Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​ខ្វាយខ្វល់​អំពី​ការរឹតត្បិត​របស់​ចិន​លើ​ដំណើរ​ទស្សនកិច្ច​របស់​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ


រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi (ស្តាំ) ជួប​ជាមួយ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អ្នកស្រី Michelle Bachelet នៅ​ទីក្រុង Guangzhou កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi (ស្តាំ) ជួប​ជាមួយ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​អ្នកស្រី Michelle Bachelet នៅ​ទីក្រុង Guangzhou កាលពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កាលពី​ពេល​ថ្មីៗ​នេះ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស​អ្នកស្រី Michelle Bachelet និង​ក្រុម​របស់​អ្នកស្រី​បាន​បំពេញ​ទស្សនកិច្ច​រយៈពេល ៦ ថ្ងៃ​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នៅតែ​មាន​ការ​ខ្វាយខ្វល់​យ៉ាង​ខ្លាំង​ទាក់ទិន​នឹង​កិច្ច​ប្រឹងប្រែង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ក្នុង​ការ​រឹតត្បិត​និង​ត្រួតត្រា​លើ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Bachelet។

លោក​រដ្ឋមន្ត្រី Blinken បាន​ប្រកាស​ដូច្នេះ​ថា៖ «ទោះបីជា​យើង​នៅ​បន្ត​លើកឡើង​ដោយ​ផ្ទាល់​ជាមួយ​នឹង​រដ្ឋាភិបាល​ចិន​អំពី​ក្ដី​បារម្ភ​របស់​យើង​ទាក់ទិន​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ចិន និង​គាំទ្រ​ប្រទេស​ផ្សេង​ទៀត​ឱ្យ​លើកឡើង​ដូច្នេះ​ក៏ដោយ ក៏​យើង​នៅតែ​មាន​ក្ដី​បារម្ភ​ថា លក្ខខណ្ឌ​ដែល​អាជ្ញាធរ​ចិន​បាន​ដាក់​លើ​ដំណើរ​ទស្សនកិច្ច [របស់​អ្នកស្រី Bachelet] មិន​អាច​ឱ្យ​មាន​ការ​វាយ​តម្លៃ​ដោយ​ពេញលេញ​និង​ឯករាជ្យ​អំពី​បរិយាកាស​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ឡើយ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​នៅ​ក្នុង​តំបន់​ស៊ីនជាំង (Xinjiang) ផង​ដែរ ដែល​នៅ​ទីនោះ អំពើ​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅតែ​កើតឡើង​ជា​បន្ត»។

លោក​រដ្ឋមន្ត្រី Blinken បាន​បញ្ជាក់​ថា៖ «យើង​ក៏​មាន​ការ​ខ្វាយខ្វល់​ផង​ដែរ​អំពី​សេចក្ដី​រាយការណ៍​ដែល​ថា​ពលរដ្ឋ​នៃ​តំបន់​ស៊ីនជាំង​ត្រូវ​បាន​គេ​ព្រមាន​មិន​ឱ្យ​ត្អូញត្អែរ​ ឬ​ក៏​និយាយ​ដោយ​បើក​ចំហ​អំពី​ស្ថានភាព​នៅ​ក្នុង​តំបន់​ស៊ីនជាំង និង​អំពី​សេចក្ដី​រាយការណ៍​ដែល​ថា មិន​មាន​ដំណឹង​ណា​មួយ​អំពី​ទីតាំង​របស់​ពលរដ្ឋ​អ៊ុយហ្គ័រ (Uyghur) រាប់​រយ​នាក់​ដែល​បាន​បាត់​ខ្លួន និង​អំពី​ស្ថានភាព​របស់​មនុស្ស​ជាង​មួយ​លាន​នាក់​ដែល​កំពុង​ជាប់​ឃុំ​នោះ​ឡើយ»។

លោក Blinken បាន​បន្ថែម​ថា៖ «អ្នកស្រី​ឧត្តម​ស្នងការ [Bachelet] មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ជួប​បុគ្គល​ម្នាក់ៗ​ដែល​ស្ថិត​ក្នុង​ផ្នែក​មួយ​នៃ​កម្មវិធី​ផ្ទេរ​ពលកម្ម​តំបន់​ស៊ីនជាំង​និង​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ខេត្ត​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​ចិន​នោះ​ទេ»។

សហរដ្ឋ​អាមេរិក​នៅតែ​មាន​ការ​ខ្វាយខ្វល់​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាពិសេស​ទាក់ទិន​នឹង​សេចក្ដី​រាយការណ៍​ថ្មី​ដែល​ផ្ដល់​ភស្តុតាង​បន្ថែម​ទៀត​អំពី​ការ​ឃុំ​ខ្លួន​តាម​ទំនើងចិត្ត​ក្នុង​ចំណោម​មនុស្ស​ជាង​មួយ​លាន​នាក់​ដែល​ជាប់​ឃុំ​នៅ​ក្នុង​តំបន់​ស៊ីនជាំង។

អ្នក​នៅ​រស់រាន​មាន​ជីវិត​និង​ក្រុម​គ្រួសារ​របស់​អ្នក​ជាប់​ឃុំ​បាន​ពណ៌នា​អំពី​ការ​ប្រព្រឹត្តិ​ដ៏​ឃោរឃៅ​ដែល​មាន​ភាព​អយុត្តិធម៌​យ៉ាង​ខ្លាំង​ដូចជា ការ​ធ្វើ​ទារុណកម្ម ការ​បង្ខំ​ធ្វើ​ឱ្យ​មិន​អាច​មាន​កូន​បាន ពលកម្ម​ដោយ​បង្ខំ​ដែល​គាំទ្រ​ដោយ​រដ្ឋ អំពើ​ហិង្សា​ផ្លូវ​ភេទ និង​ការ​បំបែក​កុមារ​ដោយ​បង្ខំ​ចេញ​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ​ជាដើម។

លោក​រដ្ឋមន្ត្រី Blinken ក៏​បាន​ជំរុញ​ផង​ដែរ​ឱ្យ «សាធារណរដ្ឋ​ប្រជាមានិត​ចិន​គោរព​សិទ្ធិ​របស់​ពលរដ្ឋ​ទីបេ ពលរដ្ឋ​ហុងកុង និង​ពលរដ្ឋ​ដទៃ​ទៀត​ទាំងអស់​ដែល​មាន​បំណង​អនុវត្ត​សិទ្ធិ​និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ​ដោយ​សន្តិវិធី ដូច​មាន​ចែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ជា​សាកល​ស្ដី​ពី​សិទ្ធិ​មនុស្ស»។

ជា​ថ្មី​ម្ដង​ទៀត សហរដ្ឋ​អាមេរិក​អំពាវនាវ​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ឃោរឃៅ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ស៊ីនជាំង ដោះលែង​អ្នក​ដែល​ជាប់​ឃុំ​ដោយ​អយុត្តិធម៌ ផ្ដល់​មូលហេតុ​អំពី​អ្នក​ដែល​បាន​បាត់​ខ្លួន និង​ផ្ដល់​លទ្ធភាព​ឱ្យ​អ្នក​ស៊ើប​អង្កេត​ឯករាជ្យ​បាន​ចូល​ទៅ​ដល់​តំបន់​ស៊ីនជាំង តំបន់​ទីបេតិ៍ និង​នៅ​ទូទាំង​ប្រទេស​ចិន៕

XS
SM
MD
LG