បទវិចារណកថា៖ អ៊ុយក្រែន​មាន​ការប្តេជ្ញា​ និង​ធន់​ទៅនឹង​ការប្រឈមមុខ​នឹង​ការវាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនា​សម្ពន្ធ​ថាមពល

រូបឯកសារ៖ បុគ្គលិក​ផ្នែក​ថាមពល​ជួសជុល​ឡើងវិញ​នូវ​ខ្សែ​បណ្តាញ​តង់ស្យុង​ខ្ពស់​ដែល​ត្រូវបាន​បំផ្លាញ​នៅក្នុង​ការវាយប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី ក្នុង​ពេល​ដែល​រុស្ស៊ី​វាយប្រហារ​លើ​ទីក្រុងកៀវ នៃ​ប្រទេស​អ៊ុយក្រែន។

តទៅនេះ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅក្នុង​ខែមីនា​កន្លង​ទៅ​នេះ រុស្ស៊ី​បាន​ចាប់ផ្តើម​បង្កើន​ការវាយប្រហារ​ទៅ​លើ​រោងចក្រ​ថាមពល​របស់​អ៊ុយក្រែន​តាមរយៈ​ការវាយលុក​ជា​បន្តបន្ទាប់​ដ៏ធំ និង​រយៈពេល​យូរ​បំផុត​ដែល​មិន​ធ្លាប់​មាន​ចាប់តាំងពី​សង្គ្រាម​បាន​ចាប់ផ្តើម។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ធនធាន​ថាមពល​លោក Geoffrey Pyatt បាន​សរសើរ​ដល់​ការឆ្លើយតប​ក្នុង​ការស្តារ​ឡើងវិញ​ដោយ​បុគ្គលិក​ផ្នែក​ថាមពល​របស់​អ៊ុយក្រែន រួមទាំង​នៅ​តំបន់ Kharkov Burshtyn Krivyi Rih Dnipro និង​តំបន់ Odesa។ លោក Pyatt ក៏​បាន​កត់សម្គាល់​ផងដែរ​នូវ​វិធានការ​ការពារ​ដោយ​ប្រយ៉ោល ដូចជា​ការពង្រឹង​ផ្នែក​វិស្វកម្ម​ដែល​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​អឺរ៉ុប​របស់ខ្លួន​បាន​ជួយ​គាំទ្រ​នោះបាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការប្រើប្រាស់​របស់​ពួកគេ​នៅ​ទីតាំង​មួយ​ចំនួន។

លោក​ឧបការី​រដ្ឋមន្រ្តី Pyatt បាន​ថ្លែងថា៖ «ក៏ប៉ុន្តែ លោក Putin ក៏​អាច​បង្ក​ការខូចខាត​យ៉ាង​ច្រើន​ផងដែរ។ ហើយ​ខ្ញុំ​គ្រាន់តែ​ចង់​គូសបញ្ជាក់​ថា វា​គួរ​ឱ្យ​សង្វេគ​យ៉ាងណា​ដែល​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​បន្ត​កំណត់​គោលដៅ​លើ​សម្ភារ​ស៊ីវិល​ទាំងនេះ​ដែល​គ្មាន​សម្ភារ​យោធា ដែល​ការបំផ្លាញ​នោះ​បាន​បង្ក​ការឈឺចាប់​និង​ទុក្ខវេទនា​ដល់​ពលរដ្ឋ​អ៊ុយក្រែន។ ហើយ​យើង​នឹង​ឆ្លើយ​តប»។

លោក​ឧបការី​រដ្ឋមន្រ្តី Pyatt បាន​និយាយ​ថា​ សហរដ្ឋ​អាមេរិក​និង​ដៃគូ​របស់ខ្លួន​នៅក្នុង​វិស័យ​ថាមពល​របស់​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿន​លឿន G7+ «នឹង​ស្វែងរក​ជំនួយ​ភ្លាមៗ ដូច​ដែល​យើង​បាន​ធ្វើ​តាំងពី​ខែតុលា ឆ្នាំ២០២២ នៅពេល​ដែល​ការវាយប្រហារ​លើ​វិស័យ​ថាមពល​ទាំងនេះ​បាន​ចាប់ផ្តើម។ យើង​ក៏​នឹង​បន្ត​ការងារ​របស់​យើង​ដើម្បី​ផ្តោត​លើ​គោលដៅ​រយៈពេលយូរ​របស់​អ៊ុយក្រែន​ក្នុង​ការកសាង​ប្រព័ន្ធ​ថាមពល​នា​ពេល​អនាគត​ដែល​កាន់តែ​ច្បាស់ កាន់តែ​បៃតង​ និង​ស្រប​តាម​បទដ្ឋាន​អឺរ៉ុប​យ៉ាងពេញលេញ»។

លោក​ឧបការី​រដ្ឋមន្រ្តី Pyatt បាន​និយាយ​ទៀត​ថា៖ «ក៏ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ផង​ដែរ​ថា លោក Putin កំពុង​បរាជ័យ។ ឥឡូវនេះ យើង​នៅ​ចុងបញ្ចប់​នៃ​រដូវរងា​ទីបី​នៃ​សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំងនឹង​ប្រជាជន​អ៊ុយក្រែន។ អ៊ុយក្រែន​បាន​បង្ហាញ​ពី​ភាព​ធន់​យ៉ាង​ខ្លាំង ដោយ​មួយ​ផ្នែក​ធំ​គឺ​ដោយសារ​ភាពក្លាហាន​របស់​បុគ្គលិក​ថាមពល​ពី​ក្រុមហ៊ុន​ដូចជា Ukrenergo និង DTEK ជាដើម។ កម្លាំង​តស៊ូ​នៅតែ​បន្ត។ លោក Putin បាន​បរាជ័យ​ក្នុង​កិច្ចប្រឹងប្រែង​នោះ។ លោក​បាន​បាត់បង់​អឺរ៉ុប​ជា​ទីផ្សារ​ថាមពល​របស់ខ្លួន។ ហើយ​យើង​ប្ដេជ្ញា​ធានា​ថា ភាព​បរាជ័យ​នេះ​នៅ​តែ​បន្ត​ទៅ​ទៀត»។

លោក​ឧបការី​រដ្ឋមន្ត្រី Pyatt បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក និង​ដៃគូ​របស់ខ្លួន «នឹង​ធ្វើអ្វីៗ​គ្រប់យ៉ាង​ទៅ​តាម​លទ្ធភាព​របស់​យើង ដើម្បី​ធានា​ថា សង្រ្គាម​របស់​លោក Putin នៅតែ​បន្ត​ជា​យុទ្ធសាស្ត្រ​បរាជ័យ​សម្រាប់​វិមាន​ក្រឹមឡាំង ហើយ​ថា អ៊ុយក្រែន​មាន​ធនធាន និង​អ្វី​ដែល​ពួកគេ​ត្រូវការ​ដើម្បី​យក​ឈ្នះ។ ហើយ​បន្ត​រក្សា​ភាព​ធន់​ដ៏​អស្ចារ្យ​ដែល​ពួកគេ​បាន​បង្ហាញ​រហូត​មក​ដល់​ពេល​នេះ»៕