Accessibility links

Breaking News

បទវិចារណកថា៖ ជំនួយ​មនុស្សធម៌​សម្រាប់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល


រូបឯកសារ៖ បុរស​ម្នាក់ កាន់​កញ្ចប់​ជំនួយ​អាហារ​ដែល​ផ្តល់​ដោយ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ការសម្របសម្រួល​កិច្ចការ​មនុស្សធម៌​ និងអង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ​World Food Program ​ហៅ​កាត់​ថា​ WFP ក្នុង​ភូមិ Makunzi Wali សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។
រូបឯកសារ៖ បុរស​ម្នាក់ កាន់​កញ្ចប់​ជំនួយ​អាហារ​ដែល​ផ្តល់​ដោយ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ការសម្របសម្រួល​កិច្ចការ​មនុស្សធម៌​ និងអង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ​World Food Program ​ហៅ​កាត់​ថា​ WFP ក្នុង​ភូមិ Makunzi Wali សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។

តទៅនេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ហៅ​ CAR ជាប្រទេស​អភិវឌ្ឍន៍តិចបំផុតមួយក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍តិចបំផុត​នានា​ក្នុង​ពិភពលោក ជា​ប្រទេសងាយ​ប្រេះឆា​មួយ​ក្នុងពិភពលោក​ និង​ហែកហួរដោយសារ​ជម្លោះ។

សង្គ្រាម​ស៊ីវិលមួយដែល​បានចាប់​ផ្តើមកាលពីឆ្នាំ២០០៤ ដើម្បី​ប្រឆាំង​នឹង​ប្រធានាធិបតី​នៅ​ពេល​នោះ ​គឺ​លោក Francois Bozize បានកើនខ្លាំង​ឡើង​នៅ​ឆ្នាំ២០១៣ នៅ​ពេល​លោក Bozize ត្រូវទម្លាក់​ពីអំណាច​នៅ​ក្នុងការផ្តួល​រំលំមួយ​ដឹកនាំដោយ​ក្រុម​ប្រដាប់​អាវុធ​ Seleka។​ ក្រុម Seleka និង​ក្រុមប្រឆាំង​នឹងពួក​នេះ គឺ​ក្រុម Anti-Balaka បានប្រយុទ្ធ​គ្នានៅ​ក្នុងសង្គ្រាម​ឃោរឃៅមួយបណ្តាល​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់ស្លាប់ និង​បានធ្វើឱ្យជន​ស៊ីវិល​ជាង​កន្លះ​លាននាក់ ​ខ្ចាត់ព្រាត់​ពីផ្ទះ​សម្បែងក្នុង​ប្រទេសមួយ​ដែលមាន​ប្រជារាស្ត្រ​តិច​ជាង​៥លាន​នាក់។

នៅឆ្នាំ២០១៦​ ប្រធានាធិបតី​ថ្មី​ម្នាក់ ​បានជាប់ឆ្នោត​ គឺ​លោក Faustin-Archange Touadera។ នៅ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ រដ្ឋាភិបាល​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ​និង​ក្រុម​ប្រដាប់អាវុធ​១៤​ក្រុម ​បានចុះហេត្ថលេខា​លើកិច្ច​ព្រមព្រៀងនយោបាយ​សម្រាប់​សន្តិភាព​ និង​ការ​ផ្សះផ្សាដែល​គេ​ស្គាល់​ថា​ កិច្ច​ព្រមព្រៀងក្រុង Khartoum។

តែយ៉ាងណា​ក៏​ដោយ​ ក៏មានអំពើ​ហិង្សា​ឡើងវិញនៅមុន​ការ​បោះឆ្នោតប្រធានាធិបតី​កាលពី​ខែធ្នូ ២០២០ នៅពេលដែល​តុលាការ​កំពូល​របស់ប្រទេស​នេះ​ បានសម្រេច​ថាអតីត​ប្រធានាធិបតី Bozize គ្មាន​សិទ្ធិឈរ​ឈ្មោះទេ ហើយ​ប្រធានាធិបតី Touadera បានជាប់​ឆ្នោត​ជា​ថ្មី។ ​ការប្រយុទ្ធ​គ្នា​ ក៏​បាន​កើត​មានរវាង​ក្រុមឧទ្ទាមគាំទ្រ​អតីត​ប្រធានាធិបតី Bozize និង​ពួក​ឧទាម​ទ្រទ្រង់រដ្ឋាភិបាល​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។​

ហើយ​ដូច​សង្គ្រាម​ទាំង​អស់ ក្រុម​ជន​ស៊ីវិល ជា​អ្នក​រង​ទុក្ខ​វេទនា។ សព្វថ្ងៃ​ សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ កំពុង​ឋិតក្នុង​ភាព​អាសន្ន​ខាង​មនុស្សធម៌​យ៉ាងធ្ងន់ធ្ងរ​បំផុត ចាប់តាំង​ពី​ឆ្នាំ២០១៥​ មក។ អំពើ​ហិង្សារាលដាល​នៅ​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតីចុង​ក្រោយ អស្ថិរភាព​នយោបាយ ​វត្តមាននៃ​គ្រឿង​ផ្ទុះ​តាមដង​ផ្លូវ​ដឹកជញ្ជូន ទឹក​ជំនន់​ និង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ បាន​នាំ​ឱ្យ​មានសេចក្តី​ត្រូវ​ការ​ជំនួយ​មនុស្សធម៌​យ៉ាង​ខ្លាំង។ ​បន្ថែម​លើ​នេះ ការបង្អាក់ការប្រគល់​ជំនួយ​ស្រោច​ស្រង់ជីវិត ​បាន​បណ្តាល​ឱ្យមានមនុស្ស​ប្រមាណ២លាន ៦​សែន​នាក់​ ​ប្រឈមនឹង​អសន្តិសុខស្បៀងអាហារ​ធ្ងន់ធ្ងរ។ គេ​រំពឹង​ថា ចំនួន​មនុស្ស​ ត្រូវ​ការ​ជំនួយ​មនុស្សធម៌​ នឹងកើន​ឡើង​ដល់៣លាន ១សែននាក់។

ស.រ.អ. នៅ​តែជា​អ្នក​ផ្តល់​ជំនួយមនុស្សធម៌​ច្រើនបំផុត​ដល់សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។​

កាលពី​ចុង​ខែ​វិច្ឆិកា លោកស្រី Samantha Power ​នាយិកាទី​ភ្នាក់ងារ USAID បាន​ប្រកាស​ជំនួយ​មនុស្សធម៌​បន្ថែមចំនួ​ន៨លាន ៩សែនដុល្លារ ដល់​ប្រជារាស្ត្រ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។​ ទឹក​ប្រាក់​នេះ នឹងបង្កើន​ជំនួ​យ​ស្បៀង​អាហារ​ និង​ផ្តល់​ការព្យាបាល​ដល់​ក្រុមកុមារ​ខ្វះអាហារូបត្ថម្ភ និង​គាំទ្រ​ពួក​ម្តាយ​ និង​ក្រុម​អ្នក​ថែទាំ។ ប្រាក់​ជំនួយ​នេះ​ នឹង​ជួយ​ជួសជុល​ផ្លូវ​ដើម្បី​បង្កើនការ​ដឹកជញ្ជូនជំនួយ​មនុស្សធម៌ គាំទ្រ​ក្រុម​ជន​ខ្ចាត់ព្រាត់​ពីលំនៅ​ដ្ឋាន​ និង​ផ្តល់​ដំណើរ​ការ​ចាត់ចែង​កិច្ចការ និងការគាំទ្រ​ខាងចិត្តសាស្ត្រ​សម្រាប់​ក្រុម​ជន​នៅ​រស់ពី​ការកេង​ប្រវ័ញ្ចខាង​ភេទ​ និង​ការ​រំលោភ​ផ្លូវភេទ។

ស.រ.អ. ឈរ​ក្នុង​ភាព​ជា​ដៃគូជាមួយ​ប្រជារាស្ត្រ​នៃ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល នៅពេល​ពួក​គេ​ព្យាយាម​ដោះស្រាយ​វិបត្តិផ្សេងទៀត និងលើក​ទឹកចិត្តប្រទេសផ្តល់ជំនួយ​ឯ​ទៀតៗ ឱ្យ​បង្កើនជំនួយ​ស្រោចស្រង់​ជីវិត​របស់ពួក​គេ​ផង​ដែរ៕

XS
SM
MD
LG