តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក Daniel Kritenbrink បាននិយាយថា «សហរដ្ឋអាមេរិកជាប្រទេសជាតិមួយនៃតំបន់ប៉ាស៊ីហ្វិក ហើយយើងមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងវប្បធម៌រួមដ៏យូរអង្វែងជាមួយប្រទេសជាកោះដែលនៅជិតខាងរបស់យើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ភាពរុងរឿង និងភាពមានសន្តិសុខរបស់សហរដ្ឋអាមេរិក អាស្រ័យទៅលើការបន្តមានភាពសេរី និងបើកចំហ វិបុលភាព សុវត្ថិភាព និងភាពធន់របស់បណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក»។
ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសលោក Daniel Kritenbrink បាននិយាយថា បណ្តាប្រទេសជាកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗចំពោះសន្តិសុខ និងវិបុលភាពរបស់ពួកគេ ដែលរួមមានទាំងបញ្ហាប្រែប្រួលអាកាសធាតុ និងវិបត្តិសេដ្ឋកិច្ច និងពីអាកប្បកិរិយាប្រកបដោយបញ្ហារបស់សាធារណរដ្ឋប្រជាមានិតចិនដែលកាន់តែគឃ្លើន។
លោក Daniel Kritenbrink ថ្លែងថា៖ «យើងមិនមែនកំពុងបង្ខំឱ្យប្រទេសនានាធ្វើការជ្រើសរើស ទាំងនៅតំបន់ប៉ាស៊ីហ្វិក ឬកន្លែងណាផ្សេងទៀតក៏ដោយ។ ក៏ប៉ុន្តែ យើងចង់ធ្វើឱ្យប្រាកដថា ប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកមានជម្រើសនិងលទ្ធភាពក្នុងការសម្រេចចិត្តអំពីអធិបតេយ្យភាពរបស់ខ្លួនដោយគ្មានការបង្ខិតបង្ខំ»។
ដោយហេតុផលខាងលើនេះ សហរដ្ឋអាមេរិកនឹងផ្តល់មូលនិធិដែលគិតជាប្រាក់មានចំនួនជាង៧ពាន់លានដុល្លារសម្រាប់កិច្ចព្រមព្រៀងសំខាន់ៗ និងកម្មវិធីថ្មីៗនៅក្នុងតំបន់កោះប៉ាស៊ីហ្វិក។ ការណ៍នោះរាប់បញ្ចូលទាំងការផ្តល់មូលនិធិសម្រាប់កិច្ចព្រមព្រៀងនៃសមាគមសេរី ឬ Compacts of Free Association (COFA) ដែលជាកិច្ចព្រមព្រៀងជាមួយប្រទេសប៉ាឡាវ (Palau) ប្រទេសកោះម៉ាសាល់ Marshall Islands និងប្រទេសមីក្រូណេស៊ី (Micronesia) ដែលផ្តល់សិទ្ធិផ្តាច់មុខឱ្យយោធាសហរដ្ឋអាមេរិកជាថ្នូរនឹងការគាំទ្រផ្នែកសេដ្ឋកិច្ច។ ឧបការីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងតំបន់ប៉ាស៊ីហ្វិកលោក Ely Ratner បាននិយាយថា កិច្ចព្រមព្រៀងទាំងនោះមានសារៈសំខាន់បំផុត។
លោក Ely Ratner បាននិយាយថា៖ «កិច្ចព្រមព្រៀងទាំងនេះផ្តល់នូវសិទ្ធិចូលប្រើ ប្រាស់ដែលមានការធានាសម្រាប់ប្រតិបត្តិការរបស់យើង ហើយកិច្ចព្រមព្រៀងទាំងនេះរារាំងសត្រូវមិនឱ្យមានសិទ្ធិចូលទៅកាន់ដែនអធិបតេយ្យ ដែនអាកាសនិងដែនទឹក។ សរុបសេចក្តីទៅចំណុចសំខាន់គឺថា កិច្ចព្រមព្រៀងទាំងនេះជួយធានាផ្នែកមួយនៃឥណ្ឌូប៉ាស៊ីហ្វិកដែលធំជាងទ្វីបអាមេរិក ... យើងក៏ដឹងដែរថាសាធារណរដ្ឋប្រជាមានិតចិនកំពុងប្រើវិធីបង្ខិតបង្ខំជាច្រើនក្នុងការប៉ុនប៉ងដើម្បីលុបបំបាត់ភាពជាដៃគូរបស់សហរដ្ឋអាមេរិកដែលមានរយៈពេលយូរ និងដើម្បីជំរុញឥទ្ធិពលរបស់ចិនផ្ទាល់»។
អភិបាលរងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID) លោក Michael Schiffer បាននិយាយថា ទីភ្នាក់ងារ USAID ផ្តល់ជូនបណ្តាប្រទេសជាកោះនៅមហាសមុទ្រប៉ាស៊ីហ្វិកនូវវិធីផ្សេង៖
លោក Michael Schiffer បាននិយាយថា៖ «គំរូនៃការអភិវឌ្ឍស្របតាមតម្រូវការ និងសេចក្តីប្រាថ្នារបស់ពួកគេ ដែលមានឫសគល់នៅក្នុងពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច ការដាក់រួមបញ្ចូល និងដំណោះស្រាយដែលដឹកនាំក្នុងមូលដ្ឋាន និងនៅក្នុងគុណតម្លៃប្រជាធិបតេយ្យដែលផ្លាស់ប្តូរភពផែនដីរបស់យើង»។
លោក Schiffer បាននិយាយទៀតថា ការសម្រេចបានគោលដៅទាំងនេះ គឺអាស្រ័យលើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍មូលដ្ឋាន ប្រទេសនីមួយៗ ក៏ដូចជាអង្គការដែលដឹកនាំដោយតំបន់ប៉ាស៊ីហ្វិក។
សហរដ្ឋអាមេរិកនឹងបន្តធ្វើឱ្យទំនាក់ទំនងផ្នែកការទូត ការការពារជាតិ និងការអភិវឌ្ឍជាមួយនឹងតំបន់ប្រជុំកោះប៉ាស៊ីហ្វិកកាន់តែស៊ីជម្រៅថែមទៀត។ ដូចដែលលោក Schiffer បានប្រកាសថា «វត្តមានយូរអង្វែងមានសារៈសំខាន់»៕
បទវិចារណកថា៖ ការពង្រឹងទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយបណ្តាប្រទេសជាកោះនៅមហាសមុទ្រប៉ាស៊ីហ្វិក
