តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកាត់ទោសជនជាតិភាគតិចវៀតណាម និងអ្នកតស៊ូមតិខាងសេរីភាពសាសនា។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកាត់ទោសបែបនេះចំនួនប្រាំបានកើតឡើងចាប់តាំងពីខែមករាមក។
លោក Miller បាននិយាយថា អ្វីដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងនោះគឺការកាត់ទោសលោក Y Krec Bya ឱ្យជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះដែលលោក«បានបញ្ចេញមតិអំពីសេរីភាពសាសនា ឬជំនឿនៅប្រទេសវៀតណាមដោយសន្តិវិធី»។ លោក Bya ជាសមាជិកនៃក្រុមសាសនា Evangelical Church of Christ នៃតំបន់ខ្ពង់រាបដែលមិនបានចុះឈ្មោះនៅវៀតណាម ត្រូវបានចាប់ខ្លួនកាលពីខែមេសាឆ្នាំមុន ហើយត្រូវបានចោទប្រកាន់ពីបទ«បំផ្លាញឯកភាពជាតិ»។ ការផ្តន្ទាទោសនាពេលថ្មីៗនេះមិនមែនជាលើកទីមួយដែលបានកើតឡើងចំពោះលោកនោះទេ។ ក្នុងឆ្នាំ២០០៤ លោក Bya ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៨ឆ្នាំដោយសារការតស៊ូមតិរបស់លោកសម្រាប់សេរីភាពសាសនារបស់ប្រជាពលរដ្ឋម៉ុងតាញ៉ា។
លោក Nay Y Blang បានរៀបចំការជួបជុំអធិស្ឋាននៅក្នុងគេហដ្ឋានរបស់លោកសម្រាប់សមាជិកនៃក្រុមសាសនាផ្សាយដំណឹងល្អ Evangelical Church of Christ ហើយត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តិបទឧក្រិដ្ឋមួយក្នុងចំណោមបទចោទប្រ កាន់ថា ប្រព្រឹត្តិឧក្រិដ្ឋផ្សេងទៀតរួមទាំង«ការបំផ្លាញឯកភាពជាតិ»ផងដែរ។ បន្ទាប់ពីការកាត់ក្តីដោយគ្មានតំណាងផ្លូវច្បាប់ លោក Blang ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំកន្លះ។ គណៈកម្មាការរបស់សហរដ្ឋអាមេរិកស្តីពីសេរីភាពសាសនាអន្តរជាតិកត់សម្គាល់ថា លោក Blang ពីមុនធ្លាប់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ប្រាំមួយខែពីបទ«ធ្វើឱ្យខូចគោលនយោបាយឯកភាពជាតិ»។
កាលពីខែកុម្ភៈ តុលាការបានកាត់ទោសលោក Danh Minn Quan ដែលជាពុទ្ធសាសនិកជនមកពីសហគមន៍ខ្មែរកម្ពុជាក្រោមនៅភាគនិរតីនៃប្រទេសវៀតណាមឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំកន្លះ ក្រោមបទចោទប្រកាន់ថា «រំលោភលើសេរីភាពប្រជាធិបតេយ្យ»។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា លោក Quan ត្រូវបានគេកំណត់គោលដៅដោយសារតែលោកបានចែកចាយសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមភាគតិច និងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗរបស់អង្គការសហប្រជាជាតិដើម្បីលើកកម្ពស់សិទ្ធិមនុស្ស។ លោកក៏បានតស៊ូមតិដើម្បីសិទ្ធិរបស់ពុទ្ធសាសនិកខ្មែរកម្ពុជាក្រោមក្នុងការប្រតិបត្តិសាសនារបស់ខ្លួនស្របតាមប្រវត្តិជាតិសាសន៍ និងវប្បធម៌របស់ខ្លួនផងដែរ។
សកម្មជនដែលជាអ្នកកាន់សាសនាព្រះពុទ្ធពីរនាក់ផ្សេងទៀតមកពីសហគមន៍ខ្មែរកម្ពុជាក្រោមដែរនោះ គឺលោក Thach Cuong និង To Hoang Chuong ក៏ត្រូវបានគេកំណត់គោលដៅផងដែរ ដោយសារតែពួកគេបានចែកចាយសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ និងបានតស៊ូមតិដើម្បីសិទ្ធិសាសនារបស់សហគមន៍របស់ពួកគេ។ អ្នកទាំងពីរត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទ«រំលោភលើសេរីភាពប្រជាធិបតេយ្យ»ដោយលោក Cuong ជាប់ពន្ធនាគាររយៈពេល៣ឆ្នាំកន្លះនិងលោក Chuong រយៈពេល៤ឆ្នាំ។
របាយការណ៍សិទ្ធិមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកស្តីពីប្រទេសវៀត ណាមបានកត់សម្គាល់ថា មន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនៅប្រទេសវៀតណាមតែងតែជំរុញអាជ្ញាធរឱ្យផ្តល់ការអនុញ្ញាតដល់ក្រុមអ្នកកាន់សាសនាទាំងអស់ធ្វើប្រតិបត្តិការដោយសេរី។ សហរដ្ឋអាមេរិកកំពុងបន្តការអំពាវនាវនោះ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Matthew Miller បានថ្លែងថា៖ «យើងអំពាវនាវឱ្យវៀតណាមគោរពសិទ្ធិបុគ្គលក្នុងការអនុវត្តសេរីភាពនៃការបញ្ចេញមតិ សមាគម និងសាសនា ឬជំនឿ។ យើងសូមអំពាវនាវជាថ្មីដល់វៀតណាមឱ្យដោះលែងអ្នកដែលជាប់ឃុំដោយអយុត្តិធម៌ទាំងអស់»៕