Accessibility links

Breaking News

បទវិចារណកថា៖ តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ត្រូវតែ​នៅ​ជា​តំបន់​ដែល​មាន​សេរីភាព​និង​មាន​សុវត្ថិភាព


រូបឯកសារ៖ អូស្ត្រាលី ជប៉ុន ហ្វីលីពីន និង​សហរដ្ឋ​អាមេរិក បាន​ធ្វើការ​សហប្រតិបត្តិការ​នៅ​លើ​ដែន​សមុទ្រ កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។
រូបឯកសារ៖ អូស្ត្រាលី ជប៉ុន ហ្វីលីពីន និង​សហរដ្ឋ​អាមេរិក បាន​ធ្វើការ​សហប្រតិបត្តិការ​នៅ​លើ​ដែន​សមុទ្រ កាលពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។

តទៅ​នេះ គឺជា​បទវិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​អាមេរិកាំង

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក លោក Daniel Kritenbrink បាន​និយាយ​នៅពេល​លោក​ផ្តល់​សក្ខីកម្ម​ទៅ​កាន់​សភាកាលពី​ពេល​ថ្មីៗ​នេះ​ថា តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក គឺជា​ចំណុច​ស្នូល​នៃ​អាទិភាព​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​សំខាន់ៗ​សម្រាប់​សហរដ្ឋ​អាមេរិក។

លោក Daniel Kritenbrink បាន​ថ្លែង​ថា៖ «‍ដោយ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​នេះ​មាន​ចំនួន​ប្រជាជន​ជាង​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ពិភពលោក និង​មាន​សេដ្ឋកិច្ច​ពីរ​ភាគ​បី​នៃ​សេដ្ឋកិច្ច​ពិភពលោក​នោះ ធ្វើ​ឱ្យ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​នេះ​គឺជា​មជ្ឈមណ្ឌល​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​សតវត្សរ៍​ទី២១​នេះ។ ដូច​ដែល​បាន​បញ្ជាក់​អំពី​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​របស់​យើង តំបន់​នេះ​ផ្តល់​ផលប្រយោជន៍​ដ៏​សំខាន់​សម្រាប់​ជាតិ​របស់​យើង ដែល​យើង​ត្រូវ​ធានា​ថា ការអភិវឌ្ឍ​នៅក្នុង​តំបន់​នេះ គឺ​ស្រប​ជាមួយ​នឹង​ផលប្រយោជន៍ និង​គុណតម្លៃ​របស់​យើង។ សន្តិសុខ និង​វិបុលភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​អាមេរិក ពឹង​ផ្អែក​លើ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​មួយ​ដែល​មាន​លក្ខណៈ​សេរី​និង​បើកចំហ មាន​ទំនាក់ទំនង​នឹង​គ្នា វិបុលភាព សុវត្ថិភាព និង​មាន​ភាពធន់»។

លោក Kritenbrink បាន​និយាយ​ថា ដើម្បី​ជួយ​ដៃគូ និង​សម្ពន្ធមិត្ត​នៅក្នុង​តំបន់ សហរដ្ឋ​អាមេរិក​បាន​ចូលរួម​យ៉ាងស៊ីជម្រៅ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជាច្រើន​ដែល​ផ្តល់​អាទិភាព​ទៅ​លើ​សេរីភាព និង​សន្តិសុខ។

លោក Kritenbrink បាន​ថ្លែង​ថា៖ «‍ជាឧទាហរណ៍ សហរដ្ឋ​អាមេរិក​បាន​គាំទ្រ ប្រជាពលរដ្ឋ​ភូមា​ជាយូរ​មកហើយ ហើយ​យើង​នឹង​បន្ត​គាំទ្រ​មនុស្ស​គ្រប់គ្នា​ដែល​ធ្វើការ​ដោយ​សន្តិវិធី ដើម្បី​ស្ដារ​មាគ៌ា​របស់​ប្រទេស​ភូមា​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ។ យើង​ក៏​បន្ត​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​លើក​កម្ពស់​ការយល់ដឹង​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ផងដែរ។ យើង​បាន​បង្កើត​យន្តការ​មួយ​ដើម្បី​ចែក​រំលែក​ព័ត៌មាន​តាម​ពេល​វេលា​ពិត​ជាក់ស្តែង​ស្តីអំពី​ការគំរាម​កំហែង​ដោយ​មីស៊ីល​របស់​កូរ៉េ​ខាងជើង​ជាមួយ​ប្រទេស​ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ»។

លោក Kritenbrink បាន​ថ្លែង​ទៀត​ថា៖ «‍ខណៈ​ពេល​ដែល​ការផ្តោត​អារម្មណ៍​ទៅ​លើ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​នេះ​ត្រូវបាន​ជំរុញ​ដោយសារ​ថា​តើ​តំបន់​នេះ​មាន​សារៈសំខាន់​យ៉ាងណា​ចំពោះ​សន្តិសុខ និង​វិបុលភាព​របស់​យើង​នោះ យើង​ក៏​ទទួល​ស្គាល់​បញ្ហា​ប្រឈម​ដែល​កំពុង​កើនឡើង​ដែល​បង្ក​ឡើង​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ»។

លោក Kritenbrink បាន​ថ្លែង​បន្ត​ទៀត​ថា៖ «‍សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺជា​រដ្ឋ​តែ​មួយ​គត់​ដែល​មាន​បំណង​ផ្លាស់ប្តូរ​សណ្តាប់ធ្នាប់​អន្តរជាតិ ហើយ​ចិន​បាន​បង្កើន​ផ្នែក​ផ្សេងៗ​ដូចជា សេដ្ឋកិច្ច ការទូត យោធា ព័ត៌មាន និង​បច្ចេកវិទ្យា​ជាដើម​ដើម្បី​សម្រេច​បំណង​នេះ»។

លោក Kritenbrink បាន​ថ្លែង​បន្ត​ទៀត​ថា «‍សម្ពន្ធមិត្ត និង​ដៃគូ​របស់​យើង​កំពុង​មើល​មក​យើង​ដើម្បី​ឱ្យ​យើង​ផ្តល់​នូវ​ជម្រើស​ដែល​អាច​ជឿ​ទុកចិត្ត​បាន ជាជាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន»។ ហេតុដូច្នេះ សហរដ្ឋ​អាមេរិក​នឹង​បន្ត​ពង្រីក​វត្តមាន និង​ការវិនិយោគ​របស់​ខ្លួន​នៅក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ដើម្បី​ឱ្យ​មាន​សន្តិភាព និង​សន្តិសុខ​នៅក្នុង​តំបន់​នេះ៕

XS
SM
MD
LG