តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងចាត់វិធានការប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ទាក់ទិននឹងការគាបសង្កត់ខ្លាំងក្លាលើជាតិសាសន៍អ៊ុយហ្គ័រ (Uighur) កាន់សាសនាឥស្លាម សមាជិកនៃក្រុមជាតិសាសន៍ភាគតិច និងក្រុមកាន់សាសនាភាគតិចផ្សេងទៀត និងអ្នកប្រតិបត្តិតាមសាសនានិងជំនឿនានាទាំងនៅក្នុង និងនៅក្រៅប្រទេសចិន ដែលក្នុងនោះរួមមានទាំងនៅក្នុងសហរដ្ឋអាមេរិកផងដែរ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រកាសកាលពីថ្ងៃទី ២១ ខែមីនាថា៖ «សហរដ្ឋអាមេរិកជំទាស់ទៅនឹងកិច្ចប្រឹងប្រែងរបស់មន្ត្រីរដ្ឋាភិបាលចិននៅក្នុងការយាយី គំរាមកំហែង តាមដាន និងចាប់ពង្រត់សមាជិកនៃក្រុមជាតិសាសន៍ភាគតិចនិងក្រុមកាន់សាសនាភាគតិចនានា ដែលក្នុងនោះរួមមានទាំងអ្នកដែលស្វែងរកសុវត្ថិភាពនៅបរទេស និងពលរដ្ឋអាមេរិកាំង ដែលហ៊ាននិយាយជំនួសឱ្យពលរដ្ឋងាយរងគ្រោះទាំងនេះ។ យើងប្ដេជ្ញាការពារសិទ្ធិមនុស្សនៅជុំវិញពិភពលោក ហើយនឹងបន្តប្រើវិធានការការទូតនិងសេដ្ឋកិច្ចទាំងអស់ដើម្បីជំរុញឱ្យមានការទទួលខុសត្រូវ»។
ការហាមឃាត់ទិដ្ឋាការដែលទើបប្រកាសកាលពីពេលថ្មីៗនេះនឹងដាក់លើមន្ត្រីរដ្ឋាភិបាលចិនរូបណាដែលគេជឿថាមានការទទួលខុសត្រូវឬក៏គប់គិតនៅក្នុងការគាបសង្កត់លើអ្នកប្រតិបត្តិតាមសាសនានិងជំនឿផ្សេងៗ សមាជិកនៃក្រុមជាតិសាសន៍ភាគតិចនិងក្រុមកាន់សាសនាភាគតិច អ្នកប្រឆាំង អ្នកការពារសិទ្ធិមនុស្ស អ្នកកាសែត អ្នកចាត់ចែងសហជីពការងារ អ្នកចាត់ចែងអង្គការសង្គមស៊ីវិល និងអ្នកតវ៉ាដោយសន្តិវិធីនៅប្រទេសចិននៅកន្លែងផ្សេងៗទៀត។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «យើងអំពាវនាវម្ដងទៀតឱ្យរដ្ឋាភិបាលចិនបញ្ឈប់ទង្វើគាបសង្កត់ឆ្លងប្រទេស ដែលក្នុងនោះរួមមានទាំងការប៉ុនប៉ងនៅក្នុងការបំបិទមាត់របស់សកម្មជនអាមេរិកាំងដើមកំណើតអ៊ុយហ្គ័រនិងជាតិសាសន៍អ៊ុយហ្គ័រដទៃទៀតដែលបម្រើប្រជាពលរដ្ឋអាមេរិកាំងផងដែរ តាមរយៈការបដិសេធមិនឱ្យសមាជិកគ្រួសាររបស់ពួកគេចេញពីប្រទេសចិន»។
សហរដ្ឋអាមេរិកបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ខ្លួនចំពោះអ្នកដែលហ៊ាននិយាយ បើទោះបីជាអ្នកទាំងនោះប្រឈមនឹងការគំរាមសងសឹកក៏ដោយ។
មនុស្សជាងមួយលាននាក់ដែលភាគច្រើនលើសលប់ជាជាតិសាសន៍អ៊ុយហ្គ័រកាន់សាសនាឥស្លាមនិងជាសមាជិកនៃក្រុមជាតិសាសន៍ភាគតិចនិងក្រុមកាន់សាសនាភាគតិចផ្សេងទៀត កំពុងស្ថិតក្នុងជំរំឃុំឃាំងខុសច្បាប់ ហើយមនុស្សពីរលាននាក់ទៀតកំពុងទទួលរងនូវអ្វីដែលហៅថាការបណ្ដុះបណ្ដាល «អប់រំឡើងវិញ»។
លោករដ្ឋមន្ត្រី Blinken បានបញ្ជាក់ជាថ្មីអំពីការអំពាវនាវរបស់លោកឱ្យ «រដ្ឋាភិបាលចិនបញ្ចប់អំពើប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាបន្តរបស់ខ្លួននៅក្នុងតំបន់ស៊ីនជាំង (Xinjiang) គោលនយោបាយគាបសង្កត់នៅក្នុងតំបន់ទីបេ ការបង្ក្រាបលើសេរីភាពជាមូលដ្ឋាននៅក្នុងទីក្រុងហុងកុង និងការរំលោភបំពានសិទ្ធិមនុស្សផ្សេងៗ ដែលក្នុងនោះរួមមានទាំងការរំលោភបំពានលើសេរីភាពសាសនាផងដែរ នៅតាមកន្លែងផ្សេងៗទៀតនៅក្នុងប្រទេសចិន»។
ដូចដែលវិធានការនេះបានបង្ហាញដូច្នេះដែរ សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយនឹងសហគមន៍អន្តរជាតិដើម្បីជំរុញឱ្យមានការទទួលខុសត្រូវសម្រាប់មន្ត្រីរដ្ឋាភិបាលចិនរូបណាដែលទទួលខុសត្រូវចំពោះអំពើឃោរឃៅនិងការរំលោភសិទ្ធិមនុស្សមិនថានៅទីកន្លែងណានោះទេ ដែលក្នុងនោះរួមមានទាំងនៅក្នុងប្រទេសចិន សហរដ្ឋអាមេរិក និងកន្លែងផ្សេងៗទៀតនៅជុំវិញពិភពលោកផងដែរ៕