តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីឧត្តមគតិនិងស្ថាប័នសហរដ្ឋអាមេរិក
នៅថ្ងៃចន្ទ សប្តាហ៍ទីបីរៀងរាល់ខែមករា ប្រជាពលរដ្ឋអាមេរិកាំងផ្តល់កិត្តិយសជូនវិញ្ញាណក្ខន្ធលោកបណ្ឌិត Martin Luther King, Jr.។ ព្រះតេជគុណ King ជាអាចារ្យគ្រឹស្តសាសនានិកាយ Baptist នៃរដ្ឋ Alabama នាប៉ែកខាងត្បូងសហរដ្ឋអាមេរិក និងជាមេដឹកនាំម្នាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងវិសមភាពខាងពូជសាសន៍នៅក្នុងសហរដ្ឋអាមេរិក។ ព្រះតេជគុណ King បានស្លាប់ដោយសារគ្រាប់កាំភ្លើងរបស់ឃាតករម្នាក់កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៦៨ ក្នុងអាយុ ៣៩ ឆ្នាំ។ នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ នេះ លោកគួរអាចប្រារព្ធខួបកំណើតទី ៩៥ឆ្នាំ របស់លោក។
ព្រះតេជគុណ King បានរស់នៅក្នុងពេលវេលាមួយដែលមានការរើសអើងខាងពូជ សាសន៍ខ្លាំងនៅក្នុងផ្នែកជាច្រើននៃសហរដ្ឋអាមេរិក។ ក្នុងរយៈពេលជិតមួយសតវត្សរ៍ ក្រោយការបញ្ចប់សង្គ្រាមស៊ីវីល ជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកបានឋិតនៅក្រោមអ្វីដេលហៅថាច្បាប់ Jim Crow ដែលបដិសេធពួកគេមិនឱ្យមានសិទ្ធិពេញលេញជាពលរដ្ឋអាមេរិកាំង។
ដោយបានទទូលការបំផុសគំនិតពីព្រះគម្ពីរ Bible នៃគ្រឹស្តសាសនា ពីអ្នកនិពន្ធរុស្ស៊ីលោក Leo Tolstoy និងសកម្មជនឥណ្ឌាលោក Mahatma Gandhi ព្រះតេជគុណ King បានចាត់ចែងនិងបានចូលរួមក្នុងការធ្វើពហិការសកម្មភាពធំៗដោយអហិង្សា ការធ្វើបាតុកម្មអង្គុយ ការដើរធ្វើបាតុកម្មដោយសន្តិវិធីនិងការធ្វើសកម្មភាពមិនគោរពខាងស៊ីវីលឯទៀតៗ។
ដោយសង្ឃឹមថាធ្វើឱ្យមានការយកចិត្តទុកដាក់ដល់ភាពមិនយុត្តិធម៌នៃច្បាប់ Jim Crow ក្រុមសកម្មជនអាមេរិកាំងដើមកំណើតអាហ្វ្រិក ជួនកាលបានរំលោភលើច្បាប់នេះដោយចេតនា តែដោយសន្តិវិធី ពីព្រោះច្បាប់នេះមានគោលដៅដាក់ពួកជនស្បែកសឱ្យនៅដាច់ដោយឡែកពីក្រុមជនមិនមែនស្បែកស។ ហើយទោះបីការណ៍នេះជាការប្រយុទ្ធយូរនិងតឹងតែងក៏ដោយ ក៏ការប្រឹងប្រែងរបស់ពួកគេបានទទួលផលដែរ។ ក្នុងឆ្នាំ ១៩៦៤ សភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់នោះ ហើយលោកប្រធានាធិបតី Lyndon Johnson បានចុះហត្ថលេខាលើច្បាប់សិទ្ធិពលរដ្ឋដែលចាត់ទុកការដាក់ជនស្បែកសឱ្យនៅដាច់ដោយឡែកពីជនមិនមែនស្បែកសក្នុងកន្លែងសាធារណៈ ការរើសអើងខាងការងារផ្អែកលើពូជសាសន៍ ពណ៌ស្បែក សាសនា ភេទឬប្រភពជាតិ ថាជាសកម្មភាពក្រៅច្បាប់។
លោកប្រធានាធិបតី Joe Biden បានមានប្រសាសន៍ថា៖ «លោកបណ្ឌិត Martin Luther King បានកើតក្នុងប្រទេសជាតិមួយដែលការបំបែកឱ្យនៅដាច់ពីគ្នាជាការពិតជាក់ ស្តែងមួយនៃជិវិត។ លោកមានហេតុផលទាំងអស់ដើម្បីជឿ ដូចជនឯទៀតៗក្នុងជំនាន់លោកជឿដូច្នេះដែរថាប្រវត្តិសាស្ត្របានសរសេររួចស្រេចហើយថា ការបែកបាក់ជាវាសនានៃប្រទេសអាមេរិក។ តែលោកបានច្រានចោលលទ្ធផលនោះហើយ»។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ដែរថា៖ «ជាញឹកញយ នៅពេលមនុស្សឮអំពីលោកបណ្ឌិត King ពួកគេគិតអំពីក្រុមអ្នកស្តាប់លោកទេសនាប្រៀនប្រដៅនិងចលនារបស់លោក ឬភាគច្រើនអំពីការតស៊ូដើម្បីសិទ្ធិពលរដ្ឋនិងសិទ្ធិបោះឆ្នោត។ តែយើងក៏នឹកឃើញដែរថា បេសកកម្មរបស់លោកជាអ្វីដែលស៊ីជម្រៅជាងនេះទៅទៀត។ សកម្មភាពនេះមានលក្ខណៈសាសនា។ សកម្មភាពនេះជាសីលធម៌។ នៅពេលណាយើងឃើញគ្នាថាជាអ្នកជិតខាង ហើយមិនមែនជាសត្រូវ ឃើញថាមានការជឿន លឿននិងយុត្តិធម៌...ការជឿនលឿនមិនមែនជាការងាយស្រួលទេ តែតែងតែអាចធ្វើបានជានិច្ច។ ហើយអ្វីទាំងអស់ល្អប្រសើរជាងមុនអំពីដំណើររបស់យើងឆ្ពោះទៅកាន់សហព័ន្ធមួយល្អប្រសើរជាងមុនថែមទៀត»៕