តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិនិងស្ថាប័នសហរដ្ឋអាមេរិក
ដូចប្រទេសជាច្រើនដែរ សហរដ្ឋអាមេរិកឧទ្ទិសទិវាមួយជារៀងរាល់ឆ្នាំដើម្បីរំឭកដល់អ្នកដែលបានបម្រើនៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេស និងដើម្បីផ្តល់កិត្តិយសដល់ការលះបង់របស់អ្នកដែលបានបាត់បង់ជីវិតក្នុងការបម្រើប្រទេសរបស់ខ្លួន។
សម្រាប់ប្រទេសភាគច្រើនដែលបានចូលរួមក្នុងសង្គ្រាមលោកលើកទីមួយ ទិវានោះគឺជាថ្ងៃទី១១ ខែវិច្ឆិកា។ នៅនាទីទី១១ នៃម៉ោង១១ នៃថ្ងៃទី ១១ នៃខែវិច្ឆិកា ក្នុងឆ្នាំ១៩១៨ បទឈប់បាញ់មួយបានចូលជាធរមានដែលបានបញ្ចប់នូវការប្រយុទ្ធគ្នាក្នុងសង្គ្រាមលោកលើកទី១ ។ ទោះបីជាវាមិនបានបញ្ចប់សង្គ្រាមក៏ដោយ ក៏វាជាថ្ងៃដែលបានបញ្ចប់ជាផ្លូវការដោយនាំឱ្យមានការចុះហត្ថលេខាលើសន្ធិសញ្ញា Versailles នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៩។ មនុស្សជាច្រើនបានចាត់ទុកថ្ងៃទី១១ ខែវិច្ឆិកា ជាថ្ងៃបញ្ចប់នៃជម្លោះ។
នៅក្នុងសហរដ្ឋអាមេរិក ពីរទសវត្សរ៍ក្រោយមក ថ្ងៃទី១១ ខែវិច្ឆិកា គឺជាថ្ងៃដែលត្រូវបានគេប្រារព្ធក្រៅផ្លូវការថាជាថ្ងៃឈប់បាញ់ដែលជាឱកាសមួយដើម្បីគោរពដល់អតីតយុទ្ធជនដែលបានចូលរួមប្រយុទ្ធនៅក្នុងសង្គ្រាមមួយដែលគេហៅថា សង្រ្គាមដ៏អស្ចារ្យ។ នៅឆ្នាំ ១៩៥៤ លោកប្រធានាធិបតី Dwight Eisenhower បានធ្វើឱ្យថ្ងៃនោះក្លាយជាថ្ងៃដែលគេផ្តល់កិត្តិយសដល់អ្នកទាំងអស់ដែលបានបម្រើនៅក្នុងសមរភូមិមុខ និងសមរភូមិក្រោយ ហើយទីបំផុតនៅឆ្នាំ១៩៧១ ទិវាឈប់បាញ់ត្រូវបានហៅថាជាទិវារំឭកគុណអតីតយុទ្ធជន ដូច្នេះវាឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីស្មារតីនៃការប្រារព្ធទិវានេះ។
លោកប្រធានាធិបតី Joe Biden បាននិយាយថា៖ «ថ្ងៃនេះ យើងផ្តល់កិត្តិយសដល់អ្នកស្នេហាជាតិជាច្រើនជំនាន់ ដែលបានទទួលងារថា «ទាហានជើងចាស់អាមេរិក» ដែលជាងារបង្ហាញនូវភាពក្លាហានដែលបង្រួបបង្រួមក្រុមអតីតសមាជិកយោធាដ៏ល្អបំផុតនៅក្នុងពិភពលោក។
លោក Biden បាននិយាយទៀតថា៖ «តាមរយៈការលះបង់ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន កងកម្លាំងប្រដាប់អាវុធរបស់យើងបានបង្កើត និងការពារទស្សនៈរបស់សហរដ្ឋអាមេរិក ដែលជាការសន្យាផ្តល់នូវសេរីភាពនិងសមភាព លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ លទ្ធភាព និងក្តីសង្ឃឹម។ យើងជំពាក់គុណអតីតយុទ្ធជនទាំងនោះយ៉ាងខ្លាំង ដែលមិនអាចសងវិញឱ្យបានពេញលេញនោះទេ»។
លោក Biden បានថ្លែងបន្តទៀតថា៖ «នៅគ្រប់ជំនាន់ អតីតយុទ្ធជនរបស់សហរដ្ឋអាមេរិកមានឆន្ទៈក្នុងការលះបង់ទាំងអស់ដើម្បីអ្វីដែលយើងបានចាត់ទុកថាជារបស់ពិសិដ្ឋ ដូចជាសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ។ ពួកគេបានបម្រើជាតិដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន លះបង់យ៉ាងច្រើន ហើយបានទទួលបន្ទុកក្នុងការការពារសេរីភាពដោយស្ងៀមស្ងាត់ មិនទាមទារភាពល្បីល្បាញសម្រាប់ខ្លួនពួកគេឡើយ»។
លោក Biden បានថ្លែងបន្ថែមទៀតថា៖ «ថ្ងៃនេះ ចូរយើងទាំងអស់គ្នាគោរពពួកគេ ដោយធ្វើតាមគំរូរបស់ពួកគេ ដោយដាក់កាតព្វកិច្ចជាធំ ជាជាងការគិតប្រយោជន៍ផ្ទាល់ខ្លួន យកចិត្តទុកដាក់ចំពោះអ្នកជិតខាងរបស់យើង និងធ្វើការដោយស្មោះស្ម័គ្រដើម្បីកសាងសហព័ន្ធដ៏ល្អឥតខ្ចោះមួយ ដែលសក្តិសមសម្រាប់អ្នកទាំងអស់ដែលការពារជីវិត និងសេរីភាពរបស់យើង»៕