Accessibility links

Breaking News

បទវិចារណកថា៖ ពង្រឹង​ភាពប្រកួតប្រជែង​របស់​ស.រ.អ.​ក្នុង​ពេល​មាន​ការប្រឈម​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត Semiconductor។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​ពេល​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​ផលិត Semiconductor។

តទៅនេះ​ គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅក្នុងសក្ខីកម្ម​មួយ​ចំពោះ​មុខសភា​ស.រ.អ.អំពីវិធី​ចាត់ចែងទំនាក់ទំនង​រវាង​ស.រ.អ.​និងប្រទេសចិនដោយប្រសិទ្ធភាព រដ្ឋមន្ត្រីការបរទេស​ស.រ.អ.លោក Antony Blinken បាននិយាយ​ថា «យើង​មកដល់ចំណុច​សំខាន់មួយ»។

លោក​បាន​និយាយថា «​ប្រទេស​ចិន​តំណាង​ការប្រឈម​ផ្នែក​ភូមិសាស្ត្រនយោបាយធំ​បំផុត​នៅពេល​បច្ចុប្បន្ននេះ។ ចិន​ជា​ប្រទេសមួយដែលមានបំណងនិងសមត្ថភាពខ្លាំងឡើង​ៗ​ក្នុងការប្រឆាំងនឹងទស្សនៈវិស័យយើងសម្រាប់​សណ្តាប់​ធ្នាប់អន្តរជាតិ​សេរី បើកចំហ មានសន្តិសុខ​ និង​សំបូររុងរឿង​មួយ»។

លោករដ្ឋមន្ត្រី Blinken បាននិយាយ​ថា «សេរី​ និងបើក​ចំហ»មានន័យ​ថា ប្រទេស​ទាំងអស់មានសេរីភាព​ក្នុងការ​ជ្រើសរើសមាគ៌ា​និងពួក​ដៃគូ​របស់​ខ្លួនផ្ទាល់ បញ្ហា​នានាត្រូវ​ដោះស្រាយ​ដោយ​ចំហ មិនមែនដោយការបង្ខិតបង្ខំទេ បទបញ្ញត្តិត្រូវ​អនុវត្តដោយ​យុត្តិធម៌ ហើយទំនិញ គំនិត និងមនុស្សហូរតាម​ច្បាប់និង​ដោយសេរី​នៅទូទាំង​ផ្ទៃដី​ សមុទ្រ​ អាកាស​និង​ក្នុង​វិស័យ​ cyber។

សំណើ​ថវិកា​របស់​លោក​ប្រធានាធិបតី Biden ​សម្រាប់​ឆ្នាំសារពើពន្ធ២០២៤ ​ផ្តល់​ឱ្យ​ក្រសួងការបរទេស​នូវប្រភព​ធនធាននិងភាព​រហ័សរហួនធ្វើឱ្យ​ប្រាកដថា ​មានសណ្តាប់​ធ្នាប់នេះតទៅទៀត។

សណ្តាប់​ធ្នាប់នេះ​អនុញ្ញាត​ឱ្យស.រ.អ.​ធ្វើការ​«ជំរុញទៅមុខ»ក្នុង​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោករដ្ឋមន្ត្រី​ Blinken បានមានប្រសាសន៍ថា​ ការណ៍នេះមានរួម​ការពង្រឹងកិច្ចការទូត​របស់យើង​ជា​មួយ​បេសកកម្មថ្មីៗ​និង​ការបង្កើនទីតាំង​ថ្មីៗ​ដោយមានទាំងក្នុងវិស័យ​មានការប្រកួត​ប្រជែងខ្លាំងជា​មួយរដ្ឋាភិបាលប៉េកាំង​ដូចជាបច្ចេកវិទ្យានិង​សេដ្ឋកិច្ច​ជា​ដើម។

លោក Blinken បានថ្លែងថា «យើងមិនមែន​ទាមទារ​ឱ្យ​ប្រទេស​ដទៃ​ជ្រើសរើស’​រវាងយើងនិងប្រទេសចិន​ទេ-តែ​យើងមានបំណងស្នើ​ជម្រើសមួយ​មានការទាក់ទាញ​ចិត្ត​ជាងមុន...ហេតុដូច្នេះហើយ​បានជា​ថវិកា​នេះមានរួមប្រាក់២ពាន់លានដុល្លារ​ក្នុងវិនិយោគថ្មីៗក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​មានគុណភាព​ខ្ពស់ មិនមែន​ជា​គម្រោងការ​មានគុណភាពទាប គ្មានតម្លាភាព និង​គិតតែពីបូមយក​ផលចំណេញ​ដែល​ធ្វើឱ្យ​ប្រទេស​ជា​ច្រើនជំពាក់បំណុល​វាន់​ក​នោះទេ»។

ថវិកា​របស់​លោក​ប្រធានាធិបតី​ក៏​អនុញ្ញាតឱ្យ​ស.រ.អ.បណ្តាក់ទុន​២ពាន់លានដុល្លារ​ក្នុង​វិនិយោគ​ថ្មីៗ​សម្រាប់ជំរុញសេដ្ឋកិច្ច​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជួយឱ្យ​ស.រ.អ.ប្រកួតប្រជែង​នៅ​កន្លែង​ដែលសាធារណរដ្ឋប្រជាមានិត​ចិន​មានឥទ្ធិពល​ខ្លាំង​ មានរួម​សន្តិសុខ​ក្នុងសមុទ្រ ថាម​ពលស្អាត បច្ចេកវិទ្យា digital និង​ការរក​រ៉ែ​សំខាន់ៗ។

បន្ថែម​លើ​នេះ ​ថវិកា​នេះមាន​ប្រាក់៧ពាន់លានដុល្លារដើម្បីពង្រីកការទាក់ទង​ខាងសេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេសនៃអង្គការរដ្ឋចូល​រួម​គ្នា​ដោយ​សេរី​ Freely Associated States គឺប្រជុំកោះ Marshall, Palau និងរដ្ឋ​សហព័ន្ធ Micronesia តាម​រយៈ​កិច្ចព្រមព្រៀង​អន្តរជាតិ Compacts of Free Association។

លោករដ្ឋមន្ត្រី Blinken បាន​មាន​ប្រសាសន៍ថា «មូលនិធី​សម្រាប់​វិស័យទាំងអស់នេះ​នឹងធានារ៉ាប់រងថា​ យើងអាច​ដោះស្រាយ​ការប្រឈមមុខ​របស់យើង ហើយបង្ហាញ​អំពីការតាំងចិត្ត​របស់យើងសម្រាប់រយៈពេលវែងឆ្ងាយ​លើបញ្ហា​ដែលសំខាន់​ជាងគេ សម្រាប់បណ្តាប្រទេស​សំខាន់ៗ​នៅក្នុងតំបន់ ដើម្បីឱ្យសហរដ្ឋអាមេរិកអាចនៅជា​ដៃគូ​តាមការជ្រើសរើស​ដោយសេរី‍»។

លោករដ្ឋមន្ត្រី Blinken បាន​មាន​ប្រសាសន៍ថា «នៅក្នុង​ទសវត្សរ៍នេះ ការប្រឹងប្រែងនិងវិនិយោគ​របស់យើង​នឹង​កំណត់ថា​ តើយើងមានជោគជ័យ​ក្នុងការជំរុញ​ទស្សនៈវិស័យ​វិជ្ជមាន​សម្រាប់ប្រព័ន្ធអន្តរជាតិឬទេ ​ឬ​ថា​តើ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​អាចធ្វើឱ្យ​រេចរិល ឬយក​អ្វី​ផ្សេងមក​ជំនួស​បទបញ្ញត្តិ​និងបទដ្ឋានសាកលដែល​ធានារ៉ាប់រងសន្តិភាព សន្តិសុខ​ និងស្ថិរភាពក្នុងពិភពលោក»៕

XS
SM
MD
LG