Accessibility links

Breaking News

បទវិចារណកថា៖ លោក Biden ផ្តោត​លើ​ការកសាង​សម្ព័ន្ធភាព


លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា​នៅឯ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អង្គការ​អូតង់​នៅ​ទីក្រុងវីលនីញូស ប្រទេស​លីទុយអានី។
លោក​ប្រធានាធិបតី Joe Biden ថ្លែង​សុន្ទរកថា​នៅឯ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អង្គការ​អូតង់​នៅ​ទីក្រុងវីលនីញូស ប្រទេស​លីទុយអានី។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​សម្ព័ន្ធ​អូតង់​ក្នុង​ប្រទេស​លីទុយអានី​កាល​ពី​ពេល​ថ្មីៗ​នេះ ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ទទូច​ឲ្យ​ប្រទេស​សមាជិក​សម្ព័ន្ធ​នេះ «មាន​ស្មារតី​ដូចគ្នា​អំពី​សាមគ្គីភាព បុព្វហេតុ​រួម និង​ការ​ប្តេជ្ញា​ចិត្ត​ដែល​យើង​បាន​បង្ហាញ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន និង​នាំ​ដៃគូ​ច្រើន​ថែម​ទៀត​ចូល​ក្នុង​សម្ព័ន្ធ​នេះ ពេល​យើង​បន្ត​ធ្វើ​ការ​ដើម្បី​កសាង​ពិភពលោក​មួយ​ដែល​យើង​ចង់​បាន»។

លោក Biden បាន​ថ្លែង​ថា «យើង​មាន​ជម្រើស។ ជម្រើស​រវាង​ពិភពលោក​មួយ​ដែល​កំណត់​ដោយ​ការ​សម្លុត​ និង​ការ​កេង​ប្រវ័ញ្ចដោយ​អំណាច ឬ​ពិភពលោកមួយ​ដែល​យើង​ទទួល​ស្គាល់​ថា​ ជោគជ័យ​របស់​យើង​ចង​ភ្ជាប់​នឹង​ជោគជ័យ​របស់​ប្រទេស​ដទៃ»។

លោក Biden និយាយ​ថា ​លោក​ផ្តោត​លើ​ការ​ធ្វើ​ឲ្យ​រស់ឡើង​វិញ​នូវ​សម្ព័ន្ធភាព​របស់​អាមេរិក​នៅ​ជុំវិញ​ពិភពលោក។ លោក​ថ្លែង​ថា «ប៉ុន្មាន​ឆ្នាំ​មក​នេះ យើង​បាន​ពង្រីក​ភាព​ជា​ដៃគូ​ឆ្លង​មហា​សមុទ្រ​អាត្លង់ទិក ដោយ​បញ្ជាក់​ឡើង​វិញ​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ជា​យុថ្កា​នៃ​ស្ថិរភាព​សាកលលោក។ គំនិត​ដែល​ថា ​សហរដ្ឋ​អាមេរិក អាច​រីកចម្រើន​បាន​ដោយ​គ្មាន​អឺរ៉ុប​ដែល​មាន​សន្តិសុខ មិន​សម​ហេតុផល​ទេ»។

សហរដ្ឋ​អាមេរិក ក៏​ពង្រឹង​កាន់​តែ​ស៊ីជម្រៅ​នូវ​សម្ព័ន្ធភាព​របស់​ខ្លួន​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ ជាមួយ​ប្រទេស​ជប៉ុន សាធារណរដ្ឋ​កូរ៉េ អូស្ត្រាលី និង​ហ្វីលីពីន​ផងដែរ។

លោក​ប្រធានាធិបតី Biden បាន​ប្រកាស​ថា ​តាម​រយៈ​ភាព​ជា​ដៃគូ​ចតុភាគី (Quad) ដែល​រួម​មាន​អូស្ត្រាលី ឥណ្ឌា ជប៉ុន​ និង​សហរដ្ឋ​អាមេរិក «យើង​ប្រមូល​ផ្តុំ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ក្នុង​តំបន់​មក​សហការ​គ្នា ដើម្បី​ធ្វើ​ឲ្យ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក សេរី​ និង​បើក​ចំហ រីកចម្រើន និង​មាន​សន្តិសុខ»។

លោក Biden បាន​ជំរុញ​ការ​កសាង​សម្ព័ន្ធ​ភាព​ទូលំទូលាយ «ដើម្បី​ពង្រឹង​និង​ការពារ​ប្រព័ន្ធ​អន្តរជាតិដែល​ចាក់​ឬស​ក្នុង​នីតិរដ្ឋ»។ លោក Biden ថ្លែង​ថា៖ «យើង​ត្រូវ​តែ​រួបរួម​គ្នា​ដើម្បី​ការពារ​សិទ្ធិ​និង​សេរីភាព​ដែល​ទ្រទ្រង់​លំហូរ​នៃ​គំនិត​និង​ពាណិជ្ជកម្ម ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​មាន​កំណើន​ទូទាំង​សាកល​លោក​រាប់​ទសវត្សរ៍​មក​ហើយ។ ពិតណាស់ មិន​ត្រឹម​តែ​អធិបតេយ្យ​ភាព​និង​បូរណភាព​ដែនដី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គោលការណ៍​ដូចជា​សេរីភាព​នាវាចរណ៍​និង​លំហ​អាកាស ដោយ​រក្សា​ផ្ទៃ​សមុទ្រ​និង​ផ្ទៃ​មេឃ​រួមរបស់​យើង ឲ្យ​នៅ​ចំហ ដើម្បី​ឲ្យ​ប្រទេស​នានា​មាន​សិទ្ធិស្មើ​គ្នា​ក្នុង​ការប្រើប្រាស់​លំហ​រួម​ជា​សកល​របស់​យើង»។

លោក Biden និយាយ​ថា «យើង​កំពុង​ឆ្លុះ​បញ្ចាំង​មើល​ពីជម្រើស​ដែល​យើង​ជ្រើស​យក ដែល​នឹង​កែប្រែ​ទិស​ដៅ​នៃ​ពិភព​លោក​របស់​យើង​ក្នុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​ខាង​មុខនេះ»។

លោក Biden បាន​ប្រកាស​ទៀត​ថា ​«ខ្ញុំ​ជឿ​ថា​ ដោយសារប្រទេស​នានា​រួម​គ្នា​ដើម្បី​បុព្វហេតុ​រួម យើង​អាច​ធានា​ទស្សនវិស័យ​ដែល​យើង​មាន​រួម​គ្នា​និង​សេរីភាព​ដែល​យើង​លើក​តម្កើង មិន​មែន​គ្រាន់​តែ​និយាយ​ឲ្យ​រួច​ពី​មាត់​ក្នុង​គ្រា​ដ៏​លំបាក​ទេ តែ​វា​ជា​ផែន​ទី​បង្ហាញ​ផ្លូវ​ឆ្ពោះ​ទៅ​រក​អនាគត​មួយ​ដែល​យើង​អាចទៅ​ដល់​ បើ​យើង​រួបរួម​គ្នា»៕

XS
SM
MD
LG