Accessibility links

Breaking News

បទវិចារណកថា៖ ការដាក់​ទណ្ឌកម្ម​ភ្នាក់ងារ​នីការ៉ាហ្គា​ចំពោះ​ទង្វើ​ជិះជាន់


ប្រធានរដ្ឋសភាជាតិនីការ៉ាហ្គាលោក Gustavo Porras និង​ប្រធានាធិបតីនី​ការ៉ាហ្គា​លោក Daniel Ortega កាន់ដៃគ្នា​លើកឡើង​ក្នុង​អំឡុងពេល​នៃ​ការឡើង​កាន់តំណែង​ជា​ប្រធានាធិបតីនី​សម្រាប់​អាណត្តិ​ទី៤ ជាប់ៗគ្នា​របស់​លោក Ortega នៅទីក្រុង Managua ប្រទេស​នីការ៉ាហ្គា កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
ប្រធានរដ្ឋសភាជាតិនីការ៉ាហ្គាលោក Gustavo Porras និង​ប្រធានាធិបតីនី​ការ៉ាហ្គា​លោក Daniel Ortega កាន់ដៃគ្នា​លើកឡើង​ក្នុង​អំឡុងពេល​នៃ​ការឡើង​កាន់តំណែង​ជា​ប្រធានាធិបតីនី​សម្រាប់​អាណត្តិ​ទី៤ ជាប់ៗគ្នា​របស់​លោក Ortega នៅទីក្រុង Managua ប្រទេស​នីការ៉ាហ្គា កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សហរដ្ឋ​អាមេរិក ​រួម​ជាមួយ​នឹង​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត ​នឹង​បន្ត​គាំទ្រ​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​នីការ៉ាហ្គា។

ដើម្បី​សម្រេច​ឱ្យ​បាន​គោល​បំណង​នេះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​បាន​ប្រកាស​អំពី​វិធានការ​ដាក់​កំហិត​ទិដ្ឋាការ​លើ​បុគ្គល ១១៦ នាក់ ដែល​បាន​ឃុបឃិត​នៅក្នុង​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​នីការ៉ាហ្គា។ បុគ្គល​ទាំង​នោះ ​មាន​ដូចជា​អភិបាល រដ្ឋអាជ្ញា សាកលវិទ្យាធិការ មន្ត្រី​ប៉ូលិស មន្ត្រី​ពន្ធនាគារ និង​មន្ត្រី​យោធា​ជាដើម។

បន្ថែម​ពី​លើ​នេះ​ទៀត ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក ​បាន​ដាក់​ទណ្ឌកម្ម​លើ​សមាជិក ៦ នាក់ នៃ​របប​គ្រប់គ្រង​របស់​លោក​ប្រធានាធិបតី Daniel Ortega និង​អ្នកស្រី​អនុ​ប្រធានាធិបតី Rosario Murillo។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រកាស​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «យើង​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ​និង​ការ​ដាក់​កំហិត​ទិដ្ឋាការ​ទាំងនេះ​ គឺ​ដើម្បី​លើក​កម្ពស់​ការ​ទទួល​ខុសត្រូវ​សម្រាប់​ការ​គ្រប់គ្រង​បែប​អាជ្ញាធិបតេយ្យ ​និង​ការ​រំលោភ​បំពាន​របស់​របប​លោក Ortega និង​អ្នកស្រី Murillo»។

របប​នេះ ​នៅ​បន្ត​ឃុំឃាំង​អ្នកទោស​នយោបាយ ១៧០ នាក់ ដែល​អ្នក​ទាំងនោះ​ជាច្រើន​ បាន​រងគ្រោះ​ដោយសារ​កង្វះ​ម្ហូប​អាហារ​គ្រប់គ្រាន់​ និង​កង្វះ​សេវា​សុខាភិបាល​សមរម្យ។ អ្នក​ខ្លះ​ទៀត​ នៅតែ​ជាប់​ឃុំឃាំង​ដាច់​តែ​ឯង។

របប​លោក Ortega និង​អ្នកស្រី Murillo បាន​ចាប់ខ្លួន​បុគ្គល​ទាំងនេះ ​ដោយសារតែ​ពួកគេ​ធ្វើការ​ឱ្យ​សារព័ត៌មាន​ឯករាជ្យ ធ្វើការ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល មាន​បំណង​ចូល​ប្រកួត​នៅក្នុង​ការ​បោះឆ្នោត បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ជា​សាធារណៈ និង​មូលហេតុ​ផ្សេងៗ​ទៀត​ដែល​ការពារ​ដោយ​បទដ្ឋាន​ប្រជាធិបតេយ្យ​ដែល​ផ្អែក​លើ​គោលការណ៍។

លោក Brian Nelson រដ្ឋលេខាធិការ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ភេរវកម្ម​ និង​ព័ត៌មាន​សម្ងាត់​ផ្នែក​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ថា៖ «សហរដ្ឋ​អាមេរិក ​និង​ដៃគូ​របស់​សហរដ្ឋ​អាមេរិក ​កំពុង​បញ្ជូន​សារ​យ៉ាង​ច្បាស់​ទៅកាន់​លោក​ប្រធានាធិបតី Ortega អ្នកស្រី​អនុ​ប្រធានាធិបតី Murillo និង​ក្រុម​ផ្ទៃក្នុង​របស់​ពួកគេ​ថា យើង​នៅ​បន្ត​គាំទ្រ​ប្រជាពលរដ្ឋ​នីការ៉ាហ្គា​ចំពោះ​ការ​អំពាវនាវ​របស់​ពួកគេ​ឱ្យ​មាន​ការ​ដោះលែង​ជា​បន្ទាន់​នូវ​អ្នកទោស​នយោបាយ​ និង​ការ​វិល​ត្រឡប់​មកវិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក​រដ្ឋមន្ត្រី Blinken បាន​មាន​ប្រសាសន៍​ថា៖ «យើង​ចូលរួម​ជាមួយ​នឹង​សហភាព​អឺរ៉ុប​នៅក្នុង​ការ​ប្រឆាំង​ខ្លាំងក្លា​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​មិន​គោរព​ប្រជាពលរដ្ឋ​នីការ៉ាហ្គា ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​របប​លោក Ortega និង​អ្នកស្រី Murillo»។

លោក​ប្រធានាធិបតី Ortega បាន​ស្បថ​ចូល​កាន់​តំណែង​ដោយ​ខ្លួនឯង​សម្រាប់​អាណត្តិ​ប្រធានាធិបតី​ថ្មី ប៉ុន្តែ ការ​បោះឆ្នោត​កំណត់​ទុក​ជាមុន​ដែល​លោក​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី ៧ ខែ​វិច្ឆិកា ​ឆ្នាំ​មុន មិន​បាន​ផ្ដល់​ឱ្យ​លោក​នូវ​អាណត្តិ​ដឹកនាំ​ថ្មី​បែប​ប្រជាធិបតេយ្យ​នោះទេ។ មានតែ​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​តែ​ប៉ុណ្ណោះ ​ដែល​អាច​ផ្ដល់​នូវ​អាណត្តិ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​បាន។ ប្រជាពលរដ្ឋ​នីការ៉ាហ្គា​ មិន​សក្ដិសម​ទទួល​បាន​អ្វី​តិច​ជាង​នេះឡើយ៕

XS
SM
MD
LG