តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំង
ថ្លែងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅឯខួបលើកទី៣០នៃទិវាសិទ្ធិមនុស្សវៀតណាម អនុរដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខស៊ីវិល ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស លោកស្រី Uzra Zeya បានកត់សម្គាល់ថា ក្នុងឆ្នាំ២០២៣ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាមត្រូវបានដំឡើងដល់ភាពជាដៃគូយុត្តិសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «ខណៈដែលយើងស្វះស្វែងធ្វើឱ្យភាពជាដៃគូសេដ្ឋកិច្ចរបស់យើងហើយចំណងទាក់ទងរវាងពលរដ្ឋនិងពលរដ្ឋជាមួយវៀតណាមកាន់តែខ្លាំងឡើងដើម្បីយើងអាចធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនៅពេលសព្វថ្ងៃនេះ ការទាក់ទិននេះនៅតែដឹកនាំដោយតម្លៃប្រជាធិបតេយ្យរបស់យើងហើយនឹងការការពារសិទ្ធិមនុស្ស»។
លោកស្រីអនុរដ្ឋមន្ត្រីការបរទេស Zeya មានប្រសាសន៍ទៀតថា ចំពោះបញ្ហានេះ សហរដ្ឋអាមេរិកបន្តមានការរំខានអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាម។
លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖ «ទី១ យើងមានការព្រួយកង្វល់ដែលវៀតណាមបន្តដាក់កំហិតយ៉ាងខ្លាំងលើសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម ការជួបប្រជុំដោយសន្តិវិធី និងសេរីភាពនៃសាសនា ឬជំនឿ។ ការណ៍នេះរួមទាំងការប្រើប្រាស់បទបញ្ញតិសន្តិសុខជាតិមិនច្បាស់លាស់របស់វៀតណាមដាក់ទោសឧក្រិដ្ឋលើការអនុវត្តសេរីភាពដ៏សំខាន់។ ការណ៍នេះផ្ទុយទៅវិញបាននាំឱ្យមានការយាយីច្រើនករណី ការចាប់ខ្លួនដោយអយុត្តិធម៌ និងការកាត់ទោសឱ្យជាប់ពន្ធនាគារដ៏ធ្ងន់ធ្ងរដែលដៅលើពួកអ្នកការពារសិទ្ធិមនុស្ស អ្នកកាសែតឯករាជ្យ ជនជាតិភាគតិចនិងអ្នកគាំទ្រសេរីភាពសាសនា និងពលរដ្ឋដែលសម្តែងសេរីភាពដោយទស្សនៈរបស់ខ្លួនដោយសន្តិវិធីជារៀងរាល់ថ្ងៃ»។
លោកស្រីអនុរដ្ឋមន្ត្រី Zeya បានចង្អុលបង្ហាញពីអ្នកកាសែតដែលបានជាប់ពន្ធនាគារឧទាហរណ៍ករណីលោក Pham Doan Trang និងមេដឹកនាំសាសនាដែលនៅក្នុងចំណោមអ្នកទោសនយោបាយដែលត្រូវជាប់ឃុំដោយអយុត្តិធម៌ជាង១៨០ករណីនៅប្រទេសវៀតណាម។
ទី២ សហរដ្ឋអាមេរិកនៅតែមានការព្រួយកង្វល់ថា សេរីភាពស៊ីវិលសម្រាប់អង្គការក្រៅរដ្ឋាភិបាលត្រូវបានដាក់កំហិតយ៉ាងខ្លាំងដូចជា៖ «អ្នកការពារបរិស្ថានដ៏ល្បីល្បាញ និងមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលយ៉ាងតិចណាស់ក៏៦នាក់បានត្រូវកាត់ទោសឱ្យជាប់ទោសពីបទលួចបន្លំពន្ធចាប់តាំងពីឆ្នាំ ២០២១មក។ ការកាត់ឱ្យជាប់ទោសនេះបានធ្វើឱ្យមេដឹកនាំអង្គការផ្សេងទៀតជាច្រើនរបស់អង្គការក្រៅរដ្ឋាភិបាលភ័យខ្លាចថា ពួកគេអាចជាទីដៅបន្ទាប់។ ការកាត់ទោសលោក Hong Thi Minh Hong និង Dang Dinh Bach ហើយនឹងអ្នកការពារបរិស្ថានផ្សេងទៀតបានបង្កើនការព្រួយកង្វល់ធ្ងន់ធ្ងរអំពីការគោរពការធានាឱ្យមានការកាត់ទោសត្រឹមត្រូវនិងសិទ្ធិមនុស្សផ្សេងទៀត»។
លោកស្រីបានបន្ថែមទៀតថា វិស័យទី៣នៃការព្រួយកង្វល់ដ៏ធ្ងន់ធ្ងរសម្រាប់សហរដ្ឋអាមេរិកគឺការខិតខំប្រឹងប្រែងដោយអាជ្ញាធរវៀតណាមលូកដៃហួសពីព្រំដែនរបស់ខ្លួនដើម្បី«បង្ខំ រំខានយាយី បំភិតបំភ័យ ឈ្លបមើលនិងពិរុទ្ធអ្នកការពារសិទ្ធិមនុស្ស អ្នកកាសែតឯករាជ្យ និងសកម្មជនផ្សេងទៀតចំពោះការអនុវត្តសិទ្ធិរបស់ពួកគេ។
លោកស្រីអនុរដ្ឋមន្ត្រី Zeya បាននិយាយបន្តទៀតថា សហរដ្ឋអាមេរិកបន្តលើកឡើងពីការព្រួយកង្វល់ទាំងនេះជាមួយរដ្ឋាភិបាលវៀតណាម។ លោកស្រីបានសរសើរដល់ភាពមិនទ្រុឌទ្រោមនិងស្មារតីលះបង់របស់សមាជិកសង្គមស៊ីវិលនិងសកម្មជនសិទ្ធិមនុស្សវៀតណាមទាំងនៅក្នុងនិងក្រៅប្រទេសវៀតណាម។ លោកស្រីបានបន្ថែមទៀតថា «ការដោះស្រាយរបស់លោកអ្នកលើកទឹកចិត្តជាខ្លាំង ហើយសហរដ្ឋអាមេរិកជានិច្ចកាលនឹងគាំទ្រអ្នកដែលធ្វើការឆ្ពោះទៅកាន់ភាពត្រឹមត្រូវ យុត្តិធម៌ សេរី និងមានសមភាពកាន់តែខ្លាំងឡើងសម្រាប់វៀតណាម៕