តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំង
មេដឹកនាំមកពីប្រទេសដែលជាសមាជិកអង្គការអូតង់ចំនួន៣២ប្រទេស និងអ្នកតំណាងមកពីប្រទេសជាដៃគូត្រូវបានទទួលស្វាគមន៍ដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនក្នុងខួបទី៧៥នៃការបង្កើតសម្ពន្ធភាពនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្លែងថា៖ «នៅទីនេះ ពួកគេបានចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងវ៉ាស៊ីនតោន ហើយបានបង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (អង្គការអូតង់) ដែលជាសម្ពន្ធភាពការពារដ៏ធំបំផុត និងមានប្រសិទ្ធភាពបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក»។
លោកប្រធានាធិបតី Biden បាននិយាយថា នៅថ្ងៃនេះ អង្គការអូតង់ មានថាមពលខ្លាំង និងមានធនធានល្អជាងអ្វីដែលខ្លួនធ្លាប់មាន។
លោកប្រធានាធិបតី Biden បាននិយាយទៀតថា៖ «វាជារឿងល្អដែលយើងមានកម្លាំងខ្លាំងជាងពេលណាៗទាំងអស់ ពីព្រោះពេលវេលានេះនៅក្នុងប្រវត្តិសាស្ត្រទាមទារឱ្យយើងពង្រឹងកម្លាំងរួមគ្នា។ មេដឹកនាំកាន់អំណាចផ្តាច់ការ ចង់ផ្តួលរំលំសណ្តាប់ធ្នាប់ជាសាកល ដែលត្រូវរក្សាបានអស់រយៈពេលជិត៨០ឆ្នាំមកនេះ និងបន្តទៅមុខទៀត។ ក្រុមភេរវជននៅតែបន្តរៀបចំផែនការអាក្រក់ ដើម្បីបង្កភាពអន្តរាយ ចលាចល និងការឈឺចាប់។ នៅអឺរ៉ុប សង្រ្គាមឈ្លានពានរបស់លោក Putin ប្រឆាំងនឹងអ៊ុយក្រែន នៅតែបន្ត។ ហើយលោក Putin ចង់បានការត្រួតត្រាទាំងស្រុងលើប្រទេសអ៊ុយក្រែន ហើយយើងដឹងថា លោក Putin នឹងមិនឈប់ត្រឹមអ៊ុយក្រែនទេ។ ក៏ប៉ុន្តែ សូមដឹងឱ្យច្បាស់ថា អ៊ុយក្រែនអាច ហើយនឹងបញ្ឈប់លោក Putin បាន ជាពិសេសតាមរយៈការគាំទ្រយ៉ាងពេញទំហឹង និងជារួមរបស់យើង ហើយពួកគេនឹងទទួលការគាំទ្រយ៉ាងពេញទំហឹងពីយើង»។
លោកប្រធានាធិបតី Biden បានកត់សម្គាល់ថា ដៃគូសម្ពន្ធមិត្តប្រមាណ២០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយប្រទេសអ៊ុយក្រែន ដោយមានប្រទេសជាច្រើនទៀតដែលនឹងចុះហត្ថលេខាដែរ។ លោកបានប្រកាសថា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ហូឡង់ រូម៉ានី និងអ៊ីតាលី នឹងផ្តល់សម្ភារៈដល់អ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសសម្រាប់ផ្នែកយុទ្ធសាស្ត្រចំនួនប្រាំបន្ថែមទៀត។ លោក Biden បាននិយាយទៀតថា «ហើយនៅក្នុងប៉ុន្មានខែខាងមុខនេះ សហរដ្ឋអាមេរិក និងដៃគូរបស់យើងមានបំណងផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសសម្រាប់ផ្នែកយុទ្ធសាស្ត្ររាប់សិបបន្ថែមទៀត»។
លោកប្រធានាធិបតី Biden បានថ្លែងទៀតថា៖ «សូមដឹងឱ្យច្បាស់ថា រុស្ស៊ីកំពុងបរាជ័យក្នុងសង្គ្រាមនេះ»។
លោកប្រធានាធិបតី Biden បានថ្លែងបន្តទៀតថា៖ «ជាងពីរឆ្នាំនៅក្នុងសង្គ្រាមដែលជាជម្រើសរបស់លោក Putin យើងឃើញថា ការខាតបង់របស់លោកគឺមានច្រើនដូចជា ទាហានរុស្ស៊ីជាង ៣៥០.០០០ នាក់បានស្លាប់ ឬរងរបួស។ ប្រជាពលរដ្ឋរុស្ស៊ីជិត១ លាននាក់ ដែលភាគច្រើនជាយុវជន បានចាកចេញពីប្រទេសរុស្ស៊ី ដោយសារតែពួកគេមើលមិនឃើញអនាគតនៅក្នុងប្រទេសរុស្ស៊ី ... ហើយចំណែកឯទីក្រុងកៀវ... នៅតែឈរបានក្នុងរយៈពេលពីរឆ្នាំកន្លះមកនេះ ហើយទីក្រុងនេះនឹងបន្តឈរទៅមុខទៀត»។
លោកប្រធានាធិបតី Biden បានថ្លែងបន្ថែមថា៖ «អង្គការអូតង់ នៅតែជាជញ្ជាំងការពារសន្តិសុខពិភពលោក»។
លោកប្រធានាធិបតី Biden បានថ្លែងបន្ថែមថា៖ «ម្តងហើយម្តងទៀត នៅគ្រាដ៏សំខាន់ យើងបានជ្រើសរើសការរួបរួមជាជាងការមិនចុះសម្រុងនឹងគ្នា វឌ្ឍនភាពជាជាងការរាថយ សេរីភាពជាជាងរបបផ្តាច់ការ និងក្តីសង្ឃឹមជាជាងការភ័យខ្លាច។ ម្តងហើយម្តងទៀត យើងបានគាំទ្រចក្ខុវិស័យរួមគ្នាចំពោះសហគមន៍ឆ្លងកាត់មហាសមុទ្រអាត្លង់ទិកមួយដែលប្រកបទៅដោយសន្តិភាព និងវិបុលភាព»។
លោកប្រធានាធិបតី Biden បានប្រកាសថា៖ «នៅទីនេះ នៅក្នុងកិច្ចប្រជុំកំពូលនេះ យើងប្រមូលផ្តុំគ្នាដើម្បីប្រកាសថា អង្គការអូតង់ត្រៀមខ្លួនរួចជាស្រេចហើយ ហើយអាចធានាចក្ខុវិស័យនោះនៅថ្ងៃនេះ និងពេលអនាគត»៕