Accessibility links

Breaking News

បទវិចារណកថា៖ ចិន​ត្រូវតែ​ពន្យល់​ឱ្យ​ដឹង​អំពី​ការបាត់​ខ្លួន​របស់ Panchen Lama


កុមារា Gedhun Choekyi Nyima បាន​បាត់​ខ្លួន​តាំងពី​ខែឧសភា ឆ្នាំ១៩៩៥។ (USCIRF)
កុមារា Gedhun Choekyi Nyima បាន​បាត់​ខ្លួន​តាំងពី​ខែឧសភា ឆ្នាំ១៩៩៥។ (USCIRF)

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

គិត​មក​ទល់​នឹង​ពេល​នេះ វា​មាន​រយៈពេល ២៧ ឆ្នាំ​មក​ហើយ​តាំងពី​ពេល​ដែល​អាជ្ញាធរ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចាប់​ពង្រត់​កុមារា​ទីបេ​អាយុ ៦ ឆ្នាំ​ម្នាក់​ និង​ក្រុម​គ្រួសារ​របស់​កុមារ​នោះ។

ក្នុង​ពេល ៣ ថ្ងៃ​មុន​ពេល​កុមារ​នោះ​បាន​បាត់​ខ្លួន​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ ១៩៩៥ សម្ដេច​សង្ឃ Dalai Lama ដែល​ជា​មេដឹកនាំ​ពុទ្ធសាសនា​នៅ​តំបន់​ទីបេ បាន​តែងតាំង​កុមារា Gedhun Choekyi Nyima ជា Panchen Lama ទី ១១។ Panchen Lama នេះ​គឺជា​បុគ្គល​ដ៏​គួរ​ឱ្យ​គោរព​បំផុត​ទី​ពីរ​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ទីបេ។

បន្ទាប់ពី​កុមារ​នេះ​ត្រូវ​បាន​ចាប់​ពង្រត់ សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ជ្រើសរើស​កុមារា​ម្នាក់​ទៀត​ឱ្យ​ធ្វើ​ជា Panchen Lama ដែល​រដ្ឋាភិបាល​ចិន​ពេញចិត្ត​ច្រើន​ផ្នែក​នយោបាយ។

កុមារា Gedhun Choekyi Nyima ដែល​មាន​អាយុ​ត្រឹម ៦ ឆ្នាំ ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អ្នក​ទោស​នយោបាយវ័យ​ក្មេង​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ ចាប់​តាំងពី​ពេល​ដែល​កុមារា​នេះ​និង​ក្រុម​គ្រួសារ​របស់​កុមារ​នេះ​ត្រូវ​បាន​ចាប់​ពង្រត់​មក គេ​មិន​បាន​ឃើញ​ពួកគេ​ជា​សាធារណៈ​នោះទេ ហើយ​ក៏​មិន​បាន​ដឹង​ថា​ ពួកគេ​រស់នៅ​ទី​ណា​នោះ​ដែរ។

គិត​មក​ទល់​នឹង​ឆ្នាំ​នេះ Gedhun Choekyi Nyima មាន​អាយុ ៣៣ ឆ្នាំ​ហើយ។ នៅ​ក្នុង​ឱកាស​ខួប​កំណើត​អាយុ ៣៣ ឆ្នាំ​របស់​លោក Gedhun Choekyi Nyima នេះ​កាលពី​ថ្ងៃ​ទី ២៥ ខែ​មេសា​កន្លង​ទៅ​នេះ សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ចិន​ពន្យល់​ឱ្យ​ដឹង​ជា​បន្ទាន់​អំពី​ទីកន្លែង​រស់នៅ​ និង​សុខទុក្ខ​របស់​លោក។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Ned Price បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា គេ​ត្រូវតែ​អនុញ្ញាត​ឱ្យ Panchen Lama នេះ «អនុវត្ត​សិទ្ធិ​និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​ពេញលេញ»។

ជា​រឿង​ដ៏​គួរ​ឱ្យ​សោក​សង្រេង ពលរដ្ឋ​ទីបេ​ជា​ច្រើន​ត្រូវ​បាន​គេ​រារាំង​មិន​ឱ្យ​អនុវត្ត​សិទ្ធិ​និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្លួន​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន។

របាយការណ៍​ថ្មី​ចុងក្រោយ​បង្អស់​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​អំពី​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ចិន បាន​កត់​សម្គាល់​ឃើញ​ថា៖ «អ្នក​តាមដាន​ស្ថានការណ៍​ពី​ខាង​ក្រៅ​បាន​ពិនិត្យ​លើ​ព័ត៌មាន​ដែល​មាន​ជា​សាធារណៈ និង...បាន​កំណត់​ថា ពលរដ្ឋ​ទីបេ​ចន្លោះ​ពី ៥០០ នាក់​ទៅ ២.០០០ នាក់ ត្រូវ​បាន​គេ​ដឹង​ ឬ​ក៏​ជឿ​ថា ​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ដាក់​ឃុំ​ ឬ​ដាក់​ពន្ធនាគារ​ដោយ​រំលោភ​លើ​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ»។

ក្រសួង​ការបរទេស​សហដ្ឋ​អាមេរិក​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា៖ «ស្រប​ទៅ​តាម​សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល​លើ​ការ​រួម​បញ្ចូល​ជាតិសាសន៍ គោល​នយោបាយ​រដ្ឋ [របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន] បាន​បន្ត​បង្អាក់​ដល់​វប្បធម៌ បែបបទ​នៃ​ការ​រស់នៅ និង​ទំនៀមទម្លាប់​របស់​ទីបេ​ពី​បុរាណ»។

ដូច​ដែល​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Ned Price បាន​បញ្ជាក់​ដូច្នេះ​ដែរ «សហរដ្ឋ​អាមេរិក​គាំទ្រ​សេរីភាព​សាសនា​របស់​ពលរដ្ឋ​ទីបេ និង​អត្តសញ្ញាណ​សាសនា វប្បធម៌ និង​ភាសា​របស់​ពួកគេ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​សិទ្ធិ​របស់​ពលរដ្ឋ​ទីបេ​នៅ​ក្នុង​ការ​ជ្រើសរើស បង្ហាត់​បង្រៀន និង​គោរព​មេដឹកនាំ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ដូចជា​សម្ដេច​សង្ឃ Dalai Lama និង Panchen Lama ជាដើម ស្រប​ទៅ​តាម​ជំនឿ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ និង​ដោយ​គ្មាន​ការ​អន្តរាគមន៍​ណា​មួយ​ពី​រដ្ឋាភិបាល»៕

XS
SM
MD
LG