តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ប្រទេសសិង្ហបុរីគឺជា «ដៃគូពិតប្រាកដ» មួយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយជាមួយនឹងរដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan កាលពីពេលថ្មីៗនេះ។
លោករដ្ឋមន្ត្រី Blinken ថ្លែងដូច្នេះថា៖ «អស់រយៈពេល ៦ ទសវត្សរ៍មកហើយ នៅពេលនេះភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងប្រទេសសិង្ហបុរី ដែលចាក់ឫសនៅក្នុងការគោរពរបៀបរៀបរយអន្តរជាតិដែលផ្អែកលើច្បាប់ បានជួយពង្រឹងសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់និងជុំវិញពិភពលោក»។
លោករដ្ឋមន្ត្រី Blinken បានកោតសរសើរកិច្ចប្រឹងប្រែងរបស់ប្រទេសសិង្ហបុរីរួមជាមួយនឹងកិច្ចប្រឹងប្រែងរបស់សមាគមអាស៊ាន (ASEAN) ផងដែរនៅក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីសម្រាប់វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដែលនៅទីនោះ «រដ្ឋប្រហាររបស់យោធានិងការបង្ក្រាបដ៏ឃោរឃៅនៅតែបន្តបង្កទុក្ខវេទនាដល់ជនស៊ីវិល ដកហូតសិទ្ធិរបស់ពួកគេនៅក្នុងការជ្រើសរើសមាគ៌ាផ្ទាល់ខ្លួន និងគំរាមកំហែងដល់ស្ថិរភាពនៅក្នុងតំបន់»។
លោក Blinken បានបន្ថែមថា៖ «វាជារឿងសំខាន់បំផុតដែលយើងទាំងអស់គ្នាបន្តដាក់សម្ពាធសមរម្យលើរបបយោធាមីយ៉ាន់ម៉ា ស្វែងរកវិធីដើម្បីធ្វើយ៉ាងណាឱ្យក្រុមប្រឆាំងនៅមីយ៉ាន់ម៉ាអាចចូលរួមបាន និងរិះរកវិធីដែលអាចទៅរួចទាំងអស់ដើម្បីពន្លឿនការវិលត្រឡប់របស់មីយ៉ាន់ម៉ាទៅរកមាគ៌ាប្រជាធិបតេយ្យរបស់ខ្លួនឡើងវិញ បញ្ចប់អំពើហិង្សា និងដោះលែងឱ្យមានសេរីភាពឡើងវិញនូវអ្នកដែលត្រូវបានដាក់ពន្ធនាគារដោយអយុត្តិធម៌»។
បន្ថែមពីលើនេះទៀត សហរដ្ឋអាមេរិកស្វាគមន៍ភាពជាដៃគូរបស់ប្រទេសសិង្ហបុរីនៅក្នុង «ការរក្សាការដាក់សម្ពាធសេដ្ឋកិច្ចចាំបាច់» លើក្រុមជនប្រព្រឹត្តិឧក្រិដ្ឋកម្មទាំងនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការលើកឡើងរបស់លោក Blinken។
ប្រទេសសិង្ហបុរីក៏បានចូលរួមជាមួយនឹងសហរដ្ឋអាមេរិកផងដែរនៅក្នុងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីសម្រាប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
លោករដ្ឋមន្ត្រី Blinken បានថ្លែងថា៖ «ប្រទេសយើងទាំងពីរក៏បានក្ដាប់ឱកាសថ្មីផងដែរនៅក្នុងការធ្វើការជាមួយគ្នាតាំងពីផ្នែកដែនអវកាសនិងផ្នែកដែនអ៊ីនធឺណិតរហូតដល់ផ្នែកភាពធន់នៃសង្វាក់ផ្គត់ផ្គង់និងថាមពលស្អាត»។
ករណីនេះគឺរួមមានទាំងគម្រោងបញ្ហាប្រឈមផ្នែកដឹកជញ្ជូនតាមសមុទ្រដែលល្អចំពោះបរិស្ថាន (Green Shipping Challenge) ផងដែរ ដែលនៅក្រោមគម្រោងនេះ ប្រទេសសិង្ហបុរីប្ដេជ្ញាធ្វើការជាមួយនឹងកំពង់ផែទីក្រុង Los Angeles និងទីក្រុង Long Beach របស់សហរដ្ឋអាមេរិកដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួននិងកាត់បន្ថយការបញ្ចេញឧស្ម័នស្រូបកម្ដៅទៅក្នុងបរិយាកាស។
សហរដ្ឋអាមេរិកនិងប្រទេសសិង្ហបុរីបានពង្រីកភាពជាដៃគូរបស់ខ្លួនលើផ្នែកប្រែប្រួលអាកាសធាតុ ដែលក្នុងនោះរួមមានទាំង «កិច្ចសហប្រតិបត្តិការថ្មីនិងកិច្ចសហប្រតិបត្តិការដែលមានភាពប្រសើរជាងមុនលើផ្នែកមួយចំនួនដូចជាការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើនិងការលើកទឹកចិត្តឱ្យមានការសាងសង់អគារដែលមានប្រសិទ្ធផលផ្នែកថាមពលជាដើម»។
សហរដ្ឋអាមេរិកក៏ធ្វើការផងដែរជាមួយនឹងអាស៊ានដើម្បីបង្កើនការប្រើប្រាស់ថាមពលស្អាតនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ហើយជាពិសេសជួយប្រទេសសិង្ហបុរីសម្រេចឱ្យបាននូវការបញ្ចេញឧស្ម័នស្រូបកម្ដៅទៅក្នុងបរិយាកាសមានតុល្យភាពនៅត្រឹមឆ្នាំ ២០៥០ ខាងមុខ។
លោករដ្ឋមន្ត្រី Blinken បានមានប្រសាសន៍ថា៖ «មិត្តភក្តិរបស់យើងនៅក្នុងប្រទេសសិង្ហបុរីគឺសំខាន់ចំពោះការសម្រេចឱ្យបាននូវអ្វីដែលជាចក្ខុវិស័យរួមសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរីនិងបើកចំហ វិបុលភាព សុវត្ថិភាព ភាពតភ្ជាប់គ្នា និងភាពធន់ ដែលមនុស្ស ទំនិញ និងទស្សនៈនានាអាចមានដំណើរការដោយសេរី ហើយច្បាប់នានាត្រូវបានអនុវត្តដោយយុត្តិធម៌និងមានតម្លាភាព»៕
បទវិចារណកថា៖ សហរដ្ឋអាមេរិកនិងសិង្ហបុរីប្ដេជ្ញាដើម្បីអនាគតដ៏ប្រសើរ
