ ពួកប្រទេសទាំងនេះមានការយល់ឃើញអំពីពិភពលោកមួយដែលពួកជនផ្តាច់ការគ្រប់គ្រង បង្ខិតបង្ខំ និងកម្ទេចប្រជារាស្ត្រខ្លួន ប្រទេសជិតខាងខ្លួន និងជនទាំងឡាយណាដែលរារាំងពួកគេមិនឱ្យសម្រេចគោលដៅនេះ»។
លោករដ្ឋមន្ត្រី Blinken បានថ្លែងថា វិធីល្អបំផុតដើម្បីទប់ទល់នឹងទស្សនៈវិស័យនេះគឺ«ការធ្វើឱ្យធនធានយុទ្ធសាស្ត្រធំបំផុតរបស់យើងមានថាមពលឡើងវិញ គឺសម្ព័ន្ធភាពនិងភាពដៃគូរបស់ប្រទេសអាមេរិក»។
លោក Blinken បានពោលថា៖ «យើងធ្វើការមានគោលដៅនិងភាពបន្ទាន់ដើម្បីពង្រឹង ពង្រីក និងសម្របសម្រួលមិត្តភ័ក្តិយើងតាមវិធីថ្មីៗសម្រាប់ឱ្យយើងបានសម្រេចការធ្វើតេស្តបីក្នុងសម័យនេះ គឺការប្រកួតប្រជែងខាងយុទ្ធសាស្ត្រយ៉ាងខ្លាំងនិងឋិតថេរ ឧបសគ្គសាកលដែលដាក់ឱ្យមានការគំរាមកំហែងដល់ជីវិតនិងជីវភាពនៅគ្រប់ទីកន្លែងនិងសេចក្តីត្រូវការជាបន្ទាន់ដើម្បីធ្វើឱ្យអនាគតខាងបច្ចេកវិទ្យារបស់យើងនិងអនាគតសេដ្ឋកិច្ចយើងមានតុល្យភាពជាថ្មី ដើម្បីឱ្យការពឹងពាក់គ្នាទៅវិញទៅមករបស់យើងជាប្រភពមួយនៃកម្លាំង មិនមែនភាពងាយរងគ្រោះទេ»។
ស្តីពីការធ្វើឱ្យសម្ព័ន្ធភាពយុទ្ធសាស្ត្រមានថាមពលឡើងវិញ សហរដ្ឋអាមេរិកបានធ្វើការដើម្បីបង្កើនសមត្ថភាពនិងភាពទាក់ទងរបស់អង្គការអូតង់និងការប្តេជ្ញារបស់អាមេរិកផ្ទាល់ដល់អង្គការនេះ។ លោករដ្ឋមន្ត្រី Blinken បានប្រកាសថា «នៅពេលសព្វថ្ងៃនេះ សម្ព័ន្ធភាពនេះធំជាងមុន ខ្លាំងជាងមុននិងរួបរួមគ្នាជាងពេលណាៗទាំងអស់។ ប្រទេសហ្វាំងឡង់បានចូលរួមក្នុងអូតង់ហើយ ហើយក្នុងពេលឆាប់ៗនេះ ប្រទេសស៊ុយអែតនឹងចូលរួមដែរពីព្រោះទ្វារអង្គការអូតង់នៅតែបើកចំហ»។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា យុទ្ធសាស្ត្រទីពីររបស់ប្រទេសអាមេរិកគឺរួមបញ្ចូលគ្នានូវ«សម្ព័ន្ធភាពនិងភាពដៃគូរបស់យើងនិងពង្រឹងទៅវិញទៅមកវិធីដោះស្រាយបញ្ហានៅទូទាំងទ្វីប»។ ប្រទេសអ៊ុយក្រែនជាករណីជាក់ស្តែង។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា៖ «ប្រទេសជាង៥០បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីគាំទ្រការការពាររបស់អ៊ុយក្រែននិងកសាងកងយោធាអ៊ុយក្រែនឱ្យខ្លាំងគ្រប់គ្រាន់សម្រាប់ធ្វើឱ្យមានការញញើតនិងវាយរុញច្រានការវាយប្រហារក្នុងពេលអនាគត។ យើងបានប្រមែប្រមូលប្រទេសជាច្រើនក្នុងការដាក់ទណ្ឌកម្ម ការគ្រប់គ្រងការដឹកជញ្ជូនទំនិញចេញក្រៅប្រទេស និងការបង់ខាតខាងសេដ្ឋកិច្ចឯទៀតៗលើប្រទេសរុស្ស៊ី»។
ហើយជាទីបញ្ចប់ សហរដ្ឋអាមេរិកកំពុងកសាងក្រុមចម្រុះថ្មីមួយដើម្បីដោះស្រាយបញ្ហាផ្សេងៗដូចជាហេដ្ឋារចនាសម្ព័ន្ធសាកល អសន្តិសុខស្បៀងអាហារ និងបញ្ញាសិប្បនិមិត្តជាដើម។
ដោយធ្វើការតាមរយៈសម្ព័ន្ធភាពយុទ្ធសាស្ត្រ សហរដ្ឋអាមេរិកប្តេជ្ញាបង្កើតគ្រឹះសម្រាប់សម័យមួយមានសេរីភាព បើកចំហ និងសំបូររុងរឿងជាងមុនសម្រាប់ពលរដ្ឋអាមេរិកាំងនិងសម្រាប់ប្រជារាស្ត្រនៅទូទាំងពិភពលោកផងដែរ៕