តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងសុន្ទរកថាកាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិនលោក Xi Jinping បានសង្កត់ធ្ងន់អំពីតម្រូវការសម្រាប់ប្រទេសចិននៅក្នុងការបន្តនូវអ្វីដែលលោកហៅថាជា«ការធ្វើឱ្យសាសនាឥស្លាមមានលក្ខណៈបែបចិន» នៅក្នុងតំបន់ស្វយ័ត Xinjiang របស់ជាតិសាសន៍អ៊ុយហ្គ័រ (Uyghur) ក្នុងប្រទេសចិន។
សហរដ្ឋអាមេរិកបានហៅអ្វីដែលកំពុងកើតឡើងចំពោះជាតិសាសន៍អ៊ុយហ្គ័រ និងជាតិសាសន៍ភាគតិចផ្សេងទៀតដែលភាគច្រើនកាន់សាសនាឥស្លាមនៅក្នុងតំបន់ Xinjiang ថាជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនិងអំពើប្រល័យពូជសាសន៍។
អំពើឃោរឃៅទាំងនេះរួមមានពលកម្មដោយបង្ខំ ការបញ្ជ្រៀបឥទ្ធិពលដោយបង្ខំ ការធ្វើឱ្យគ្មានកូនដោយបង្ខំ ការបំបែកបំបាក់គ្រួសារ និងការឃុំឃាំងនៅក្នុងជំរំឃុំឃាំង។
ឯកអគ្គរដ្ឋទូតពិសេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការយុត្តិធម៌ព្រហ្មទណ្ឌសាកលអ្នកស្រី Beth Van Schaack បានកត់សម្គាល់ឃើញបញ្ហាប្រឈមចំពោះការបង្កើតវិធីឆ្ពោះទៅរកយុត្តិធម៌និងការទទួលខុសត្រូវសម្រាប់អ្នកប្រព្រឹត្តិឧក្រិដ្ឋកម្មនៅក្នុងតំបន់ Xinjiang។
អ្នកស្រីឯកអគ្គរដ្ឋទូត Van Schaack ថ្លែងដូច្នេះថា៖ «វាមិនមែនមានន័យថា យើងនៅអង្គុយស្ងៀម ឬមិននិយាយអ្វីនោះទេ។ ដំបូង យើងត្រូវតែបន្តហៅអំពើឃោរឃៅទាំងនេះឱ្យចំឈ្មោះ ដែលនោះគឺឧក្រិដ្ឋម្មប្រឆាំងនឹងមនុស្សជាតិនិងអំពើប្រល័យពូជសាសន៍។ ...ពិភពលោកត្រូវតែឈរឱ្យបានរឹងមាំប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងពីរនេះ ទាំងពាក្យសម្ដី និងសកម្មភាព»។
អ្នកស្រីឯកអគ្គរដ្ឋទូត Van Schaack បានកត់សម្គាល់ថា ការកត់ត្រានូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងដោយរដ្ឋាភិបាលចិននៅក្នុងតំបន់ Xinjiang គឺ «មានច្រើនជាអនេកមិនគួរឱ្យជឿ»។
អ្នកស្រីមានប្រសាសន៍ដូច្នេះថា៖ «អ្នកសិក្សាអប់រំនិងអ្នកស្រាវជ្រាវឯករាជ្យកំពុងពិនិត្យពិច័យលើសេចក្ដីណែនាំគោលនយោបាយនិងវេបសាយនានា។ សាក្សីកំពុងចែករំលែកបទពិសោធន៍របស់ខ្លួន។ អង្គការក្រៅរដ្ឋាភិបាលកំពុងវិភាគលើរូបភាពផ្កាយរណបពាណិជ្ជកម្មអំពីមជ្ឈមណ្ឌលឃុំឃាំងនិងទីបញ្ចុះសពរបស់អ្នកកាន់សាសនាឥស្លាមនិងព្រះវិហារឥស្លាមដែលរងការបំផ្លាញ។ សង្វាក់ផ្គត់ផ្គង់ដែលប្រឡូកប្រឡាក់ដោយពលកម្មដោយបង្ខំកំពុងត្រូវបានតាមដាននិងវិភាគ»។
អ្នកស្រីឯកអគ្គរដ្ឋទូត Van Schaack បាននិយាយថា ការកត់ត្រាអំពីឧក្រិដ្ឋកម្មនេះគឺសំខាន់សម្រាប់ការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងនៅក្នុងតំបន់ Xinjiang។
នៅក្នុងឆ្នាំ ២០២១ សភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់បង្ការពលកម្មដោយបង្ខំលើជាតិសាសន៍អ៊ុយហ្គ័រ (Uyghur Forced Labor Prevention Act) ដែលបានបង្កើតនូវការសន្មតទុកជាមុនថាទំនិញជារ៉ែដែលរុករកបាននិងទំនិញដែលផលិតនៅក្នុងតំបន់ Xinjiang គឺធ្វើឡើងដោយពលកម្មដោយបង្ខំនិងត្រូវបានហាមឃាត់មិនឱ្យនាំចូលទៅក្នុងសហរដ្ឋអាមេរិក។
បន្ថែមពីលើនេះទៀត តាំងពីឆ្នាំ ២០២០ មក សហរដ្ឋអាមេរិកបានកំណត់បុគ្គល ១២ នាក់ដែលជាប់ពាក់ព័ន្ធជាមួយនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងតំបន់ Xinjiang នៅក្រោមកម្មវិធីដាក់ទណ្ឌកម្មនៅក្រោមច្បាប់ Magnitsky សាកល (Global Magnitsky) និងបានដាក់កំហិតទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលចិននិងមន្ត្រីគណបក្សកុម្មុយនីស្តចិនជាច្រើននាក់សម្រាប់ការពាក់ព័ន្ធរបស់ពួកគេនៅក្នុងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាក់ស្ដែងនៅក្នុងតំបន់ Xinjiang។
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានដាក់កំហិតលើអង្គភាពចិនរាប់សិបកន្លែងដែលជាប់ពាក់ព័ន្ធជាមួយនឹងការរំលោភបំពាននៅក្នុងតំបន់ Xinjiang មិនឱ្យប្រើប្រាស់ទីផ្សាររបស់សហរដ្ឋអាមេរិក។
អ្នកស្រីឯកអគ្គរដ្ឋទូត Van Schaack បានថ្លែងថា៖ «យើងក៏បានចេញផ្សាយសេចក្ដីណែនាំអាជីវកម្មអំពីសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ Xinjiang ផងដែរដើម្បីរំលេចឡើងឱ្យឃើញនូវហានិភ័យខ្ពស់ចំពោះអាជីវកម្មនានាដែលពាក់ព័ន្ធនឹងសង្វាក់ផ្គត់ផ្គង់និងការវិនិយោគនៅក្នុងតំបន់ Xinjiang ដោយសារតែអង្គភាពនានាបានពាក់ព័ន្ធនៅក្នុងពលកម្មដោយបង្ខំនិងការរំលោភសិទ្ធិមនុស្សផ្សេងទៀតនៅទីនោះនិងនៅទូទាំងប្រទេសចិន»។
អ្នកស្រីឯកអគ្គរដ្ឋទូត Van Schaack បានបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តនាំមុខក្នុងការដាក់ឱ្យមានផលវិបាកលើបុគ្គលនិងអង្គភាពដែលជាប់ពាក់ព័ន្ធជាមួយនឹងអំពើឃោរឃៅដែលប្រព្រឹត្តិឡើងនៅក្នុងប្រទេសចិននិងនៅទូទាំងពិភពលោក៕