តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកនិងប្រទេសវៀតណាម បានបង្កើនកម្រិតទំនាក់ទំនងរបស់ខ្លួន ក្នុងអំឡុងទស្សនកិច្ចមួយទៅកាន់ប្រទេសវៀតណាម ដែលលោកប្រធានាធិបតីសហរដ្ឋ អាមេរិក Joe Biden បានហៅថា ជា«ឱកាសប្រវត្តិសាស្ត្រ»។
១០ឆ្នាំ បន្ទាប់ពីរដ្ឋបាលលោក Obama បានដាក់បញ្ជូលឱ្យមានភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម លោកប្រធានាធិបតី Joe Bidenនិងអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ដោយទទួលស្គាល់នូវការជឿនលឿនក្នុងការយោគយល់និងទុកចិត្តគ្នាទៅវិញទៅមក បានបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមួយ។
នៅក្នុងសេចក្តីថ្លែងកត់សម្គាល់ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Trong លោក Biden និយាយថា៖ «យើងអាចពិនិត្យមើលការវិវត្តទៅមុខ ក្នុងទំនាក់ទំនង៥០ឆ្នាំនៃប្រទេសទាំងពីររបស់យើង ពីជម្លោះដល់ការធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយគ្នាឡើងវិញ រហូតដល់ការលើកកម្ពស់ឋានៈថ្មីនៅពេលនេះ នឹងក្លាយជាកម្លាំងជំរុញមួយ សម្រាប់វិបុលភាពនិងសន្តិសុខនៅក្នុងចំណោមតំបន់មួយ ដែលមានសារៈសំខាន់បំផុតនៅក្នុងពិភពលោក»។
លោក Biden កត់សម្គាល់ថា កិច្ចសហប្រតិបត្តិការដ៏ជ្រាលជ្រៅនេះ គ្របដណ្តប់លើបញ្ហានានា ដែលរួមមានដូចជាបច្ចេកវិទ្យាដែលទើបលេចឡើងនិងមានសារៈសំខាន់ ជាពិសេសជុំវិញការបង្កើតនូវសង្វាក់ផ្គត់ផ្គង់បន្ទះឈីប semiconductor ដែលមានភាពធន់ខ្លាំង។
ដោយសន្យាលើកកម្ពស់តួនាទីរបស់វៀតណាមក្នុងវិស័យឧស្សហកម្មសហរដ្ឋអាមេរិកនិងប្រទេសវៀតណាម នឹងដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមការអភិវឌ្ឍកម្លាំងពលកម្មលើបន្ទះ semiconductor ដោយចាប់ផ្តើមជាមួយនឹងថវិកាផ្តួចផ្តើមចំនួន២លានដុល្លាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយរួមជាមួយនឹងការគាំទ្រពីវិស័យឯកជននិងរដ្ឋាភិបាលវៀតណាម ក្នុងពេលអនាគតផងដែរ។
ទន្ទឹមនឹងនេះដែរ ពាណិជ្ជកម្មនិងវិនិយោគនឹងត្រូវពង្រីកបន្ថែមទៀតទៅដល់វិស័យផ្សេងៗទៀត។ លោក Biden ក៏បានលើកឡើងពីឧទាហរណ៍នៃក្រុមហ៊ុនវៀតណាមមួយ ដែលបានចុះកិច្ចសន្យាផលិតរថយន្តអគ្គិសនីនិងអាគុយរថយន្ត ដែលប្រើដើមទុនប្រមាណ៤ពាន់លានដុល្លារអាមេរិកក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក ដែលបង្កើតឱ្យមានការងារធ្វើសម្រាប់មនុស្សជាង៧ពាន់ក្នុងសហរដ្ឋអាមេរិក។
កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត រួមមានការដោះស្រាយវិបត្តិអាកាសធាតុ និងការបង្កើនការប្តូរទៅរកការប្រើប្រាស់ថាមពលស្អាតរបស់វៀតណាម ការពង្រឹងសន្តិសុខសុខភាពសាកល និងការព្យាបាលជំងឺមហារីកនិងជំងឺអេដស៍ដោយការប្រើបច្ចេកវិទ្យាទំនើប និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខផងដែរ។
លោក Biden បានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស ក្នុងការជួបពិភាក្សារបស់លោកជាមួយក្រុមមេដឹកនាំវៀតណាមថា «ជាអាទិភាពមួយនៃរដ្ឋបាលរបស់ខ្ញុំនិងពលរដ្ឋអាមេរិកកាំងផងដែរ យើងនឹងបន្តនូវការសន្ទនាគ្នាដោយត្រង់ទៅត្រង់លើបញ្ហានេះ»។
លោកប្រធានាធិបតីបាននិយាយថា «ទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋនឹងពង្រីកថែមទៀត។ នេះជាចំណុចសំខាន់ក្នុងភាពជាដៃគូរបស់យើង។ សហរដ្ឋអាមេរិកនិងប្រទេសវៀតណាម «នឹងវិនិយោគក្នុងការពង្រឹងកម្លាំងពលកម្មជំនាញ STEM ដោយលើកកម្ពស់នូវការផ្លាស់ប្តូរការអប់រំ និងកិច្ចសហការគ្នាក្នុងចំណោមអ្នកវិទ្យាសាស្ត្ររបស់យើង សហគ្រិនរបស់យើង និងអ្នកច្នៃប្រឌិតបង្កើតផ្សេងៗ ដើម្បីធ្វើការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង ដើម្បីចាប់យកឱកាសដ៏សំខាន់នៃយុគសម័យបច្ចេកវិទ្យាទំនើបនេះ។
លោកប្រធានាធិបតី Biden បានប្រកាសថា «វៀតណាមជាប្រទេសដែលមានអំណាច្សំខាន់មួយ នៅក្នុងពិភពលោក និងជាប្រទេសនាំមុខគេមួយក្នុងតំបន់ដ៏សំខាន់នេះ។ ខ្ញុំទន្ទឹងរង់ចាំបន្តសករាជថ្មីនៃប្រទេសយើងទាំងពីរ»៕