តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុនគឺជាសម្ព័ន្ធមិត្តដែលមានសមត្ថភាពនិងមិនអាចខ្វះបាន ហើយការតាំងចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រទេសទាំងពីរនេះគឺរឹងដូចដែក។ នេះបើតាមការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នៅឯកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៃប្រទេសទាំង ៣ នៅរមណីយដ្ឋានលំហែកាយ Camp David របស់ប្រធានាធិបតីអាមេរិកនៅក្នុងរដ្ឋ Maryland ជាយរដ្ឋធានីវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ។
លោកប្រធានាធិបតី Biden បានលើកឡើងដូច្នេះថា៖ «យើងបានសម្រេចជាប្រវត្តិសាស្ត្រនូវកិច្ចប្រជុំកំពូលដាច់តែឯងដំបូងបង្អស់រវាងមេដឹកនាំនៃប្រទេសយើងទាំង ៣ ក៏ដូចជាការតាំងចិត្តរបស់យើងនៅក្នុងការជួបគ្នាក្នុងកម្រិតមេដឹកនាំជារៀងរាល់ឆ្នាំ»។
លោកប្រធានាធិបតី Biden បានបន្ថែមថា៖ «ពិភពលោករបស់យើងស្ថិតនៅចំណុចរបត់ គឺចំណុចដែលយើងត្រូវបានអំពាវនាវឱ្យដឹកនាំតាមវិធីថ្មី»។
លោកថ្លែងបន្តដូច្នេះថា៖ «ដំបូង យើងលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារត្រីភាគីរបស់យើងដើម្បីផ្ដល់ជូននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ករណីនេះគឺរួមមានទាំងការចាប់ផ្ដើមអនុវត្តនូវសមយុទ្ធយោធាពហុផ្នែកប្រចាំឆ្នាំផងដែរ ដោយធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារត្រីភាគីរបស់យើងឈានដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក។ យើងកំពុងពង្រឹងបន្ថែមដល់ការចែករំលែកព័ត៌មាន ដែលក្នុងនោះរួមមានទាំងព័ត៌មានអំពីការបាញ់មីស៊ីលនិងសកម្មភាពតាមអ៊ីនធឺណិតរបស់ប្រទេសកូរ៉េខាងជើងផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារផ្នែកគ្រាប់ផ្លោងមីស៊ីលរបស់យើង»។
ប្រទេសទាំង ៣ បានបញ្ជាក់ជាថ្មីអំពីការតាំងចិត្តរួមរបស់ពួកគេនៅក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់និងការដោះស្រាយបញ្ហាបង្ខិតបង្ខំខាងសេដ្ឋកិច្ច។
លោកប្រធានាធិបតី Biden បានបញ្ជាក់ថា៖ «យើងនឹងបន្តទប់ទល់នឹងការគំរាមកំហែងពី [ប្រទេសកូរ៉េខាងជើង]» ដែលក្នុងនោះរួមមានទាំងការលាងលុយកខ្វក់នៃរូបិយប័ណ្ណគ្រីបតូឱ្យទៅជាប្រាក់ដុល្លារអាមេរិករាប់ពាន់លានដុល្លារផងដែរ និងទប់ទល់នឹងលទ្ធភាពនៃការផ្ទេរសព្វាវុធដែលមានបំណងគាំទ្រសង្គ្រាមដ៏ឃោរឃៅរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។
លោកប្រធានាធិបតី Biden បានសង្កត់ធ្ងន់ថា ដោយរួមគ្នា «យើងនឹងងើបឈរដើម្បីច្បាប់អន្តរជាតិ សេរីភាពនៃការធ្វើនាវាចរណ៍ និងដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះនៅសមុទ្រចិនខាងត្បូង»។
លោក Biden បានបន្តថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងក៏បានឯកភាពគ្នានៅក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។
លោកថ្លែងដូច្នេះថា៖ «យើងបានតាំងចិត្តនៅក្នុងការចាប់ផ្ដើមអនុវត្តនូវអ្វីដែលយើងហៅថាជាការសាកល្បងប្រព័ន្ធព្រមានជាមុនអំពីសង្វាក់ផ្គត់ផ្គង់ (Supply Chain Early Warning System Pilot) ដែលនឹងជូនដំណឹងបន្ទាន់ដល់ប្រទេសរបស់យើងអំពីការបង្អាក់ចំពោះផលិតផលនិងវត្ថុធាតុដើមមួយចំនួនដូចជាសារធាតុរ៉ែសំខាន់ៗ ឬក៏អាគុយជាដើម ដើម្បីឱ្យយើងអាចដោះស្រាយបញ្ហានេះបានឆាប់រហ័ស។ ...បញ្ហានេះគឺជាបញ្ហាដែលយើងធ្លាប់បានជួបប្រទះក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩»។
លោកប្រធានាធិបតី Biden បានលើកឡើងទៀតថា៖ «នៅទីបំផុត ភាពជាដៃគូរបស់យើងគឺអំពីការកសាងអនាគតដ៏ប្រសើរមួយសម្រាប់ប្រជាជនរបស់យើង»។
លោកប្រធានាធិបតី Biden មានប្រសាសន៍ដូច្នេះថា៖ «ហេតុដូចនេះហើយបានជាយើងពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែជ្រាលជ្រៅជាងមុនលើវិស័យសុខភាពសាកល និងចាប់ផ្ដើមអនុវត្តនូវការផ្លាស់ប្ដូរអ្នកជំនាញត្រីភាគីដើម្បីគាំទ្រដល់គម្រោងផ្ដួចផ្ដើម Cancer Moonshot របស់សហរដ្ឋអាមេរិក។ ...នៅក្នុងសហរដ្ឋអាមេរិក យើងកំពុងធ្វើបដិវត្តន៍លើវិធីដែលយើងធ្វើការស្រាវជ្រាវផ្នែកជំងឺមហារីក។ ហើយប្រសិនបើប្រទេសយើងទាំង ៣ រួមគ្នា ខ្ញុំជឿជាក់ថា យើងអាចគ្រប់គ្រងស្មារតីនវានុវត្តន៍រួមរបស់យើងនិងបញ្ចប់នូវជំងឺមហារីក ដូចដែលយើងដឹងរួចមកហើយ»។
លោកប្រធានាធិបតី Biden បានបន្ថែមថា៖ «នៅក្នុងរយៈពេលប៉ុន្មានខែនិងប៉ុន្មានឆ្នាំខាងមុខ យើងនឹងបន្តក្ដាប់ឱ្យជាប់នូវលទ្ធភាពទាំងនោះទាំងអស់គ្នា ដោយមិនងាករេចំពោះការរួបរួមរបស់យើងនិងគ្មានអ្វីអាចផ្ទឹមបានចំពោះការតាំងចិត្តរបស់យើង»៕