តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីឆ្នាំ ១៩៦២ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក John F. Kennedy បានកត់សម្គាល់ថា សហរដ្ឋអាមេរិកនិងប្រទេសអេក្វាទ័រ «ប្រឡូកនៅក្នុងដំណើរផ្សងព្រេងដ៏អស្ចារ្យមួយនៅក្នុងប្រវត្តិសាស្ត្រនៃអឌ្ឍគោលនេះ ហើយជាការពិតនៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិនិងការរីកចម្រើន»។
ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អ្នកស្រី Samantha Power បាននិយាយថា៖ «លោក Kennedy ចង់សំដៅលើកិច្ចការកសាងអនាគតមួយដែលមានប្រជាធិបតេយ្យនិងវឌ្ឍនភាពប្រសើរជាងមុនសម្រាប់មនុស្សគ្រប់គ្នាដែលរស់នៅក្នុងអឌ្ឍគោលខាងលិច»។
អ្នកស្រី Power ថ្លែងដូច្នេះថា៖ «អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ទីភ្នាក់ងារ USAID បានធ្វើការរួមជាមួយនឹងប្រជាជននៃប្រទេសអេក្វាទ័រដើម្បីសាងសង់សាលារៀន ផ្លូវជាតិល្បឿនលឿន ប្រព័ន្ធទឹកនិងអនាម័យ និងដើម្បីរក្សាជីវចម្រុះដ៏មានតម្លៃរាប់លានហិកតា...ក៏ដូចជាដើម្បីលើកកម្ពស់សុខភាពកុមារនិងស្ត្រីមានផ្ទៃពោះ និងកសាងស្ថាប័នប្រជាធិបតេយ្យដ៏ខ្លាំងក្លាជាងមុនផងដែរ»។
ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេក្វាទ័រកាលពីដើមខែវិច្ឆិកាកន្លងទៅនេះ អ្នកស្រី Power បានកំណត់អាទិភាពចម្បង ៣ របស់ប្រជាជននៅទីនោះ។
អាទិភាពទីមួយគឺសន្តិសុខ។ ហេតុដូចនេះហើយបានជាទីភ្នាក់ងារ USAID ចាប់ផ្ដើមអនុវត្តនូវកម្មវិធី PILARES ដែលជាគម្រោងមួយដែលមានទឹកប្រាក់ ១៧ លាន ៧ សែនដុល្លារ «ដើម្បីឱ្យមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងថ្នាក់ដឹកនាំសហគមន៍ដែលកំពុងធ្វើការដើម្បីកាត់បន្ថយឧក្រិដ្ឋកម្មនៅទូទាំងប្រទេសអេក្វាទ័រមកធ្វើការជាមួយគ្នា»។
អ្នកស្រី Power បានលើកឡើងថា៖ «កម្មវិធី PILARES នេះបានជួយដល់រដ្ឋបាលក្រុងចំនួន ៩ រួចមកហើយ...ឱ្យធ្វើការជាមួយនឹងប្រជាពលរដ្ឋដើម្បីបង្កើតនិងអនុវត្តយុទ្ធសាស្ត្រទូលំទូលាយក្នុងការកាត់បន្ថយឧក្រិដ្ឋកម្ម។ ករណីនេះមានន័យថាមិនមែនត្រឹមតែជាការយាមល្បាតឱ្យបានប្រសើរជាងមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការកសាងសហគមន៍ឱ្យកាន់តែមានសន្តិសុខជាងមុនផងដែរតាមរយៈការដំឡើងប្រព័ន្ធប្រកាសអាសន្នក្នុងសហគមន៍ ការដាក់ភ្លើងបំភ្លឺឱ្យបានភ្លឺជាងមុន ការបង្កើតក្រុមប្រឹក្សាក្នុងតំបន់រស់នៅរបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់មធ្យោបាយសម្រាប់ពលរដ្ឋនៅក្នុងការទទួលបានព័ត៌មានអំពីសន្តិសុខនិងការការពារខ្លួនដែលអាចជួយធ្វើឱ្យពួកគេមានសុវត្ថិភាព»។
អាទិភាពទីពីរគឺភាពចាំបាច់សម្រាប់ថ្នាក់ដឹកនាំនៅគ្រប់កម្រិតទាំងអស់របស់រដ្ឋាភិបាលក្នុងការមានលទ្ធភាពអាចបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ «ជាពិសេសសហគមន៍ដែលគេមិនសូវយកចិត្តទុកដាក់ក្នុងពេលកន្លងមក»។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Power។
អ្នកស្រី Power បាននិយាយថា កម្មវិធីថ្មីមួយដែលមានឈ្មោះថា «Tu Municipio Responde ឬហៅកាត់ថា TuMUNI នឹងជួយសម្រួលដល់អាទិភាពនេះដោយជួយរដ្ឋបាលមូលដ្ឋាននៅក្នុងការឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋតាមរយៈការពង្រីកលទ្ធភាពនៅក្នុងការទទួលបានទឹកនិងអនាម័យ និងសេវាសាធារណៈផ្សេងទៀត»។
អាទិភាពទីបីគឺថាគេឃើញថា «មានតម្រូវការចាំបាច់នៅក្នុងការពង្រីកឱកាសសេដ្ឋកិច្ចសម្រាប់សហគមន៍ដែលគេមិនសូវយកចិត្តទុកដាក់ខ្លាំង»។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Power។
ដូច្នេះ ទីភ្នាក់ងារ USAID បានបង្កើតភាពជាដៃគូរវាងរដ្ឋនិងឯកជនថ្មីមួយជាមួយនឹងបណ្ដាញផ្សារទំនើបនាំមុខ La Favorita របស់ប្រទេសអេក្វាទ័រ។
អ្នកស្រី Power បានថ្លែងថា៖ «ភាពជាដៃគូរវាងរដ្ឋនិងឯកជននេះនឹងផ្ដល់ដល់កសិករខ្នាតតូចនូវជំនួយបច្ចេកទេស ការបណ្ដុះបណ្ដាល និងលទ្ធភាពទទួលបានហិរញ្ញវត្ថុដែលពួកគេត្រូវការដើម្បីដាំដំណាំក្នុងបរិមាណដែលគេត្រូវការនិងគុណភាពស្របតាមលក្ខខណ្ឌរបស់សាជីវកម្ម Corporación Favorita»។
អ្នកស្រីបានបន្ថែមថា៖ «ខ្ញុំជឿថា យើងកំពុងស្ថិតនៅលើអ្វីដែលលោកអតីតប្រធានាធិបតី Kennedy បានហៅថាជាដំណើរផ្សងព្រេងដ៏អស្ចារ្យវែងឆ្ងាយមួយនៅក្នុងការកសាងអនាគតដែលមានសន្តិសុខ ភាពសម្បូររុងរឿង និងប្រជាធិបតេយ្យប្រសើរជាងមុនសម្រាប់មនុស្សទាំងអស់នៅក្នុងតំបន់នេះ»៕