តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការនាពេលថ្មីៗនេះដែលធ្វើឡើងដោយរដ្ឋាភិបាលអន្តរកាលនៃប្រទេសម៉ាលី។ កាលពីថ្ងៃទី១០ ខែមេសា រដ្ឋាភិបាលបានចេញក្រឹត្យឱ្យផ្អាកគ្រប់គណបក្សនយោបាយ និងសមាគម និងហាមអ្នកសារព័ត៌មានមិនឱ្យរាយការណ៍អំពីសកម្មភាពនយោបាយឡើយ។
ក្រឹត្យនេះជាការវាយប្រហារចុងក្រោយបំផុតទៅលើសេចក្តីប្រាថ្នាចង់បានលិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជននៃប្រទេសដែលហែកហួរដោយជម្លោះនៅតំបន់អាហ្វ្រិកខាងលិច។ បន្ទាប់ពីត្រូវបានគ្រប់គ្រងតាមបែបផ្តាច់ការជាច្រើនទសវត្សរ៍មក នៅក្នុងទសវត្សរ៍១៩៩០ ម៉ាលីបានចាប់ផ្តើមបោះជំហានទៅក្នុងការកសាងស្ថាប័នប្រជាធិបតេយ្យ ក៏ប៉ុន្តែ ប្រទេសនេះបានទទួលរងនូវការធ្វើរដ្ឋប្រហារជាបន្តបន្ទាប់ដោយយោធា ក៏ដូចជាការបះបោរដ៏ឃោរឃៅដែលបន្តកើតមាននៅភាគខាងជើង។
នៅខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក Assimi Goita ដែលជាមេដឹកនាំយោធាម្នាក់នៃរដ្ឋប្រហារដែលបានកើតឡើងក្នុងឆ្នាំ២០២០ បានស្បថចូលកាន់តំណែងជាប្រធានា ធិបតីនៃរដ្ឋាភិបាលអន្តរកាល។ រដ្ឋាភិបាលនោះបានសន្យាថានឹងធ្វើឱ្យប្រទេសត្រឡប់ទៅកាន់របបប្រជាធិបតេយ្យវិញនៅខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៤។ ទោះជាយ៉ាងនេះក៏ដោយ នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ រដ្ឋាភិបាលអន្តរកាលបានលុបចោលការបោះឆ្នោតទាំងនោះ«ដោយគ្មានកំណត់ពេលវេលា»ដោយលើកហេតុផលថាមានការលំបាកផ្នែកបច្ចេកទេស។ ឥឡូវនេះ ដើម្បីជាប្រយោជន៍ដល់សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលនេះអះអាងថា គ្មានការបោះឆ្នោត ហើយសកម្មភាពនយោបាយ និងការរាយការណ៍អំពីបញ្ហានយោបាយត្រូវតែបញ្ឈប់។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បាននិយាយថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីក្រឹត្យរបស់រដ្ឋាភិបាលអន្តរកាលម៉ាលីដែលផ្អាកសកម្មភាពនយោបាយទាំងអស់រហូតដល់មានការជូនដំណឹងបន្ថែមនេះ»។
លោក Miller បានថ្លែងថា៖ «សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការបង្កើតសមាគមគឺសំខាន់សម្រាប់សង្គមដែលបើកចំហ។ រដ្ឋាភិបាលអន្តរកាលបានធ្វើការសម្រេចចិត្តរួចហើយថា មិនមានការរៀបចំការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីឱ្យម៉ាលីត្រឡប់ទៅជាប្រទេសដែលមានរដ្ឋាភិបាលប្រជាធិបតេយ្យដឹកនាំដោយជនស៊ីវិលនោះទេ ទោះបីជាមានការប្តេជ្ញាចិត្តដែលខ្លួនបានប្រកាសជាសាធារណៈនៅឆ្នាំ ២០២២ ថា ខ្លួននឹងធ្វើដូច្នេះក៏ដោយ។ យើងអំពាវនាវឱ្យរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសម៉ាលី គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រជាពលរដ្ឋរបស់ខ្លួន និងរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌»។
លោក Miller បានប្រកាសថា៖ «នៅក្នុងប្រទេសម៉ាលី និងកន្លែងផ្សេងទៀត លទ្ធិប្រជាធិបតេយ្យនៅតែជាមូលដ្ឋានគ្រឹះដ៏ល្អបំផុតសម្រាប់ស្ថិរភាព និងវិបុលភាព»៕
បទវិចារណកថា៖ ក្រឹត្យដ៏គួរឱ្យព្រួយបារម្ភនៅប្រទេសម៉ាលី
- Policy Office
