Accessibility links

Breaking News

បទវិចារណកថា៖ សម្ពន្ធភាព​សហរដ្ឋ​អាមេរិក-ចក្រភព​អង់គ្លេស​ធ្វើ​តាម​អាទិភាព​សាកល


រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និង​រដ្ឋមន្ត្រី​ការបរទេស​ចក្រភពអង់គ្លេសលោក James Cleverly ចាប់រលាក់ដៃគ្នា ​ក្រោយពី​បញ្ចប់​សន្និសីទ​សារព័ត៌មានរបស់​ពួកគេ​នៅឯ​ក្រសួង​ការបរទេស​​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និង​រដ្ឋមន្ត្រី​ការបរទេស​ចក្រភពអង់គ្លេសលោក James Cleverly ចាប់រលាក់ដៃគ្នា ​ក្រោយពី​បញ្ចប់​សន្និសីទ​សារព័ត៌មានរបស់​ពួកគេ​នៅឯ​ក្រសួង​ការបរទេស​​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក James Cleverly បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​ប្រទេស​អ៊ុយក្រែន នៅ​ពេល​ដែល​អ៊ុយក្រែន​ការពារ​ខ្លួន​ពី​ការ​វាយ​ប្រហារ​ដ៏​ឃោរឃៅ​របស់​ប្រទេស​រុស្ស៊ី។

លោក​រដ្ឋមន្ត្រី Blinken បាន​សរសើរ​ការ​តាំងចិត្ត​របស់​ចក្រភព​អង់គ្លេស​នៅ​ក្នុង​ការ​បញ្ជូន​រថក្រោះ Challenger 2 និង​ប្រព័ន្ធ​កាំភ្លើង​ធំ​បន្ថែម​ទៀត​ឱ្យ​អ៊ុយក្រែន ដែល​នឹង​បន្ត​ពង្រឹង​កងទ័ព​អ៊ុយក្រែន​ជា​បន្ត​ទៀត​បន្ថែម​ពី​លើ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​ឱ្យ​អ៊ុយក្រែន។

លោក​រដ្ឋមន្ត្រី Blinken ថ្លែង​ដូច្នេះ​ថា៖ «យើង​នៅតែ​រួបរួម​គ្នា​នៅ​ក្នុង​ការ​ពង្រឹង​ជំនួយ​មនុស្ស​ធម៌​របស់​យើង​ចំពោះ​ប្រជាពលរដ្ឋ​អ៊ុយក្រែន»។

ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​មហន្តរាយ​មនុស្សធម៌​ធំ​ជាង​នេះ សហរដ្ឋ​អាមេរិក​បាន​ចូលរួម​នៅ​ក្នុង​ការ​ដាក់​សម្ពាធ​សេដ្ឋកិច្ច​តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​និង​ការ​ត្រួតត្រា​ការ​នាំចេញ​លើ​រដ្ឋាភិបាល​រុស្ស៊ី ក្នុង​គោល​បំណង​ដើម្បី​ធ្វើ​ឱ្យ​រុស្ស៊ី​គ្មាន​ធនធាន​ដែល​ខ្លួន​ត្រូវការ​ដើម្បី​ទំនុក​បម្រុង​ដល់​ធនធាន​ធ្វើ​សង្គ្រាម​របស់​ខ្លួន។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា៖ «យើង​កំពុង​អនុវត្ត​កិច្ច​ប្រឹងប្រែង​ទាំង​នេះ​និង​កិច្ច​ប្រឹងប្រែង​ផ្សេង​ទៀត​ដើម្បី​ធ្វើ​ឱ្យ​អ៊ុយក្រែន​ស្ថិត​ក្នុង​ជំហរ​ដ៏​ខ្លាំងក្លា​បំផុត​មួយ​ដែល​អាច​ទៅ​រួច​នៅ​ពេល​ដែល​មាន​ការ​ចរចា ដើម្បី​ឱ្យ​អាច​មាន​សន្តិភាព​មួយ​ដែល​មាន​យុត្តិធម៌​និង​ឋិតថេរ​យូរ​អង្វែង»។

ទាក់ទិន​នឹង​បញ្ហា​អ៊ីរ៉ង់ សហរដ្ឋ​អាមេរិក​ឈរ​ជាមួយ​នឹង​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​នៅ​ក្នុង «ការ​ថ្កោលទោស​ការ​ប្រហារ​ជីវិត​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​លើ​លោក Alireza Akbari ដែល​មាន​សញ្ជាតិ​អ៊ីរ៉ង់​និង​ចក្រភព​អង់គ្លេស ដែល​ការ​ប្រហារ​ជីវិត​នេះ​គឺ​មាន​លក្ខណៈ​នយោបាយ​និង​អ​យុត្តិធម៌។ ការ​ប្រហារ​ជីវិត​នេះ​គឺ​ជា​លំនាំ​មួយ​នៃ​ការ​រំលោភ​បំពាន​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​របប​ដឹកនាំ​អ៊ីរ៉ង់ ដែល​មាន​ដូចជា​ការ​ឃុំឃាំង ការ​ធ្វើ​ទារុណកម្ម ការ​បង្ខំ​ឱ្យ​សារភាព និង​ការ​ប្រហារ​ជីវិត​ដោយ​អយុត្តិធម៌​ជាដើម»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី Blinken។

លោក Blinken លើកឡើង​ដូច្នេះ​ថា៖ «យើង​នឹង​បន្ត​ធ្វើការ​ជាមួយ​នឹង​ចក្រភព​អង់គ្លេស​និង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​យើង​ដទៃ​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំ​អ៊ីរ៉ង់​ទទួល​ខុសត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​ទាំង​នេះ​និង​ការ​រំលោភ​បំពាន​ផ្សេងៗ​ទៀត។ យើង​នឹង​បន្ត​ឈរ​ជាមួយ​នឹង​ពលរដ្ឋ​អ៊ីរ៉ង់​ដ៏​អង់អាច​ក្លាហាន ដែល​ងើប​ឈរ​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ដែល​ដឹកនាំ​ដោយ​ស្ត្រី​វ័យ​ក្មេង នៅ​ក្នុង​ការ​ប្រឈម​នឹង​ការ​ជិះជាន់​សង្កត់សង្កិន​ដ៏​សាហាវ»។

សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក៏​ជា​ប្រធានបទ​មួយ​ផង​ដែរ​នៃ​ការ​ពិភាក្សា​គ្នា​នេះ។ លោក​រដ្ឋមន្ត្រី Blinken «បាន​ស្វាគមន៍​ការ​តាំងចិត្ត​របស់​ចក្រភព​អង់គ្លេស​នៅ​ក្នុង​ការ​ពង្រឹង​ការ​ប្រឡូក​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក»។ លោក​បាន​បញ្ជាក់​ថា៖ «យើង​ទន្ទឹង​រង់ចាំ​បន្ត​ការ​ប្រឹក្សា​យោបល់​ដ៏​ជិតស្និទ្ធ​របស់​យើង​លើ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​តំបន់ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​ផងដែរ»។

ទាក់ទិន​នឹង​ប្រធានបទ​អំពី​អៀរឡង់​ខាង​ជើង លោក​រដ្ឋមន្ត្រី Blinken បាន​បញ្ជាក់​អះអាង​អំពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កិច្ច​ព្រមព្រៀង Belfast Good Friday។ សហរដ្ឋ​អាមេរិក​ជឿ​ថា ដំណោះស្រាយ​តាម​រយៈ​ការ​ចរចា​ត្រូវតែ​មាន​ដើម្បី​អនុវត្ត​ពិធីសារ​អៀរឡង់​ខាង​ជើង​ដែល​គ្រប់​ភាគី​ទាំង​អស់​អាច​ទទួល​យក​បាន។ កាលពី​ពេល​ថ្មីៗ​នេះ ចក្រភព​អង់គ្លេស​និង​សហភាព​អឺរ៉ុប​បាន​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​គួរសម​ចំពោះ​ដំណោះស្រាយ​តាម​រយៈ​ការ​ចរចា​នេះ។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស «កំពុង​បន្ថែម​ជំពូក​ថ្មី​មួយ​ទៀត​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ដ៏​វែង​អន្លាយ​នៃ​ទំនាក់ទំនង​ពិសេស​នេះ​នៅ​ចំ​ពេល​ដែល​សំខាន់​និង​រស់​រវើក​ជាង​ពេល​ណាៗ​ទាំង​អស់»៕

Related

XS
SM
MD
LG