តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិករួមជាមួយចក្រភពអង់គ្លេស នៅបន្តដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ីសម្រាប់ករណីដែលរដ្ឋាភិបាលរុស្ស៊ី ដាក់ថ្នាំបំពុលលើមេដឹកនាំគណបក្សប្រឆាំងរុស្ស៊ីលោក Alexei Navalny។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានវាយតម្លៃថា មន្ត្រីសន្តិសុខរដ្ឋាភិបាលរុស្ស៊ី (FSB) បានប្រើសារធាតុបំផ្លាញសរសៃប្រសាទ Novichok ដើម្បីបំពុលលោក Navalny ដោយបានធ្វើឲ្យលោកធ្លាក់ខ្លួនឈឺធ្ងន់នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ នៅពេលដែលលោកបានធ្វើដំណើរត្រឡប់ទៅទីក្រុងមូស្គូវិញ បន្ទាប់ពីបានធ្វើយុទ្ធនាការនៅក្នុងទីក្រុង Tomsk និងទីក្រុង Novosibirsk នៃប្រទេសរុស្ស៊ីមក។
លោក Navalny បានទទួលការព្យាបាលនៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ហើយបន្ទាប់ពីលោកបានវិលត្រឡប់ទៅកាន់ប្រទេសរុស្ស៊ីវិញកាលពីខែមករា លោកត្រូវបានអាជ្ញាធរចាប់ខ្លួនក្រោមបទចោទប្រកាន់ថា បានរំលោភលើលក្ខខណ្ឌនៅក្រៅឃុំរបស់លោក។
លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាងពីរឆ្នាំកន្លះនៅក្នុងសវនាការដែលគេចាត់ទុកជាទូទៅថា ជាសវនាការបែបក្លែងបន្លំ។
មួយឆ្នាំក្រោយមក បន្ទាប់ពីលោក Navalny ត្រូវបានបំពុល ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មជុំទីពីរលើប្រទេសរុស្ស៊ីនៅក្រោមច្បាប់គ្រប់គ្រងអាវុធគីមីនិងជីវសាស្ត្រ និងការលុបបំបាត់សង្គ្រាមដែលប្រើអាវុធទាំងនេះ (Chemical and Biological Weapons Control and Warfare Elimination Act)។
ទណ្ឌកម្មទាំងនេះមានដូចជា ការដាក់កំហិតជាអចិន្ត្រៃយ៍លើការនាំចូលមកកាន់សហរដ្ឋអាមេរិកនូវអាវុធ ឬក៏គ្រាប់រំសេវណាដែលផលិត ឬក៏មានទីតាំងនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីមានពាក្យសុំប័ណ្ណអនុញ្ញាតទាំងថ្មីនិងកំពុងពិនិត្យ ក៏ដូចជាការដាក់កំហិតបន្ថែមលើការនាំចេញបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងនុយក្លេអ៊ែរនិងមីស៊ីលទៅកាន់ប្រទេសរុស្ស៊ីផងដែរ។
ក្រសួងការបរទេសនិងក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មផងដែរលើបុគ្គលរុស្ស៊ីចំនួន ៩ នាក់ និងអង្គភាពចំនួន ៤ ដែលក្នុងនោះរួមមានទាំងភ្នាក់ងារដែលពាក់ព័ន្ធនៅក្នុងការបំពុលលោក Navalny និងអង្គភាពដែលបានអភិវឌ្ឍសមត្ថភាពអាវុធគីមីរបស់ប្រទេសរុស្ស៊ីផងដែរ។
អ្នកស្រី Andrea Gacki ប្រធានការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បាននិយាយថា ការបំពុលលោក Navalny គឺជា «ការរំលោភបំពានដ៏អាក្រក់បំផុតលើបទដ្ឋានអន្តរជាតិនៃការប្រឆាំងការប្រើប្រាស់អាវុធគីមី និងជាផ្នែកមួយនៃយុទ្ធនាការដែលកំពុងបន្តធ្វើដើម្បីបំបិទសំឡេងអ្នកប្រឆាំងនៅក្នុងប្រទេសរុស្ស៊ី»។
បើយោងតាមលោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក ការដាក់ទណ្ឌកម្មបន្ថែមទាំងនេះលើប្រទេសរុស្ស៊ី គឺជា «ការបញ្ជូនសារដ៏ច្បាស់លាស់មួយថា មិនមាននិទណ្ឌភាពណាមួយនោះទេសម្រាប់ការប្រើប្រាស់អាវុធគីមី ដែលក្នុងនោះរួមទាំងសម្រាប់បុគ្គលនិងអង្គភាពដែលពាក់ព័ន្ធផងដែរ។ ការប្រើប្រាស់អាវុធគីមីណាមួយ គឺមិនអាចទទួលយកបាននោះឡើយ និងជាការរំលោភលើបទដ្ឋានអន្តរជាតិ។ សហរដ្ឋអាមេរិកអំពាវនាវឲ្យប្រទេសរុស្ស៊ីគោរពតាមកាតព្វកិច្ចរបស់ខ្លួននៅក្រោមអនុសញ្ញាស្ដីពីអាវុធគីមី»៕