Accessibility links

Breaking News

បទវិចារណកថា៖ ទិវា​ប្រធានាធិបតី​ឆ្នាំ ២០២៤


រូបឯកសារ៖ រូប​លោក George Washington​ ដែលជា​ប្រធានាធិបតិ​ទី១ របស់សហរដ្ឋ​អាមេរិក​នៅលើ​ប្រាក់​ដុល្លារអាមេរិក។
រូបឯកសារ៖ រូប​លោក George Washington​ ដែលជា​ប្រធានាធិបតិ​ទី១ របស់សហរដ្ឋ​អាមេរិក​នៅលើ​ប្រាក់​ដុល្លារអាមេរិក។

តទៅ​នេះ គឺជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមគតិ និង​ស្ថាប័ន​អាមេរិកាំង

នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​ទី​៣ក្នុង​ខែ​កុម្ភៈ ប្រជាពលរដ្ឋ​អាមេរិកាំង​ប្រារព្ធ​ទិវា​ប្រធានាធិបតី។ ទិវា​ប្រធានាធិបតី​នេះ​ជា​ការរំឭក​ការទទួលស្គាល់​ប្រធានាធិបតី​គ្រប់រូប​របស់​សហរដ្ឋ​អាមេរិក ទាំង​ក្នុង​ពេល​អតីតកាល​និង​ពេល​បច្ចុប្បន្ន ជាពិសេស​គឺ​លោក George Washington និង​លោក Abraham Lincoln ដែល​ថ្ងៃ​កំណើត​របស់​ពួក​អស់លោក​មាន​គម្លាត​ពីគ្នា​ត្រឹមតែ១០ថ្ងៃ​ប៉ុណ្ណោះ គឺ​លោក Washington បាន​កើត​នៅ​ថ្ងៃទី២២ ខែកុម្ភៈ និង​លោក Lincoln បាន​កើត​នៅ​ថ្ងៃទី១២ ខែកុម្ភៈ។

ទោះជាយ៉ាងនេះ​ក៏ដោយ ការប្រារព្ធ​ទិវា​នេះ​លើក​ដំបូងនិង​ជា​បន្តបន្ទាប់ ការទទួល ស្គាល់​ជាផ្លូវការ​នូវ​ថ្ងៃ​ឈប់សម្រាក​ក្នុង​ឆ្នាំ១៩៧១ មិន​បាន​ប្តូរ​ឈ្មោះ​ថ្ងៃកំណើត​របស់​លោក Washington ទៅ​ជា​ទិវា​ប្រធានាធិបតី​នោះ​ទេ ហើយ​ក៏​មិន​បាន​ប្រារព្ធ​ដល់​លោក Lincoln ដែរ។ វា​គឺ​ជា​ថ្ងៃ​សម្តែង​ការដឹង​គុណ និង​ការទទួល​ស្គាល់​ប្រធានាធិបតី​ទី១ ​របស់​ប្រទេស គឺ​លោក George Washington។

លោក George Washington បាន​ដឹកនាំ​កងទ័ព​ឧទ្ទាម​ប្រយុទ្ធ​ឈ្នះ​សង្គ្រាម​ដែល​បាន​ទទួល​ឯករាជ្យ​ពី​ការគ្រប់គ្រង​របស់​អង់គ្លេស។ លោក​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង។ ការប្រារព្ធ​ថ្ងៃ​ខួប​កំណើត​របស់​លោក​ដែល​ត្រូវ​បាន​កត់ត្រា​ទុក​នោះ​គឺ​នៅ​ឆ្នាំ ១៧៧៨ នៅ​ជំរំ​រដូវរងា​របស់​កងទ័ព​ឧទ្ទាម​នៅ​តំបន់ Valley Forge ដែល​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង Philadelphia។ នៅ​ពេល​នោះ អ្នក​វាយ​ស្គរ និង​អ្នកផ្លុំខ្លុយ​មួយ​ក្រុម​បាន​ធ្វើ​ការ​ប្រគុំ​តន្ត្រី​សម្រាប់​ថ្ងៃ​ខួប​កំណើត​របស់​លោក​នៅ​ខាងមុខ​ទីស្នាក់ការ​របស់​លោក។ ក្រោយ​មក លោក Washington បាន​និយាយ​ថា ការប្រារព្ធ​ពិធី​នេះ «បាន​ចាប់ផ្តើម​ក្នុង​លក្ខណៈ​ជា​ការប្រមាថ​ដល់​ព្រះមហាក្សត្រ George‍ (ព្រះមហាក្សត្រ​របស់​ចក្រភព​អង់គ្លេស​នា​ពេល​នោះ)»។

លោក Washington មិនមែន​ជា​អ្នក​ដែល​ស្វះស្វែងរក​ឱ្យ​មាន​ការគោរព​និង​អបអរសាទរ​ដល់​រូប​លោក​នោះ​ទេ ក៏ប៉ុន្តែ​លោក​បាន​យល់​ពី​ភាពចាំបាច់​សម្រាប់​អ្នកដឹកនាំ​ដែល​ត្រូវ​មាន​បុគ្គល​លក្ខណៈ​ជា​អ្នក​បង្រួបបង្រួម ជា​បុគ្គល​ដែល​អាច​ប្រមូលផ្តុំ​ប្រជាពលរដ្ឋ និង​ជំរុញ​ឱ្យ​ពួកគេ​ធ្វើការ​រួមគ្នា​ដើម្បី​ភាពល្អ​ប្រសើរ​របស់​ប្រទេស​ថ្មី។

ពលរដ្ឋ​អាមេរិក​បាន​ប្រារព្ធ​ខួបកំណើត​របស់​លោក Washington ដោយ​មិន​ផ្លូវការ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ពី​លោក​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ១៧៩៩។ នៅ​ខែកុម្ភៈ បាន​ក្លាយជា​ថ្ងៃបុណ្យ​ជាតិ​នៅ​ឆ្នាំ១៨៧៩ ហើយ​ច្បាប់​ផ្លាស់ប្តូរ​ការប្រារព្ធ​ទិវា​នេះ​ទៅ​ថ្ងៃចន្ទ​នៃ​សប្តាហ៍​ទីបី​ក្នុង​ខែកុម្ភៈ បាន​ចូលជា​ធរមាន​នៅ​ឆ្នាំ១៩៧១។

លោក Washington បាន​ធ្វើជា​គំរូ​សម្រាប់​មេដឹកនាំ​ទាំងឡាយ​ណា​ដែល​បន្ត​វេន​ពី​លោក​នៅក្នុង​ដំណែង​ដ៏​ខ្ពស់​បំផុត​របស់​ប្រទេស។ លោក​បាន​បង្កើត​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ហើយ​បាន​ដឹកនាំ​សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​ក្មេងខ្ចី​មួយ​តាមរយៈ​ការតស៊ូ​យ៉ាង​ស្វិតស្វាញ​ដើម្បី​ជម្នះ​ការលំបាក ដែល​មិនយូរ​ប៉ុន្មាន​បាន​ផ្តល់​កំណើត​ដល់​រដ្ឋាភិបាល​មួយ​ដែល​មាន​ស្ថិរភាព ប្រជាធិបតេយ្យ និង​គោរពច្បាប់។ តាមរយៈ​ការចាកចេញ​ពី​តំណែង​ដោយ​ស្ម័គ្រចិត្ដ បន្ទាប់ពី​កាន់តំណែង​រយៈពេល​ពីរ​អាណត្តិ​ដោយ​ក្នុង​មួយ​អាណត្តិ​មាន​រយៈពេល​៤​ឆ្នាំ ហើយនឹង​តាមរយៈ​ការធានា​នូវ​ការផ្ទេរ​អំណាច​ដោយ​សន្តិវិធី​ទៅ​ឱ្យ​មេដឹកនាំ​ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យ​បន្ត​តំណែង​នោះ លោក George Washington បាន​ធ្វើជា​គំរូ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រធានាធិបតី​នាពេល​អនាគត​ទាំង​អស់៕

XS
SM
MD
LG