តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
ថ្លែងនៅក្នុងវេទិកាប្រព័ន្ធស្បៀងអាហារអាហ្វ្រិកឆ្នាំ២០២៣ អនុប្រធាននៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) លោកស្រី Isobel Coleman បានកត់សម្គាល់ថា តាំងពីឆ្នាំ២០១០មក កម្មវិធីបណ្តាក់ទុនសម្រាប់ចិញ្ចឹមមនុស្សនៅពេលអនាគត ឬ Feed the Future បានផ្តល់ប្រាក់កាសជិត៥ពាន់លានដុល្លារសម្រាប់វិស័យកសិកម្ម ដោយមានទឹកប្រាក់ជាង ២.៥០០ លានដុល្លារ ជាប្រាក់វិនិយោគឯកជនក្នុងសន្តិសុខស្បៀង ហើយនាំឱ្យមានការលក់ផលិតផលកសិកម្មបានជាង១៨ពាន់លានដុល្លារសម្រាប់ក្រុមកសិករ។
សហគ្រាសធុនតូចនិងមធ្យម ឬ SMEs ជាកម្លាំងនៃប្រព័ន្ធស្បៀងអាហារនៅអាហ្វ្រិក។ លោកស្រីអនុប្រធាន Coleman បានថ្លែងថា រួមគ្នាសហគ្រាសទាំងនេះជានិយោជកធំបំផុតនៅអាហ្វ្រិកនិងជាគន្លឹះនៃការជំរុញឱ្យមានការលូតលាស់សេដ្ឋកិច្ចនិងការកែប្រែពីវិស័យកសិកម្មដែលគ្រប់គ្រាន់សម្រាប់តែការចិញ្ចឹមជីវិត ឱ្យទៅជាវិស័យមានផលិតភាពនិងមានភាពធន់ជាងមុន។
លោកស្រី Colemen បាននិយាយថា៖ «ចំនួន៧៥ភាគរយនៃ SMEs នៅអាហ្វ្រិកមិនមានលទ្ធភាពទទួលហិរញ្ញវត្ថុពីប្រព័ន្ធធនាគារផ្លូវការទេ។ គម្លាតខាងហិរញ្ញវត្ថុមានភាពខ្លាំងក្លាជាពិសេសសម្រាប់ស្ត្រី ទោះជាមានភ័ស្តុតាងច្រើនជាងមុនថា ការបង្រួមឱ្យតូចនូវគម្លាតខាងយេនឌ័រក្នុងវិស័យកសិកម្មជាវិធីសំខាន់មួយសម្រាប់បញ្ចប់ការស្រេកឃ្លានសាកលក៏ដោយ»។
លោកស្រីអនុប្រធាន Coleman បានថ្លែងថា ជាការមានសារៈសំខាន់ក្នុងការដាក់ឱ្យមានជាថ្មីនូវទម្រង់លើកទឹកចិត្តសម្រាប់ការផ្តល់ប្រាក់កាសដល់វិស័យធុរកិច្ចកសិកម្មនៅទូទាំងទ្វីបអាហ្វ្រិក។ កម្មវិធី Deal Room ឧបត្ថម្ភផ្ចុងផ្ដើមដោយសហរដ្ឋអាមេរិកដែលសម្រួលដល់ភាពជាដៃគូនិងវិនិយោគក្នុងកសិកម្មអាហ្វ្រិកអាចជួយធ្វើការនេះបាន។
លោកស្រី Coleman បានមានប្រសាសន៍ថា៖ «កម្មវិធីនេះផ្តល់ឱ្យក្រុមហ៊ុននូវហិរញ្ញវត្ថុ ការណែនាំ និងការយកទំនិញទៅលក់ទីផ្សារ។ វាក៏បង្កើតឱកាសសម្រាប់ឱ្យរដ្ឋាភិបាលដាក់បង្ហាញឱកាសបណ្តាក់ទុន បង្កើតការលើកទឹកចិត្តនិងទាក់ទងជាមួយវិនិយោគិនដែលយកចិត្តទុកដាក់ក្នុងវិស័យនេះ។ ចាប់តាំងពីឆ្នាំ២០១៨មក កិច្ចការហិរញ្ញវត្ថុជាង២ពាន់លានដុល្លារត្រូវបានធ្វើការចរចារវាងសហគ្រាស៦០០និងអ្នកបណ្តាក់ទុន១១០នាក់តាមរយៈកម្មវិធី Deal Room»។
ក្រុមហ៊ុន Origen Fresh ជាឧទាហរណ៍មួយ អំពីរបៀបដែលកម្មវិធី Deal Room បានបង្កើតឱកាសសម្រាប់ធុរកិច្ចរបស់ស្ត្រី។ ដោយទទួលបានការផ្តល់ប្រាក់៧លានដុលា្លរដែលត្រូវសម្រួលដោយកម្មវិធី Deal Room ក្រុមហ៊ុន Origen Fresh បានលូតលាស់រហូតដល់អាចគាំទ្រកសិករខ្នាតតូចជាង៥ម៉ឺនាក់ ដោយទិញផ្លែឈើនិងគ្រាប់ផ្លែឈើសម្រាប់ផលិតប្រេងមានគុណភាពដឹកជញ្ជូនទៅលក់នៅទូទាំងពិភពលោក។
នៅក្នុងការប្រឹងប្រែងបង្កើនវិនិយោគក្នុងសហគ្រាសកសិកម្មខ្នាតតូចនិងមធ្យម
លោកស្រីអនុប្រធាន Coleman បានប្រកាសផ្តល់ប្រាក់៤លានដុល្លារសម្រាប់ក្រុមស្ត្រីដំបូងៗក្នុងទីផ្សារឌីជីថលធុរកិច្ចកសិកម្មនៃទ្វីបអាហ្វ្រិកមានឈ្មោះថា VALUE4HER។
លោកស្រីអនុប្រធាន Coleman បាននិយាយថា ធុរកិច្ចកសិកម្មនៅទូទាំងអាហ្វ្រិកប្រុងប្រៀបហើយអាចទទួលហិរញ្ញវត្ថុថែមទៀត។
លោកស្រីបានថ្លែងថា៖ «តែអ្នកផ្សេងទៀតក៏ត្រូវតែចូលរួមដែរ ដូចដែលយើងបានធ្វើជាមួយកម្មវិធី Feed the Future និងសម្របសម្រួលជាមួយសេចក្តីត្រូវការរបស់ឧស្សាហកម្ម; បង្កើនការទាក់ទងជាមួយសហគ្រាសខ្នាតតូចនិងមធ្យម មានរួមវិស័យហិរញ្ញវត្ថុផ្លូវការក្នុងមូលដ្ឋាន; ផ្តល់ប្រភពធនធានថែមទៀតដល់អង្គការដឹកនាំដោយស្ត្រី; និងលើសពីអ្វីទាំងអស់ត្រូវតែស្តាប់សំឡេងរបស់ពួកតួអង្គក្នុងមូលដ្ឋាន»។
លោកស្រី Coleman បាននិយាយថា៖ «ប្រព័ន្ធស្បៀងអាហារអាហ្វ្រិកប្រុងប្រៀបសម្រាប់ការកែប្រែហើយ ហើយខ្ញុំរង់ចាំដើម្បីឃើញសមិទ្ធិច្រើនថែមទៀត»៕