តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រទេសស៊ីរីស្ថិតក្នុងវិបត្តិធ្ងន់ធ្ងរ ហើយបញ្ហាជាច្រើនមិនអាចដោះស្រាយបានដោយនិរន្តរភាពដោយគ្មានដំណោះស្រាយផ្នែកនយោបាយនោះទេ នេះបើយោងតាមអង្គការសហប្រជាជាតិ។ បន្ថែមពីលើសេដ្ឋកិច្ចដែលបរាជ័យ និងស្ថានភាពសន្តិសុខដ៏តានតឹង និងហិង្សា «ស្ថានភាពមនុស្សធម៌នៅតែធ្លាក់ចុះយ៉ាងខ្លាំង ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ»។
ពលរដ្ឋស៊ីរីត្រូវការជំនួយដោយគ្មានការរារាំង និងត្រូវការជំនួយដែលឆ្លងកាត់តាមព្រំដែន និងឆ្លងកាត់តាមខ្សែបន្ទាត់កំណត់។ ទោះជាយ៉ាងនេះក៏ដោយ ជាញឹកញាប់ណាស់ ជំនួយមិនអាចត្រូវបានផ្តល់ឱ្យទេដោយសារតែភាគីនានានៅទូទាំងប្រទេសស៊ីរីកំពុងបដិសេធមិនឱ្យមានក្បួនរថយន្តឆ្លងកាត់។ ស្ថានភាពគឺធ្ងន់ធ្ងរ ជាពិសេសនៅក្នុងជំរំ Rukban ដែលជាជំរំសម្រាប់ជនភៀសខ្លួនក្នុងប្រទេសនៅភាគខាងកើតប្រទេសស៊ីរី។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield បានថ្លែងថា «សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះការផ្តល់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ តាមរយៈគ្រប់មធ្យោបាយទាំងអស់ដោយរួមទាំងការឆ្លងកាត់ព្រំដែន និងខ្សែបន្ទាត់កំណត់»។
អ្នកស្រី Thomas-Greenfield បានថ្លែងទៀតថា «របបរបស់លោក Assad មិនបានប្តេជ្ញាជួយសម្រួលរឿងជំនួយនោះទេ។ យើងឃើញរឿងនេះកើតឡើងនៅភាគអាគ្នេយ៍នៃប្រទេសស៊ីរីជាកន្លែងដែលសកម្មភាពរបស់របបនេះ ត្រូវបានគាំទ្រយ៉ាងពេញលេញ និងគួរឱ្យអាម៉ាស់ដោយរុស្ស៊ីដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌»។
អ្នកស្រី Thomas-Greenfield បានថ្លែងបន្តទៀតថា «អស់រយៈពេល៤ឆ្នាំ របបនេះបានបដិសេធមិនឱ្យអង្គការសហប្រជាជាតិចូលទៅកាន់ជំរំ Rukban ដែលមានជនស៊ីវិលរាប់ពាន់នាក់រស់នៅនោះទេ ដោយទុកឱ្យពួកគេស្ថិតនៅក្នុងស្ថានភាពហៀបនឹងជួបគ្រោះមហន្តរាយ។ ថ្ងៃនេះ យើងកត់សម្គាល់រយៈពេលពីរខែចាប់តាំងពីរបបនេះបានរារាំងមិនឱ្យមានមធ្យោបាយធ្វើពាណិជ្ជកម្ម។ គ្រោះមហន្តរាយនោះ ហាក់កាន់តែជិតជាងមុនទៅទៀត។ ឥឡូវនេះ ស្បៀងអាហារ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ដមានការខ្វះខាត មានការប្រឈមនឹងការផ្ទុះឡើងនៃជំងឺ ការខ្វះអាហារូបត្ថម្ភ អសន្តិសុខស្បៀង ឬស្ថានភាពកាន់តែអាក្រក់សម្រាប់ជនស៊ីវិលរាប់ពាន់នាក់»។
អ្នកស្រី Thomas-Greenfield បានថ្លែងទៀតថា «សហរដ្ឋអាមេរិកអំពាវនាវឱ្យរបបលោក Assad សហការជាមួយសំណើរបស់អង្គការសហប្រជាជាតិដើម្បីបើកឱ្យមានការចូលដំណើរការពាណិជ្ជកម្មនៅជំរំ Rukban និងផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលរបស់ខ្លួនដោយឆ្លងកាត់ខ្សែបន្ទាត់កំណត់»។
អ្នកស្រី Thomas-Greenfield បានថ្លែងថា៖ «មិនមានហេតុផលក្នុងការការរារាំងការផ្តល់ជំនួយ និងមិនមានហេតុផលក្នុងការប្រព្រឹត្តអំពើឃោរឃៅដែលកំពុងត្រូវបានអនុវត្តនោះទេ។ គឺគ្មានទេ»។
អ្នកស្រី Thomas-Greenfield បានថ្លែងបន្តថា៖ «យើងជំរុញឱ្យប្រទេសរុស្ស៊ី និងរបបលោក Assad បញ្ឈប់ការរារាំងនេះនិងការដោះសារនានា។ អស់ពេលជាច្រើនឆ្នាំមកនេះ យើងបានដឹងថា ការមិនមានវឌ្ឍនភាពឆ្ពោះទៅរកដំណោះស្រាយនៅក្នុងប្រទេសស៊ីរី នឹងធ្វើឱ្យហានិភ័យនៃជម្លោះនៅក្នុងតំបន់កាន់តែរីកធំ។ ឥឡូវនេះ ហានិភ័យនោះបានក្លាយជាការពិតហើយ»។
អ្នកស្រី Thomas-Greenfield បានថ្លែងបន្តថា៖ «អ៊ីរ៉ង់និងភ្នាក់ងារ និងដៃគូរបស់ខ្លួនបានបង្កើនការប្រើប្រាស់ដែនដីស៊ីរីដើម្បីគំរាមកំហែងអ៊ីស្រាអែល និងចរាចរអាវុធដ៏គ្រោះថ្នាក់។ ដោយមិននិយាយដល់ការណ៍ដែលរបបលោក Assad ដាក់ពង្រាយអាវុធរបស់ខ្លួននៅដែនដីស៊ីរីនោះទេ ប្រជាពលរដ្ឋស៊ីរីខ្លួនឯងដឹងថា ភ្នាក់ងារ និងដៃគូសកម្មប្រយុទ្ធរបស់អ៊ីរ៉ង់ស្វែងរកតែវិធីដើម្បីជំរុញរបៀបវារៈរបស់ពួកគេក្នុងការបង្កអស្ថិរភាពប៉ុណ្ណោះ គឺមិនមែនដើម្បីជួយប្រជាពលរដ្ឋស៊ីរីនោះទេ»។
អ្នកស្រី Thomas-Greenfield បានថ្លែងបន្ថែមទៀតថា៖ «ក្នុងពេលដ៏គ្រោះថ្នាក់នេះ វាជារឿងសំខាន់ដែលយើងត្រូវធ្វើការដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការកើនឡើងនៅក្នុងប្រទេសស៊ីរី និងប្រទេសជិតខាង។ សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយដៃគូការទូតរបស់យើងឆ្ពោះទៅរកការសម្រេចកិច្ចការនេះ»៕