តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ខែវិច្ឆិកាគឺជាខែដ៏សំខាន់មួយសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។
កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនលោក Xi Jinping បានជួបពិភាក្សាគ្នាដោយផ្ទាល់ជាលើកដំបូងចាប់តាំងពីមេដឹកនាំទាំងពីរបានឡើងកាន់តំណែងមក។
ក្នុងអំឡុងពេលនៃជំនួបនោះ លោកប្រធានាធិបតី Biden បានពន្យល់ថា សហរដ្ឋអាមេរិកនឹងបន្ដប្រកួតប្រជែងយ៉ាងក្លៀវក្លាជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន ហើយលោកបានលើកឡើងជាថ្មីម្ដងទៀតថា ការប្រកួតប្រជែងគ្នានេះមិនត្រូវក្លាយទៅជាជម្លោះនោះទេ។ លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់ដែលថា សហរដ្ឋអាមេរិកនិងសាធារណរដ្ឋប្រជាមានិតចិនត្រូវតែរក្សាការទំនាក់ទំនងឱ្យនៅបើកចំហ ហើយមេដឹកនាំទាំងពីរនាក់ក៏បានព្រមព្រៀងគ្នាផ្ដល់អំណាចដល់មន្ត្រីជាន់ខ្ពស់សំខាន់ៗដើម្បីពង្រឹងឱ្យកាន់តែជ្រាលជ្រៅនូវកិច្ចប្រឹងប្រែងបែបស្ថាបនាទៅលើវិស័យមួយចំនួនដែលផ្ដល់ផលប្រយោជន៍រួម។
ចាប់តាំងពីជំនួបនោះមក មានជំនួបជាន់ខ្ពស់មួយចំនួនរវាងក្រុមមន្ត្រីនៃប្រទេសទាំងពីរនេះ។ នៅក្នុងជំនួបតតាំងគ្នាម្តងៗ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ទំនាក់ទំនងគ្នារវាងសហរដ្ឋអាមេរិកនិងសាធារណរដ្ឋប្រជាមានិតចិន។
កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris បានជួបរយៈពេលខ្លីជាមួយនឹងប្រធានាធិបតីចិនលោក Xi នៅក្នុងជំនួបដោយឡែកពីកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬ APEC នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
ក្រៅពីនេះទៀត នៅក្នុងជំនួបបន្ទាប់បន្សំពីកិច្ចប្រជុំ APEC កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកអ្នកស្រី Katherine Tai បានជួបជាមួយនឹងសមភាគីរបស់អ្នកស្រីគឺរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់សាធារណរដ្ឋប្រជាមានិតចិនលោក Wang Wentao នៅក្នុងជំនួបដោយផ្ទាល់ជាលើកដំបូងរវាងមន្ត្រីជាន់ខ្ពស់ទាំងពីរ។ ក្រៅពីពិភាក្សាគ្នាលើពាណិជ្ជកម្មទ្វេភាគី អ្នកស្រីឯកអគ្គរដ្ឋទូត Tai បានចែករំលែកជាមួយនឹងលោករដ្ឋមន្ត្រី Wang នូវទស្សនៈរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំ APEC ដែលសហរដ្ឋអាមេរិកនឹងរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ ខាងមុខនេះ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក កាលពីថ្ងៃទី ២២ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានជួបជាមួយនឹងរដ្ឋមន្ត្រីការពារជាតិរបស់សាធារណរដ្ឋប្រជាមានិតចិនលោក Wei Fenghe នៅក្នុងប្រទេសកម្ពុជាក្នុងពេលមានកិច្ចប្រជុំដោយឡែកពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។ យោងតាមក្រសួងការពារជាតិសហរដ្ឋអាមេរិក មេដឹកនាំទាំងពីរនាក់នេះបានពិភាក្សាគ្នាអំពីសារៈសំខាន់នៃ«កិច្ចសន្ទនាលើបញ្ហាជាក់លាក់ក្នុងការកាត់បន្ថយហានិភ័យនិងការពង្រឹងប្រតិបត្តិការសុវត្ថិភាព»។
លោករដ្ឋមន្ត្រី Austin «បានលើកឡើងពីកង្វល់អំពីឥរិយាបថកាន់តែគ្រោះថ្នាក់ដែលបង្កឡើងដោយយន្ដហោះចម្បាំងរបស់កងទ័ពរំដោះប្រជាជន PLA នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលបង្កើនហានិភ័យនៃគ្រោះថ្នាក់»។
លោករដ្ឋមន្ត្រី Austin ក៏បានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវទៅលើការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងសាធារណរដ្ឋប្រជាមានិតចិន។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ឥឡូវនេះកំពុងតែមានគម្រោងធ្វើទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិននៅក្នុងឆ្នាំថ្មីនេះ។ លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «មេដឹកនាំពិភពលោក រំពឹងឱ្យយើងគ្រប់គ្រងទំនាក់ទំនងរបស់យើងប្រកបដោយការទទួលខុសត្រូវ ហើយស្វែងរកមធ្យោបាយនានាដើម្បីធ្វើកិច្ចប្រតិបត្តិការផងដែរ» ដោយរួមមានទាំងបញ្ហាសំខាន់ៗមួយចំនួនដូចជាបញ្ហាអាកាសធាតុ បញ្ហាសុខភាពជាសាកល និងម៉ាក្រូសេដ្ឋកិច្ចជាដើម។
លោករដ្ឋមន្ត្រី Blinken បានប្រកាសថា៖ «វាគឺជាការចាំបាច់ មិនត្រឹមតែដើម្បីឱ្យជីវិតរបស់ប្រជាជនរបស់យើងប្រសើរជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីផលប្រយោជន៍របស់ប្រជាជននៅទូទាំងពិភពលោកផងដែរ»៕