តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសស.រ.អ.លោក Antony Blinken បានជួបនៅក្នុងក្រុងព្រុចសែលជាមួយមេដឹកនាំអឺរ៉ុបមួយចំនួន ហើយជំនួបនោះគូសបញ្ជាក់ពីសារៈសំខាន់ និងភាពស្វាហាប់នៃសម្ព័ន្ធភាពឆ្លងមហាសមុទ្រអាត្លង់ទិក។
នៅក្រោយជំនួបមួយជាមួយអ្នកតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកខាងការបរទេសនិងគោលនយោបាយសន្តិសុខលោក Josep Borrell លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា ការពិភាក្សារបស់អស់លោកមានរួមឧបសគ្គសាកលដែលកិច្ចសហប្រតិបត្តិការរវាងស.រ.អ.និងអឺរ៉ុបអាចធ្វើឱ្យមានភាពប្លែកមួយ ពីប្រទេសអេត្យូពីដល់សាធារណរដ្ឋអាហ្វ្រិកកណ្តាលរហូតដល់តំបន់មជ្ឈិមបូព៌ា។
ការផ្តោតសំខាន់មួយនៃការសន្ទនាគ្នារបស់អស់លោកទាំងពីរ គឺលើសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងប្រទេសអ៊ុយក្រែន។
លោករដ្ឋមន្ត្រី Blinken បាននិយាយថា «ស.រ.អ.និងសហភាពអឺរ៉ុបបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ជាមួយក្រុមចម្រុះទូលំទូលាយមួយនៃក្រុមដៃគូ...ដើម្បីធ្វើឱ្យប្រាកដប្រជាថា អ៊ុយក្រែនអាចការពារខ្លួនឯង ប្រជារាស្ត្ររបស់ខ្លួន ដែនដីរបស់ខ្លួន និងសិទ្ធិជ្រើសរើសមាគ៌ារបស់ខ្លួនផ្ទាល់»។
លោកចង្អុលបង្ហាញថា រហូតដល់ពេលនេះដៃគូអឺរ៉ុបបានចំណាយប្រមាណ ១៣ ពាន់លានដុល្លារខាងយោធា បន្ថែមលើជំនួយសេដ្ឋកិច្ចនិងមនុស្សធម៌រាប់ពាន់លានដុល្លារទៀតដល់ប្រទេសអ៊ុយក្រែន។ កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុបបានប្រកាសថា ពួកគេនឹងផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់រំសេវបន្ថែមមានតម្លៃ ២ ពាន់លានអឺរ៉ូតាមរយៈអង្គការសន្តិភាពអឺរ៉ុបរបស់ពួកគេ។ ស.រ..អ.ក៏បានប្រកាសដែរអំពីកញ្ចប់ជំនួយយោធាបន្ថែមដល់អ៊ុយក្រែនដែលមានរួមគ្រាប់រំសេវនិងគ្រឿងឧបករណ៍ ព្រមទាំងប្រព័ន្ធកាំភ្លើងត្បាល់ រ៉ុក្កែតនិងប្រព័ន្ធប្រឆាំងនឹងរថពាសដែកផងដែរ។
លោករដ្ឋមន្ត្រី Blinken បានកត់សម្គាល់ថា សហភាពអឺរ៉ុបនិងស.រ.អ. ក៏បាន«ដាក់ទណ្ឌកម្មនិងការត្រួតត្រាការដឹកជញ្ជូនទំនិញចេញដែលបានបន្ថយសមត្ថភាពរបស់រុស្ស៊ីក្នុងការធ្វើសង្គ្រាម»។
លោកបានសរសើរសហភាពអឺរ៉ុបដែលបានបន្ថយការពឹងពាក់របស់ខ្លួនលើឧស្ម័នរុស្ស៊ីពីជិត៤០ភាគរយនៅពេលចាប់ផ្តើមសង្គ្រាមមកនៅត្រឹមប្រមាណ១៥ភាគរយនៅមុនដំណាច់ឆ្នាំ២០២២ ដែលត្រូវបានជំនួសដោយឧស្ម័នធម្មជាតិរាវរបស់ស.រ.អ.ដែលបានដឹកជញ្ជូនទៅអឺរ៉ុបកាលពីឆ្នាំទៅមិញដោយមានកំណើនដល់ ១៤០ ភាគរយ។
វិស័យមួយទៀតនៃកិច្ចសហប្រតិបត្តិការមិនធ្លាប់មានពីពេលមុន គឺសន្តិសុខថាមពល ដែលតម្រូវឱ្យមានការប្តេជ្ញារួមគ្នាដើម្បីបញ្ចៀសកុំឱ្យមានមហន្តរាយអាកាសធាតុ។ លោករដ្ឋមន្ត្រី Blinken បានប្រកាសថា ស.រ.អ.និងសហភាពអឺរ៉ុបប្តេជ្ញាពន្លឿនអន្តរកាលសាកលទៅកាន់ថាមពលស្អាត កសាងសង្វាក់ផ្គត់ផ្គង់មានភាពធន់ មានសន្តិសុខ និងមានភាពចម្រុះសម្រាប់ថាមពលកកើតជាថ្មី។
លោករដ្ឋមន្ត្រី Blinken បានកត់សម្គាល់ថា ការពិភាក្សាទាំងអស់ជាមួយអ្នកតំណាងជាន់ខ្ពស់លោក Borrell មានការផ្តោតរួមគ្នាលើការធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនិងគុណតម្លៃប្រជាធិបតេយ្យរបស់ស.រ.អ. និងអឺរ៉ុបក្លៀវក្លាជាថ្មីថែមទៀត។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «ទំនាក់ទំនងរវាងស.រ.អ.និងសហភាពអឺរ៉ុបជាទំនាក់ទំនងទូលំទូលាយនិងមានថាមភាពបំផុតក្នុងពិភពលោក ហើយខ្ញុំរីករាយ...បន្តការងាររបស់យើងសម្រាប់ធ្វើឱ្យមានអនាគតមួយខ្លាំងជាងមុន និងមានសន្តិសុខជាងមុនសម្រាប់ប្រជារាស្ត្រនៅផ្នែកសងខាងនៃមហាសមុទ្រអាត្លង់ទិក៕