តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
លោក Jose Fernandez អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការការលូតលាស់សេដ្ឋកិច្ច ថាមពល និងបរិស្ថាន កាលពីពេលថ្មីៗនេះបានធ្វើដំណើរទៅកាន់ប្រទេសដែលជាសម្ពន្ធមិត្ត និងជាដៃគូរបស់សហរដ្ឋអាមេរិកចំនួនបីនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ និងជួយធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងតំបន់នោះកាន់តែរឹងមាំ។
លោកបានជួបជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល មេដឹកនាំផ្នែកធុរកិច្ច និងអ្នកដឹកនាំផ្នែកការសិក្សារៀនសូត្រនៅប្រទេសវៀតណាម ហ្វីលីពីន និងសាធារណរដ្ឋកូរ៉េ។ នៅក្នុងសន្និសីទសារព័ត៌មាន លោក Fernandez បានគូសបញ្ជាក់ពីលទ្ធផលសំខាន់ៗមួយចំនួន។
លោក Jose Fernandez បានថ្លែងថា៖ «នៅវៀតណាម ខ្ញុំបានផ្តោតទៅលើការបង្កើនឱកាសពាណិជ្ជកម្ម អន្តរកាលនៃការប្រើប្រាស់ថាមពលស្អាត កិច្ចសហប្រតិបត្តិការផលិតអង្គធាតុពាក់កណ្ដាលចម្លង (semiconductor) និងការផ្គត់ផ្គង់ ព្រមទាំងការជំរុញភាពជាដៃគូសេដ្ឋកិច្ចរបស់យើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Biden កាលពីខែកញ្ញា ឆ្នាំមុន»។
លោក Fernandez បានកត់សម្គាល់ថាពាណិជ្ជកម្មអាមេរិកជាមួយវៀតណាមបានឈានដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក គឺគិតជាទឹកប្រាក់មានចំនួន១៤០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ លោកបាននិយាយទៀតថា សហរដ្ឋអាមេរិកមានភាពរីករាយដែលវៀតណាមបានស្នើសុំឱ្យមានការពិនិត្យឡើងវិញលើការកំណត់របស់ខ្លួនថាជាសេដ្ឋកិច្ចមិនមែនទីផ្សារកាលពីឆ្នាំមុន។ កាលពីខែតុលា ឆ្នាំមុន ក្រសួងពាណិជ្ជ កម្មបានឆ្លើយតបដោយចាប់ផ្តើមពិនិត្យលើកំណែទម្រង់ទីផ្សាររបស់វៀតណាម។
លោក Jose Fernandez បានថ្លែងបន្តថា៖«នៅក្នុងប្រទេសហ្វីលីពីន យើងបានធានាដល់ដៃគូរបស់យើងនូវការគាំទ្រឥតងាករេរបស់យើងចំពោះការធ្វើឱ្យសេដ្ឋកិច្ចមានភាពរឹងមាំ និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសហ្វីលីពីន ហើយយើងក៏បានផ្តោតទៅលើការពង្រីកទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរបស់យើង និងឱកាសវិនិយោគក្នុងវិស័យជាច្រើនផងដែរ»។
លោក Jose Fernandez បានថ្លែងបន្ថែមទៀតថា៖ «យើងបានពិភាក្សាយ៉ាងយូរជា មួយហ្វីលីពីនអំពីរ៉ែសំខាន់ៗ... បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ប្រទេសហ្វីលីពីន មានរ៉ែនីកែលច្រើនជាងគេបំផុតក្នុងពិភពលោក ហើយនោះជាឱកាសមួយ ហើយវាក៏ត្រូវគ្នានឹងអ្វីដែលយើងកំពុងព្យាយាមធ្វើដែលជាផ្នែកមួយនៃការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ ផ្គង់របស់យើង»។
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សាធារណរដ្ឋកូរ៉េ លោក Fernandez បានដឹកនាំកិច្ចសន្ទនាដែលមានការចូលរួមពីសំណាក់អ្នកដឹកនាំសេដ្ឋកិច្ចជាន់ខ្ពស់ ដែលលោកបាននិយាយថា «បានបង្ហាញពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីដ៏រឹងមាំរបស់យើង»។
លោក Jose Fernandez បានថ្លែងទៀតថា៖ «យើងបាននិយាយអំពីរ៉ែសំខាន់ៗរបស់យើង ខ្សែសង្វាក់ផ្គត់ផ្គង់អង្គធាតុពាក់កណ្ដាលចម្លង សន្តិសុខថាមពល ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ដែលបានឃើញថាតើសេចក្តីព្រាងច្បាប់កាត់បន្ថយអតិផរណា(របស់សហរដ្ឋអាមេរិក) និងសេចក្តីព្រាងច្បាប់លើបន្ទះឈីបពិតជាបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុននៅក្នុងប្រទេសកូរ៉េនេះខ្លាំងប៉ុណ្ណា និងមើលឃើញពីរបៀបដែលក្រុមហ៊ុនរបស់យើង គឺក្រុមហ៊ុនអាមេរិក កំពុងវិនិយោគនៅទីនេះ និងធ្វើអាជីវកម្មនៅទីនេះ»។
លោក Fernandez បានគូសបញ្ជាក់បន្ថែមទៀតថា៖ «វិស័យឯកជនមានសារៈសំខាន់សម្រាប់ការបង្កើតចិរភាព និងវិបុលភាព។ នោះគឺជាអ្វីដែលយើងមិនគួរមើលស្រាលនោះឡើយ ដែលក្នុងនោះមានដូចជា សារៈសំខាន់នៃការពិតដែលថា ក្រុមហ៊ុនរបស់យើងនៅក្នុងប្រទេសជាច្រើនបានបង្កើតភាពជាដៃគូ និងទំនាក់ទំនងដែលជួយពួកគេ ក៏ប៉ុន្តែក៏ថែមទាំងបង្កើតចំណាប់អារម្មណ៍ និងបំណងប្រាថ្នារបស់យើងក្នុងការធ្វើជាដៃគូ និងអ្នកក្បែរខាងផងដែរ»៕
បទវិចារណកថា៖ ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយដៃគូសំខាន់ៗនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
