Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​បុណ្យ​ឯករាជ្យ​ឆ្នាំ២០២៤


រូបឯកសារ៖ ការបាញ់​កាំជ្រួច​នៅ​កំពង់ផែ​នៅ​ទីក្រុង Baltimore ក្នុង​រដ្ឋ Maryland សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ពេល​ពិធី​អបអរ​ទិវា​បុណ្យ​ឯករាជ្យ ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ ការបាញ់​កាំជ្រួច​នៅ​កំពង់ផែ​នៅ​ទីក្រុង Baltimore ក្នុង​រដ្ឋ Maryland សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ពេល​ពិធី​អបអរ​ទិវា​បុណ្យ​ឯករាជ្យ ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០១៩។

តទៅនេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ​និង​ស្ថាប័ន​អាមេរិក

នៅ​ថ្ងៃ​នេះ ប្រជាពលរដ្ឋ​អាមេរិក​ប្រារព្ធ​ខួប​លើក​ទី​២៤៨ នៃ​ការបង្កើត​សហរដ្ឋ​អាមេរិក។ នៅ​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៧៧៦ សភា​នៅ​ជំនាន់​នោះ​ដែល​ហៅ​ថា Continental Congress ដែល​នៅ​ពេល​នោះ​ជា​អង្គ​គ្រប់គ្រង​ដែនដី​ក្រោម​អាណានិគម​អង់គ្លេស​ចំនួន​១៣ បាន​អនុម័ត​ពាក្យ​ចុងក្រោយ​នៃ​សេចក្តី​ប្រកាស​ឯករាជ្យ។ តាម​រយៈ​សកម្មភាព​នេះ ដែនដី​ក្រោម​អាណានិគម​អង់គ្លេស​ទាំង១៣ ដែល​ក្រោយ​មក​បាន​ក្លាយជា​រដ្ឋ​១៣​នោះ បាន​ប្រកាស​ឱ្យ​ពិភពលោក​បាន​ដឹង​អំពី​ការប្រកាស​ឯករាជ្យ​របស់​ខ្លួន​ពី​ចក្រភព​អង់គ្លេស។

ទោះបីជា​ត្រូវបាន​សរសេរ​ឡើង​ជាង​មួយ​ឆ្នាំ​បន្ទាប់ពី​សង្គ្រាម​ប្រយុទ្ធ​ដើម្បី​ឯករាជ្យ​របស់​អាមេរិក​បាន​ចាប់ផ្តើម​ក៏ដោយ ក៏​ការប្រកាស​ឯករាជ្យ​នោះបាន បង្កើត​គំនិត​បដិវត្តន៍​ពីរ។ ទីមួយ ដោយ​ក្នុង​កាលៈទេសៈ​ជាក់លាក់​ណាមួយ ក្នុង​ករណី​នេះ​គឺ​សំដៅ​ដល់​«ការរង​របួស និង​ការដក​ហូត»​សិទ្ធិ និង​សេរីភាព​របស់​អាណានិគម​អាមេរិក​ដោយ​រដ្ឋាភិបាល​របស់​ព្រះមហាក្សត្រ George III «វាជា​ការចាំបាច់​សម្រាប់​មនុស្ស​ម្នាក់​រំលាយ​ក្រុម​នយោ​បាយ​ដែល​បាន​ភ្ជាប់​ពួកគេ​ជាមួយ​ក្រុម​ផ្សេង​ទៀត»។

ទីពីរ​គឺ​ការបញ្ជាក់​ថា មនុស្ស​គ្រប់​រូប​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្មើៗគ្នា។ ឃ្លា​នេះ ត្រូវបាន​បកស្រាយ​ជា​ន័យ​ធម្មតា​ថា មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​ពី​កំណើត​មួយ​ចំនួន រួមទាំង​សិទ្ធិ​ទទួល​បាន​សេចក្តី​ថ្លៃថ្នូរ​ស្មើៗគ្នា។ សិទ្ធិ​ត្រូវ​បាន​គេ​ចាត់​ទុក​ស្មើ​នឹង​ពលរដ្ឋ​ផ្សេង​ទៀត និង​សិទ្ធ​ដើម្បី​ទទួល​បាន​ឱកាស​ត្រឹមត្រូវ​ក្នុង​ការបង្កើត​ជីវិត​ដ៏​ល្អ​សម្រាប់​ខ្លួនឯង គឺជា​ចំណុច​កណ្តាល​នៃ​គោលការណ៍​ដែល​គាំទ្រ​ដល់​ការបង្កើត​សហរដ្ឋ​អាមេរិក។ សិទ្ធ​ទាំងនេះ​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស។

ហើយ​ខណៈពេល​ដែល​ជារឿយៗ យើង​បាន​បរាជ័យ​ក្នុង​ការធ្វើ​តាម​គោលការណ៍​ទាំង​នោះ ការបរាជ័យ​ដ៏គួរឱ្យ​ភ្ញាក់ផ្អើល​បំផុត​គឺ​ទាសភាព​ដែល​កើតមាន​ឡើង​ក្នុង​រយៈពេល​៨០​ឆ្នាំ​ក្រោយពី​ការប្រកាស​ឯករាជ្យ​ត្រូវបាន​សរសេរ​ឡើង វា​បាន​សាបព្រួស​គ្រាប់ពូជ​នៃ​ការផ្លាស់ប្តូរ​ដែល​ប៉ុន្មាន​ឆ្នាំ​មកនេះ​លុបបំបាត់​ការបរាជ័យ​ដូច​នោះ។ ហើយ​សហរដ្ឋ​អាមេរិក​បន្ត​ផ្លាស់ប្តូរ​ដូច្នេះ​ទៀត នៅពេល​ដែល​បញ្ហា​ប្រឈម​ថ្មីៗ​កើតឡើង។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា «នៅ​ថ្ងៃនេះ យើង​អបអរ​សាទរ​ទិវា​បុណ្យ​ឯករាជ្យ​របស់​យើង។ យើង​អបអរ​សិទ្ធ​សេរីភាព​របស់​យើង‍»។

លោក Biden បាន​បន្ត​ទៀត​ថា៖ «ខណៈ​ដែល​ប្រជាជាតិ​ផ្សេងទៀត​ត្រូវបាន​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​អ្វីៗ​មួយ​ចំនួន​ដូចជា ភូមិសាស្ត្រ ជាតិសាសន៍ សាសនា អាមេរិក​គឺជា​ប្រជាជាតិ​តែ​មួយ​គត់​នៅក្នុង​ប្រវត្តិសាស្ត្រ​ដែល​បាន​បង្កើត​ឡើង​នៅ​លើ​គំនិត​មួយ គឺ​គំនិត​មួយ។ ហើយ​នោះ​គឺ​ថា យើង​ប្រកាន់​យក​ការពិត​ទាំងនេះ ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ដោយ​ខ្លួន​ឯង​ថា មនុស្ស​ទាំងអស់​ត្រូវបាន​បង្កើត​ឡើង​ស្មើៗគ្នា មនុស្ស​ទាំងអស់​ត្រូវបាន​ផ្តល់​សិទ្ធិ​ដែល​មិន​អាច​កាត់ផ្តាច់​បាន​ដែល​ក្នុង​ចំណោម​នោះ​មាន​ដូចជា ជីវិត សេរីភាព និង​ការស្វែងរក​សុភមង្គល»។

លោក Biden បាន​និយាយ​បន្ថែម​ទៀត​ថា៖ «យើង​មិន​បាន​ធ្វើតាម​ពាក្យ​ទាំងនោះ​គ្រប់​ពេល​នោះ​ទេ ក៏ប៉ុន្តែ យើង​មិន​ដែល​ដើរ​ចេញ​ពី​ពាក្យ​ទាំងនោះ​ទេ។ ហើយ​ថ្ងៃ​នេះ និង​រាល់ថ្ងៃ យើង​ត្រូវ​និយាយ​ឱ្យ​បាន​ច្បាស់​ថា៖ យើង​នឹង​មិន​ដើរ​ចេញ​ពី​ពាក្យ​ទាំងនោះ​ទេ គឺ​យើង​នឹង​មិន​ដើរ​ចេញ​ពី​ពាក្យ​ទាំងនោះ​ទេ»៕

XS
SM
MD
LG