Accessibility links

Breaking News

បទវិចារណកថា៖ ទណ្ឌកម្ម​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​របស់​សហរដ្ឋ​អាមេរិក​លើ​រុស្ស៊ី


ស្លាកសញ្ញា​​ប្រព័ន្ធ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​អន្តរ​ធនាគារ​ពិភពលោក (SWIFT) ទង់ EU និង​ទង់ជាតិ​រុស្ស៊ី នៅក្នុង​រូបថត​ដែល​ថត​នៅ​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
ស្លាកសញ្ញា​​ប្រព័ន្ធ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​អន្តរ​ធនាគារ​ពិភពលោក (SWIFT) ទង់ EU និង​ទង់ជាតិ​រុស្ស៊ី នៅក្នុង​រូបថត​ដែល​ថត​នៅ​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

នៅក្នុង​កិច្ច​សម្របសម្រួល​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​ខ្លួន សហរដ្ឋ​អាមេរិក​បាន​ចាត់​វិធានការ​បន្ថែម​ទៀត​ប្រឆាំង​នឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​រុស្ស៊ី ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រកាស​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «ដោយ​មិន​មាន​ការ​ប្រែប្រួល​នៅក្នុង​ការ​គាំទ្រ​របស់​យើង​ចំពោះ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ប្រទេស​អ៊ុយក្រែន យើង​នឹង​បន្ត​ចាត់​វិធានការ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​យើង​ដើម្បី​ធ្វើ​ឱ្យ​រុស្ស៊ី​រង​ផល​វិបាក ប្រសិនបើ​រុស្ស៊ី​នៅតែ​បន្ត​ធ្វើ​សង្គ្រាម​ដែល​ជា​ជម្រើស​នេះ»។

ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ហាមឃាត់​ពលរដ្ឋ​អាមេរិកាំង​គ្រប់​រូប​មិន​ឱ្យ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ធនាគារ​កណ្ដាល​របស់​រុស្ស៊ី ផ្នែក​មូលនិធិ​ទ្រព្យសម្បត្តិ​ជាតិ​របស់​រុស្ស៊ី ឬ​ក៏​ក្រសួង​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី។

បន្ថែម​ពី​លើ​នេះ​ទៀត ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​បង្ខាំង​ផ្នែក​មូលនិធិ​វិនិយោគ​ផ្ទាល់​របស់​រុស្ស៊ី ដែល​ជា​មូលនិធិ​បម្រុង​ទុក​ក្នុង​គោល​បំណង​ខុសច្បាប់​សម្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​បក្ខពួក​ផ្ទៃក្នុង​របស់​លោក សាខា​ពីរ​របស់​ផ្នែក​មូលនិធិ​នេះ និង​នាយក​ប្រតិបត្តិ​របស់​ផ្នែក​មូលនិធិ​នេះ​លោក Kirill Dmitriev។

លោក​រដ្ឋមន្ត្រី Blinken បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​ចាត់​វិធានការ​ទាំងនេះ «ដើម្បី​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ដល់​សមត្ថភាព​របស់​រុស្ស៊ី​នៅក្នុង​ការ​ប្រើ​ថវិកា​បម្រុងទុក​អន្តរជាតិ​របស់​ខ្លួន​តាម​វិធី​ដែល​បំផ្លាញ​ដល់​ផល​ប៉ះពាល់​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​យើង ក៏​ដូចជា​ដើម្បី​រារាំង​រុស្ស៊ី​មិន​ឱ្យ​ទទួល​បាន​មូលនិធិ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​សម្រាប់​ប្រើ​នៅក្នុង​សង្គ្រាម​ជា​បន្ត​របស់​ខ្លួន​ប្រឆាំង​នឹង​អ៊ុយក្រែន»។

ទណ្ឌកម្ម​ថ្មី​ចុងក្រោយ​បង្អស់​ទាំងនេះ ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ប្រព័ន្ធ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ​អន្តរ​ធនាគារ​ពិភពលោក (SWIFT) បាន​យល់ព្រម​ដក​ធនាគារ​សំខាន់ៗ​របស់​រុស្ស៊ី​ចេញ​ពី​ប្រព័ន្ធ​របស់​ខ្លួន ដែល​នេះ​ គឺជា​ជំហាន​មួយ​ដែល​នឹង​កាត់ផ្ដាច់​ប្រទេស​រុស្ស៊ី​ចេញពី​ផ្នែក​ភាគច្រើន​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាកលលោក​នេះ។

ការ​កាត់ផ្ដាច់​រុស្ស៊ី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាកលលោក​នេះ​ មាន​ន័យ​ថា ធនាគារ​របស់​រុស្ស៊ី​នឹង​មិន​អាច​ធ្វើ​ទំនាក់ទំនង​ប្រកប​ដោយ​សុវត្ថិភាព​ជាមួយ​នឹង​ធនាគារ​បរទេស​ផ្សេងៗ​ឡើយ។

សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក៏​បាន​ប្រកាស​ផងដែរ​ថា ពួកគេ​នឹង​ចាត់​វិធានការ​តឹងតែង​ដើម្បី​រារាំង​ធនាគារ​កណ្ដាល​របស់​រុស្ស៊ី​មិន​ឱ្យ​ប្រើ​ថវិកា​បម្រុងទុក​អន្តរជាតិ​របស់​ខ្លួន​តាម​វិធី​ដែល​អាច​បំផ្លាញ​ដល់​ទណ្ឌកម្ម​ផ្សេងៗ។

សហរដ្ឋ​អាមេរិក​ នឹង​បន្ត​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ដៃគូ​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដើម្បី​ធ្វើ​ឱ្យ​រុស្ស៊ី​រង​ផល​វិបាក​ធ្ងន់ធ្ងរ សម្រាប់​ការ​ធ្វើ​សង្គ្រាម​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន​នេះ។

លោក​រដ្ឋមន្ត្រី Blinken បាន​លើកឡើង​ថា៖ «យើង​រួបរួម​ជាមួយ​នឹង​ដៃគូ​និង​សម្ព័ន្ធមិត្ត​របស់​យើង​លើ​គោល​បំណង​រួម ការ​ប្ដេជ្ញាចិត្ត និង​ការ​តាំងចិត្ត ដើម្បី​ធ្វើ​ឱ្យ​រុស្ស៊ី​ទទួល​ខុសត្រូវ​ចំពោះ​ភាព​គឃ្លើន​របស់​ខ្លួន ជាពិសេស​អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​សង្គ្រាម​ដែល​ខ្លួន​ជ្រើសរើស​ធ្វើ​នេះ»៕

XS
SM
MD
LG