Accessibility links

Breaking News

បទវិចារណកថា៖ សហរដ្ឋ​អាមេរិក​ថ្កោលទោស​ការចាប់ខ្លួន​សកម្មជន​ដែល​មាន​ទំនោរ​រក​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង


កាឌីណាល់ Joseph Zen អាយុ ៩០ ឆ្នាំ ​ជា​អតីត​អេវ៉ែក​កាតូលិក​នៃ​ទីក្រុង​ហុងកុង។
កាឌីណាល់ Joseph Zen អាយុ ៩០ ឆ្នាំ ​ជា​អតីត​អេវ៉ែក​កាតូលិក​នៃ​ទីក្រុង​ហុងកុង។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក​ថ្កោលទោស​ខ្លាំងក្លា​លើ​ករណី​ដែល​អាជ្ញាធរ​ទីក្រុង​ហុងកុង​ចាប់​ខ្លួន​កាឌីណាល់ Joseph Zen អាយុ ៩០ ឆ្នាំ ដែល​ជា​អតីត​អេវ៉ែក​កាតូលិក​នៃ​ទីក្រុង​ហុងកុង​និង​ជា​អ្នក​រិះគន់​មិន​សំចៃ​មាត់​លើ​គណបក្ស​កុម្មុយនីស្ត​ចិន និង​អ្នក​តស៊ូ​មតិ​ដែល​មាន​ទំនោរ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ល្បី​ឈ្មោះ ៣ រូប​ផ្សេង​ទៀត។ អ្នក​តស៊ូ​មតិ ៣ រូប​ផ្សេង​ទៀត​នោះ​គឺ​អ្នកស្រី Margaret Ng ដែល​ជា​មេធាវី​និង​ជា​អតីត​សមាជិក​សភា លោក Hui Po-keung ដែល​ជា​បញ្ញវន្ត​និង​ជា​អតីត​សាស្ត្រាចារ្យ និង​អ្នកស្រី Denise Ho ដែល​ជា​តួ​សម្ដែង​និង​ជា​អ្នក​ចម្រៀង។

អ្នក​ទាំង ៤ រូប​គឺ​ជា​អ្នក​ទទួល​រ៉ាប់រង​នៃ​មូលនិធិ​ជួយ​សង្គ្រោះ​ផ្នែក​មនុស្ស​ធម៌ ៦១២ (612 Humanitarian Relief Fund) ដែល​ត្រូវ​បាន​រំលាយ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ មូលនិធិ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ ២០១៩ ដើម្បី​ផ្ដល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​និង​ផ្នែក​ច្បាប់​ដល់​អ្នក​ដែល​បាន​ចូលរួម​នៅ​ក្នុង​បាតុកម្ម​ដែល​មាន​ទំនោរ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង។

ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់​ដោយ​មិន​ត្រឹមត្រូវ​និង​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី ១១ ខែ​ឧសភា​ពី​បទ​គប់គិត​ជាមួយ​កង​កម្លាំង​បរទេស និង​បន្ទាប់​មក​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​និយាយ​ថា៖ «នៅ​ក្នុង​ការ​ចាប់​ខ្លួន​សកម្មជន បញ្ញវន្ត និង​មេដឹកនាំ​សាសនា​ជើង​ចាស់​ទាំង​នេះ​នៅ​ក្រោម​អ្វី​ដែល​ហៅ​ថា​ច្បាប់​សន្តិសុខ​ជាតិ អាជ្ញាធរ​ហុងកុង​បាន​បង្ហាញ​ម្ដង​ទៀត​ថា ពួកគេ​នឹង​បន្ត​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​ចាំបាច់​ដើម្បី​បង្ក្រាប​អ្នក​ប្រឆាំង​និង​បំផ្លាញ​សិទ្ធិ​និង​សេរីភាព​នានា»។

អតីត​អ្នក​នាំ​ពាក្យ​រង​សេតវិមាន​អ្នកស្រី Karine Jean-Pierre បាន​អំពាវនាវ​ឱ្យ «សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​អាជ្ញាធរ​ហុងកុង​បញ្ឈប់​ការ​វាយ​ប្រហារ​សំដៅ​លើ​អ្នក​តស៊ូ​មតិ​នៅ​ក្នុង​ទីក្រុង​ហុងកុង» ដោយ​អ្នកស្រី​បាន​កត់​សម្គាល់​ថា «សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​មាន​សារៈសំខាន់​សម្រាប់​សង្គម​ដែល​មាន​ភាព​រុងរឿង​និង​មាន​សន្តិសុខ»។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ រដ្ឋាភិបាល​ចិន​បាន​បង្កើន​ការ​ត្រួតត្រា​របស់​ខ្លួន​លើ​ទីក្រុង​ហុងកុង ដោយ​បាន​ចាប់​ខ្លួន​សកម្មជន​ប្រជាធិបតេយ្យ បិទ​អង្គការ​សង្គម​ស៊ីវិល និង​បង្ខំ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឱ្យ​បិទ​ទ្វារ។

សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​រំលោភ​កាន់តែ​ខ្លាំង​ឡើង​លើ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ហុងកុង ដែល​ត្រូវ​បាន​ធានា​នៅ​ក្នុង​ច្បាប់​មូលដ្ឋាន​របស់​ទីក្រុង​ហុងកុង​និង​នៅ​ក្នុង​សេចក្ដី​ប្រកាស​រួម​រវាង​ចិន​និង​ចក្រភព​អង់គ្លេស​នៅ​ពេល​ដែល​ការ​ត្រួតត្រា​ទីក្រុង​ហុងកុង​ត្រូវ​បាន​ផ្ទេរ​ពី​ចក្រភព​អង់គ្លេស​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៩៧។

ការ​ចាប់​ខ្លួន​បាន​ធ្វើ​ឡើង​ក្នុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​អតីត​ប្រធាន​ផ្នែក​សន្តិសុខ​ទីក្រុង​ហុងកុង​លោក John Lee Ka-chiu ដែល​ជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​យល់ព្រម​ដោយ​គណបក្ស​កុម្មុយនីស្ត​ចិន​សម្រាប់​តំណែង​ជា​មេដឹកនាំ​ទីក្រុង​ហុងកុង​បាន​ឡើង​កាន់​អំណាច។

បន្ទាប់ពី​លោក John Lee Ka-chiu ត្រូវ​បាន​ជ្រើសរើស​ជា​មេដឹកនាំ​ទីក្រុង​ហុងកុង​មក បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G-7 ដែល​រួម​មាន​ប្រទេស​កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក បាន​ចេញ​ផ្សាយ​នូវ​សេចក្ដី​ថ្លែងការណ៍​មួយ​បង្ហាញ​នូវ «ក្ដី​បារម្ភ​ជា​ខ្លាំង​អំពី​ដំណើរការ​ជ្រើសរើស​តំណែង​មេដឹកនាំ​ទីក្រុង​ហុងកុង​នេះ​ថា​ជា​ផ្នែក​មួយ​នៃ​ការ​បំពាន​ជា​បន្ត​លើ​ពហុ​ភាព​នយោបាយ​និង​សេរីភាព​ជា​មូលដ្ឋាន»។

បណ្ដា​រដ្ឋមន្ត្រី​ការបរទេស​ទាំង​នោះ​បាន​ប្រកាស​ថា៖ «យើង​បន្ត​អំពាវនាវ​ឱ្យ​ប្រទេស​ចិន​ចាត់​វិធានការ​ស្រប​ទៅ​តាម​សេចក្ដី​ប្រកាស​រួម​រវាង​ចិន​និង​ចក្រភព​អង់គ្លេស​និង​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ផ្សេង​ទៀត​របស់​ខ្លួន»៕

XS
SM
MD
LG