តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក ថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហារនៅពេលថ្មីៗនេះរបស់ក្រុម Houthi ប្រឆាំងនឹងប្រទេសអារ៉ាប៊ី សាអូឌីត។ កាលពីថ្ងៃទី៣១ ខែសីហា យន្តហោះគ្មានមនុស្សបើក (ដ្រូន) មួយគ្រឿងបានបុកអាកាសយានដ្ឋានស៊ីវិលនៅក្នុងទីក្រុង Abha ធ្វើឲ្យជនស៊ីវិល៨នាក់រងរបួស និងធ្វើឲ្យខូចខាតយន្តហោះអាកាសចរណ៍មួយគ្រឿង។ កាលពីថ្ងៃទី៤ ខែកញ្ញា ការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់ក្រុម Houthi ទៅលើខេត្ត Eastern នៃប្រទេសអារ៉ាប៊ី សាអូឌីត បានធ្វើឲ្យកូនក្មេង២នាក់រងរបួសនិងខូចខាតផ្ទះសម្បែងមួយចំនួន។
ក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានកត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំ២០២១មក «ប្រទេសអារ៉ាប៊ី សាអូឌីត បានទទួលរងការវាយប្រហារជាង២៤០ដងមកពីក្រុម Houthi ដែលបានធ្វើឲ្យគ្រោះថ្នាក់ដល់ពលរដ្ឋអារ៉ាប៊ី សាអូឌីត រួមជាមួយពលរដ្ឋសហរដ្ឋអាមេរិកជាង ៧ម៉ឺននាក់ដែលរស់នៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត។
លោករដ្ឋមន្ត្រីការបរទេស Blinken បានមានប្រសាសន៍ទៀតថា «ក្រុម Houthis ក៏បានបង្កើនការវាយប្រហាររបស់ខ្លួននៅក្នុងប្រទេសយេម៉ែន ជាពិសេសការវាយប្រហាររបស់ពួកគេនៅទីក្រុង Marib»។ កាលពីថ្ងៃទី២៩ ខែសីហា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងកាំជ្រួចមីស៊ីលលើអាកាសយានដ្ឋាន Al-Anad នៅក្នុងខេត្ត Lajh នៃប្រទេសយេម៉ែន បានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏៣០នាក់។
ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រអារ៉ាប៊ី សាអូឌីត បានហៅការវាយប្រហារនេះថា ជា«ការគួរឲ្យតក់ស្លុត» ដោយបានបញ្ជាក់ទៀតថា វាបានគំរាមកំហែង «អាយុជីវិត ហេដ្ឋារចនាសម្ព័ន្ធ និងក្តីសង្ឃឹមសន្តិភាពនិងស្ថិរភាពនៅក្នុងប្រទេសយេម៉ែន»។
ប្រទេសយេម៉ែន បានចាប់ផ្តើមនៅឆ្នាំ២០១៤ នៅពេលដែលក្រុម Houthis បានដណ្តើមយករដ្ឋធានី Sana'a ពីរដ្ឋាភិបាលដែលទទួលស្គាល់ដោយអន្តរជាតិ ហើយបានបណ្តេញប្រធានាធិបតីយេម៉ែនឲ្យនិរទេសខ្លួន។ ក្រុមយោធាចម្រុះដែលដឹកនាំដោយអារ៉ាប៊ី សាអូឌីត បានធ្វើអន្តរាគមន៍នៅក្នុងប្រទេសយេម៉ែននៅឆ្នាំ២០១៥ ដើម្បីគាំទ្រកងកម្លាំងរបស់រដ្ឋាភិបាលយេម៉ែនដែលត្រូវបណ្តេញពីអំណាច និងដែលមានការទទួលស្គាល់ពីអន្តរជាតិ និងស្របច្បាប់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មនុស្សយ៉ាងតិចណាស់ ២៣៣០០០ នាក់បានស្លាប់ រួមមាន១៣១០០០ ដោយការខ្វះម្ហូបអាហារ សេវាកម្មសុខភាព និងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមការស្មានរបស់អង្គការសហប្រជាជាតិ។ ជម្លោះនោះ បាននាំឲ្យមានមហន្តរាយមនុស្សជាតិដ៏ធ្ងន់ធ្ងរបំផុតមួយរបស់ពិភពលោក ដោយមានមនុស្ស ៥លាននាក់នៅក្នុងប្រទេសយេម៉ែនហៀបនឹងដាច់ពោះស្លាប់ដោយសារការអត់បាយ ហើយជាង២០លាននាក់ទៀតត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។
កាលពីខែមិនា ឆ្នាំ២០២១ ប្រទេសអារ៉ាប៊ី សាអូឌីត និងរដ្ឋាភិបាលសាធារណរដ្ឋយេម៉ែន បានសម្តែងនូវការប្រុងប្រៀបរបស់ខ្លួនដើម្បីព្រមព្រៀងដល់ការឈប់បាញ់គ្នាទូទាំងប្រទេសនៅក្នុងប្រទេសយេម៉ែន ក៏ប៉ុន្តែ សំណើនេះ បានត្រូវច្រានចោលដោយក្រុម Houthis។
រដ្ឋបាលលោក Biden និងលោកស្រី Harris បានជំរុញឲ្យមានដំណោះស្រាយការទូតដល់ជម្លោះនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken បានមានប្រសាសន៍ថា ការវាយប្រហាររបស់ក្រុម Houthis កំពុងធ្វើឲ្យជម្លោះនោះមានជារៀងរហូត អូសបន្លាយទុក្ខវេទនារបស់ប្រជាពលរដ្ឋយេម៉ែន និងកំពុងបង្កគ្រោះថ្នាក់ដល់ការប្រឹងប្រែងដើម្បីសន្តិភាពនៅពេលវេលាដ៏សំខាន់នេះ។ លោកបានសរសេរទៀតថា យើងអំពាវនាវដល់ក្រុម Houthis ឲ្យគោរពបទឈប់បាញ់គ្នា ហើយនឹងចូលរួមនៅក្នុងការចរចាក្រោមការពិនិត្យរបស់អង្គការសហប្រជាជាតិ»៕