Accessibility links

Breaking News

បទវិចារណកថា៖ ជំនួយ​សង្គ្រោះ​ជីវិត​ថ្មី​ដល់​ពលរដ្ឋ​វ៉េណេស៊ុយអេឡា


រូបឯកសារ៖ ជំនួយ​សង្គ្រោះ​ជីវិត​ថ្មី​សម្រាប់ផ្តល់​ដល់​​​ពលរដ្ឋ​វ៉េណេស៊ុយអេឡា។
រូបឯកសារ៖ ជំនួយ​សង្គ្រោះ​ជីវិត​ថ្មី​សម្រាប់ផ្តល់​ដល់​​​ពលរដ្ឋ​វ៉េណេស៊ុយអេឡា។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

លោកស្រី​ Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ បានប្រកាសអំពី​ជំនួយមនុស្សធ៌ម​ថ្មី​ មានទឹក​ប្រាក់៤០៧ លានដុល្លារដល់​ប្រជារាស្ត្រ​វ៉េណេស៊ុយអេឡា​ដែលរងទុក្ខ​វេទនាដោយសារ​វិបត្តិ​សេដ្ឋកិច្ច​បណ្តាលមក​ពី​របបគ្រប់គ្រង Maduro ​និងពួក​អ្នក​គាំទ្ររបប​នេះ​ ដែល​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ ប្រទេស​វ៉េណេស៊ុយអេឡា គាំង​ដំណើរ​ ​នាំឱ្យពលរដ្ឋ​ប្រទេស​នេះរាប់​លាននាក់រត់​ចេញពី​ប្រទេស​ពួក​គេ​ និងបន្សល់​ទុកមនុស្ស​រាប់​លាននាក់នៅ​ខាង​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ដែលត្រូវ​ការជំនួយមនុស្សធម៌។ លោកស្រី​បានធ្វើ​សេចក្តីប្រកាស​នេះ​កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា​ នៅ​ក្នុង​សន្និសីទអន្តរជាតិតាម​បណ្តាញវីដេអូ​នៃ​បណ្តា​ប្រទេស​ផ្តល់ជំនួយក្នុង​សាមគ្គីភាពជា​មួយក្រុម​ជន​ភៀសខ្លួន និងជនចំណាកស្រុក​វ៉េណេស៊ុយអេឡា។

នៅក្នុង​រយៈពេល​៥០ឆ្នាំ​ចុងក្រោយនៃសតវត្សរ៍ទី​២០ ប្រទេស​វ៉េណេស៊ុយអេឡា​ដែល​សំបូរប្រេង​ ជា​ប្រទេសមួយ​ក្នុងបណ្តា​ប្រទេស​សំបូរ​ធនធាន និង​មាន​សេដ្ឋកិច្ច​រឹងមាំ​យ៉ាង​ខ្លាំង​មួយ​ក្នុង​អាមេរិក​ឡាទីន។

ក៏​ប៉ុន្តែក្នុង​រយៈពេល​ជាង​ដប់​ឆ្នាំ​កន្លង​ទៅនេះ​ ដោយសារ​អភិបាលកិច្ច​មិនល្អ និង​អំពើ​ពុក​រលួយរបស់​របប​គ្រប់គ្រង Nicolas Maduro ​ប្រទេស​វ៉េណេស៊ុយអេឡា ក៏ធ្លាក់ក្នុង​វិបត្តិសេដ្ឋកិច្ច។ ​សព្វថ្ងៃ​នេះ ​ជនជាតិ​វ៉េណេស៊ុយអេឡា ម្នាក់​ក្នុង​បណ្តា​បី​នាក់មាន​អសន្តិសុខស្បៀង​អាហារ ​ប្រព័ន្ធសុខាភិបាល​ជិត​រលំ ហើយគេមិន​ទាន់​ឃើញចុងបញ្ចប់​នៃការ​រង​ទុក្ខវេទនា​របស់​ប្រជារាស្ត្រ​វ៉េណេស៊ុយអេឡានៅឡើយ​ទេ។ ដូច្នេះ ជនជាតិ​វ៉េណេស៊ុយអេឡា​ច្រើន​នាក់ ​បាននាំគ្នា​ចាកចេញពី​ប្រទេស​ពួក​គេ។ ចាប់តាំង​ពី​ឆ្នាំ​២០១៥​មក​ ប្រជាពលរដ្ឋ​ជាង​៥លាន ៦​សែននាក់ក្នុ​ង​បណ្តាប្រជាពលរដ្ឋ​ប្រមាណ​៣០ លាននាក់ បាន​ចាក​ចេញ​ពី​ប្រទេសពួក​គេ។

ប្រាក់ដែល​ត្រូវបានប្រកាសកាល​ពី​ពេល​ថ្មីៗ​នេះ ​នឹង​ជួយ​គាំទ្រ​ពលរដ្ឋ​វ៉េណេស៊ុយអេឡា ដែល​បាន​ចេញ​ទៅ​កាន់ប្រទេស​១៧​នៅ​ទូទាំង​អាមេរិកឡាទីន​ និងសហគមន៍​ដែល​បានទទួល​ឱ្យ​ពួក​គេស្នាក់​អាស្រ័យ។ ប្រាក់​ជំនួយ​នេះ ក៏​នឹង​បានទៅ​ដល់​ប្រជារាស្ត្រ​វ៉េណេស៊ុយអេឡា៧លាននាក់ដែល​រស់​នៅខាងក្នុងប្រទេសដែលត្រូវការ​ជំនួយ​យ៉ាងខ្លាំង។

លោកស្រីឯកអគ្គរដ្ឋទូត​ Thomas-Greenfield បាន​មានប្រសាសន៍​ថា «ប្រាក់កាស​ថ្មី​នេះ​ នឹងផ្តល់​ឱ្យប្រជាពល​រដ្ឋ​វ៉េណេស៊ុយអេឡា​នូវជំនួយសង្គ្រោះ​ជីវិត និង​ជំនួយ​ចាំ​បាច់មួយចំនួនធំដូចជា​ម្ហូបអាហារ​ សេវា​សុខភាព ទឹកស្អាត​សម្រាប់​បរិភោគ ទីជម្រកក្នុងគ្រា​មានអាសន្ន​ សេវា​ខាង​ផ្លូវ​ច្បាប់​ និង​ការពារសន្តិសុខ​ និងឱកាសរកស៊ី​ចិញ្ចឹម​ជីវិត»។

ទឹក​ប្រាក់​នេះ​ នឹងផ្តល់​កិច្ចការពារដល់ក្រុម​ងាយ​រង​គ្រោះ​ដែល​មានរួម​ក្រុម​ស្ត្រី​ ​យុវជន មនុស្ស​ប្រភេទ LGBTQI+ និងក្រុម​មនុស្សដើម​ព្រម​ទាំង​ជំនួយពិសេសនៅ​ពេល​មាន​ការរាតត្បាត​នៃ​ជំងឺកូវីដ១៩ផង​ដែរ។

លោកស្រី​ឯកអគ្គរដ្ឋទូត​ Thomas-Greenfield បាន​មានប្រសាសន៍​ថា «ថ្ងៃ​នេះ​ ខ្ញុំសូម​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ជួយប្រទេស Venezuela ​ជន​ភៀសខ្លួននិង​ជន​ចំណាក​ស្រុក ព្រមទាំងសហគមន៍ដែល​ទទួល​ពួក​ជនទាំង​នេះ​ឱ្យ​ស្នាក់អាស្រ័យនិង​ក្រុម​ជន​ងាយ​រង​គ្រោះ​បំផុតដែល​ឋិតនៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​នៅឡើយ​ដែល​កំពុង​ប្រឈមនឹងវិបត្តិ​មនុស្សធម៌ដ៏​អាក្រក់​ និង​ស្មុគស្មាញ។ ខ្ញុំក៏សូម​បញ្ជាក់​ជា​ថ្មីដែរអំពី​ការ​ប្តេជ្ញារបស់យើងដើម្បី​ដោះស្រាយវិបត្តិ​នេះតាមរយៈដំណោះ​ស្រាយនយោបាយ​ដោយ​សន្តិវិធី។ សហរដ្ឋ​អាមេរិក​នៅ​តែគាំទ្រ​គ្មានងាក​រេដល់ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា ក្នុង​ការ​តស៊ូរបស់ពួក​គេ​ដើម្បី​ធ្វើឱ្យមាន​លទ្ធិ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ជា​ថ្មី​ឡើង​វិញ»៕

XS
SM
MD
LG