បទវិចារណកថា៖ អ៊ីរ៉ង់​បន្ត​ការបង្ក្រាប​របស់​ខ្លួន​លើ​អ្នកកាសែត

រូបឯកសារ៖ ស្ត្រី​ម្នាក់​សម្លឹង​មើល​រូប​របស់​នាង Nazila Maroufian លើ​អេក្រង់​មួយ។ នាង Nazila Maroufian ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ប្រទេស​អ៊ីរ៉ង់​ដោយសារ​ការយក​ព័ត៌មាន​អំពី​ការតវ៉ា។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

អាជ្ញាធរ​អ៊ីរ៉ង់​កំពុង​បន្ត​ការ​បង្ក្រាប​របស់​ពួកគេ​ទៅលើ​អ្នក​កាសែត។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ប៉ាន់ស្មាន​ថា អ្នក​កាសែត​ជាង ៩០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​អ៊ីរ៉ង់​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ដែល​បាន​កើតឡើង​បន្ទាប់ពី​ការ​ស្លាប់​របស់​ស្ត្រី​អាយុ ២២ ឆ្នាំ​ម្នាក់​ឈ្មោះ Mahsa Amini នៅ​ក្រោម​សមត្ថកិច្ច​របស់​ប៉ូលិស​កាលពី​ខែ​កញ្ញា ឆ្នាំ ២០២២។

នាង Niloufar Hamedi និង​នាង Elaheh Mohammadi បាន​ចំណាយ​ពេល​ជាង ៣០០ ថ្ងៃ​ក្នុង​ពន្ធនាគារ ក្រោយពី​ពួកគេ​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​ខែ​កញ្ញា ​ឆ្នាំ​មុន។ នាង Hamedi បាន​រាយការណ៍​មុន​គេ​អំពី​ស្ថានភាព​ដុនដាប​របស់​នាង Amini ក្រោយពី​នាង​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស​ដែល​គេ​ហៅ​ថា «ប៉ូលិស​ផ្នែក​សីលធម៌» ចំពោះ​ការ​ពាក់​កន្សែង​គ្រប​ក្បាល​ដែល​គេ​ហៅ​ថា hijab មិន​បាន​ត្រឹមត្រូវ។

រូបភាព​ដែល​នាង Hamedi បាន​ថត ដែល​បង្ហាញ​អំពី​ឪពុក​ម្តាយ​នាង Mahsa Amini កំពុង​កើតទុក្ខ​នោះ ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ពាសពេញ​បណ្តាញ​សង្គម​អនឡាញ។ នាង Mohammadi បាន​ផ្សាយ​អំពី​បុណ្យ​សព​របស់​នាង Amini នៅ​ទីក្រុង Saqquez ហើយ​បាន​រាយការណ៍​អំពី​ការ​ចូលរួម​របស់​មនុស្ស​រាប់​ពាន់​នាក់។

ក្នុង​ការ​បំពេញ​ការងារ​របស់​ពួកគេ​ជា​អ្នក​កាសែត ស្ត្រី​ទាំង​ពីរ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ធ្វើ​ការ​ឃោសនា​ប្រឆាំង​នឹង​ប្រព័ន្ធ ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​សន្តិសុខ​ជាតិ និង​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក។ បទ​ចោទ​ទាំង​អស់​នេះ​អាច​នាំ​ឱ្យ​មាន​ទោស​ប្រហារ​ជីវិត។ ក្រោយពី​មាន​ការ​កាត់ទោស​ពួកគេ​កាលពី​ពេល​ថ្មីៗ​នេះ​ដែល​បាន​ធ្វើ​ឡើង​ដោយ​សម្ងាត់​រួច​មក នាង Hamedi និង​នាង Mohammadi ឥឡូវ​នេះ​កំពុង​រង់ចាំ​ការ​ប្រកាស​សាលក្រម ​និង​ការ​ប្រកាស​ទោស​របស់​ពួកគេ។

អាជ្ញាធរ​អ៊ីរ៉ង់​ក៏​កំពុង​ចាប់ខ្លួន​ឡើង​វិញ​ផង​ដែរ​នូវ​អ្នក​កាសែត​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​អំឡុង​ការ​ធ្វើ​បាតុកម្ម​ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​ក្រោយ​ពី​បាន​បង់​ប្រាក់​ដើម្បី​នៅ​ក្រៅ​ឃុំ ​ឬ​មួយ​ក៏​ត្រូវ​បាន​ផ្តល់​ការ​លើកលែង​ទោស។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​លោក Hossein Yazdi នាយក​នៃ​ប៉ុស្តិ៍​ព័ត៌មាន Iran Times នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ Telegram និង​នាង Nazila Maroufian អ្នក​កាសែត​មិន​ចំណុះ​ស្ថាប័ន​ផង​ដែរ។

អ្នក​កាសែត ២ នាក់​ទៀត​គឺ​អ្នកស្រី Saeedeh Shafiei និង​អ្នកស្រី Nasim Soltanbeigi ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដំបូង​ក្នុង​អំឡុង​ការ​ធ្វើ​បាតុកម្ម ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «ឃោសនា​ប្រឆាំង​នឹង​រដ្ឋ‍» និង «ការ​បញ្ចេញ​មតិ​ដែល​រំខាន​ដល់​សាធារណជន‍» នោះ កាលពី​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ២ ឆ្នាំ និង​ដាក់​កំហិត ២ ឆ្នាំ​នៅ​ក្នុង​សង្គម ដែល​រួម​មានទាំង​ការ​ហាម​មិន​ឱ្យ​ធ្វើ​សកម្មភាព​កាសែត ​និង​ការ​ហាម​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​ផង​ដែរ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Matthew Miller បាន​ថ្កោលទោស​ចំពោះ «ការ​បង្ក្រាប​ជា​បន្ត​របស់​របប​គ្រប់គ្រង​អ៊ីរ៉ង់​លើ​អ្នក​កាសែត​សម្រាប់​ការ​បំពេញ​ការងារ​ជា​អ្នក​កាសែត ដែល​ជា​ញឹកញយ​ធ្វើ​ឡើង​ដោយ​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ និង​មិន​អាច​ជឿ​បាន»។

លោក Miller ថ្លែង​ថា សកម្មភាព​របស់​របប​នេះ «នៅតែ​ជា​ការ​បំពាន​លើ​សិទ្ធិ​របស់​ពួកគេ ដែល​នេះ​ជា​អ្វី​ដែល​ពិភពលោក​កំពុង​តាម​ឃ្លាំ​មើល​ជា​បន្ត»៕