Accessibility links

Breaking News

បទវិចារណកថា៖ ទីភ្នាក់ងារ USAID ផ្តល់​អាទិភាព​ដល់​ពលរដ្ឋ​ហុងឌូរ៉ាស


រូបឯកសារ៖ ការតវ៉ា​ទាមទារ​ឱ្យ​សភា​បោះឆ្នោត​ជ្រើសរើស​អាជ្ញាធរ​ថ្មី​នៃ​ការិយាល័យ​រដ្ឋអាជ្ញា​សាធារណៈ​ក្នុង​ប្រទេស​ហុងឌូរ៉ាស។
រូបឯកសារ៖ ការតវ៉ា​ទាមទារ​ឱ្យ​សភា​បោះឆ្នោត​ជ្រើសរើស​អាជ្ញាធរ​ថ្មី​នៃ​ការិយាល័យ​រដ្ឋអាជ្ញា​សាធារណៈ​ក្នុង​ប្រទេស​ហុងឌូរ៉ាស។

តទៅនេះ ​គឺ​ជា​បទ​វិចារណកថា​ដែល​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក

កត្តា​សំខាន់​បំផុត​សម្រាប់​ការអភិវឌ្ឍប្រកបដោយជោគជ័យ​គឺ​អភិបាល​កិច្ច​ប្រជាធិបតេយ្យ។ នេះ​បើតាមសម្តី​លោក​ស្រី Mileydi Guilarte អនុប្រធាន​ការិយាល័យ​អាមេរិកាំង​ឡាទីន​និងតំបន់​ការ៉ាអ៊ីប​នៃ​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ពេល​ផ្តល់​សក្ខីកម្ម​ក្នុងសភា​សហរដ្ឋអាមេរិក​កាលពី​ពេល​ថ្មីៗនេះ។

លោកស្រី​បាន​ថ្លែងថា៖ «អភិបាល​កិច្ចដែល​ដោះស្រាយបញ្ហា​និង​មាន​តម្លាភាព​ និង​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​អនុញ្ញាត​ឱ្យ​មនុស្សម្នា​ជឿ​ជាក់​ទៅ​លើ​រដ្ឋាភិបាល​របស់ពួកគេ។ បើ​គ្មាន​ចំណុចទាំងនេះទេ ពលរដ្ឋ​តែងតែ​ចាកចេញ​ដើម្បី​ទៅស្វែងរក​បរិស្ថាន​ដែល​ល្អជាងនេះ ដែល​នាំ​ឱ្យ​បាត់បង់ធនធាន​មនុស្ស ហើយរារាំង​ដល់​ការ​រីកចម្រើន​នៅ​ក្នុងសង្គម»។

«យើង​ធ្វើការ​ជាមួយ​នឹង​រដ្ឋបាល​បច្ចុបន្ន​របស់​ប្រទេស​ហុងឌូរ៉ាស​លើចំណុច​ដែល​ យើង​យល់ស្របគ្នា។ ហើយយើង​ក៏សន្ទនា​គ្នា​ដោយ​ត្រង់ទៅ​ត្រង់មក និង​បើកចំហ អំពីចំណុច​ដែល​យើង​ខ្វែង​គំនិតគ្នា»។​

«យើង​ស្វាគមន៍​ការប្តេជ្ញារបស់​លោក​ប្រធានាធិបតី Castro ដើម្បី​បង្កើត​គណៈកម្មការ​ប្រឆំាងអំពើ​ពុករលួយ ហើយយើងលើកទឹកចិត្ត​រដ្ឋាភិបាល​ហុងឌូរ៉ាស និង​អង្កការ​សហប្រជាជាតិ​ឱ្យ​ស្វែងរកកិច្ចព្រមព្រៀង​ចុងក្រោយ ដើម្បី​បង្កើត​គណៈកម្មការ​មួយ​ដែល​នឹងផ្តល់​លទ្ធផល​ជាក់លាក់»។

សហរដ្ឋ​អាមេរិក​រង​ការ​រំខាន​ដោយ និទណ្ឌភាព​ចំពោះ​ការវាយប្រហារ​លើ​អ្នកការពារ​បរិស្ថាន ពលករ និង​សិទ្ធិមនុស្ស និង​អត្រា​កើនឡើង​នៃ​ចំនួន​ស្ត្រី​និង​ក្មេងស្រី​ដែល​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ប្រទេស​ហុងឌូរ៉ាស ដោយសារ​តែ​ភេទ​របស់​ពួកគេ។ សហរដ្ឋ​អាមេរិក​ជារឿយៗ​តែង​លើកឡើង​ពីបញ្ហា​សិទ្ធិមនុស្ស​ជាមួយ​រដ្ឋាភិបាល​ហុងឌូរ៉ាស​ហើយ​អំពាវនាវ​ឱ្យ​ផ្តល់​ថវិកា​ដល់ក្រសួងការពារសិទ្ធិមនុស្ស។​

លោកស្រី អនុប្រធាន Guilarte ថ្លែងថា៖ «ទីភ្នាក់ងារ USAID បន្ត​ធ្វើការ​ជាមួយក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ ដែលជា​អង្គការ​សង្គម​ស៊ីវិល​មួយ​ដែល​លាត​ត្រដាង​អំពើ​ពុករលួយ»។

«ក្រុម​សង្គម​ស៊ីវិល​ប្រភេទនេះ​ពិនិត្យ​ទៅលើ​ការ​ទាមទារ​របស់​ហុងឌូរ៉ាស​ឱ្យ​មាន​អភិបាលកិច្ច​ប្រកប​ដោយ​តម្លាភាព​និង​ការដោះស្រាយបញ្ហា។ ទីភ្នាក់ងារ USAID ក៏​ធ្វើការ​ជាមួយ​នឹង​វិទ្យាស្ថាន​សវនកម្មកំពូល​ និង​លេខាធិការដ្ឋាន​ទទួល​បន្ទុក​ផ្នែក​តម្លាភាព​ដើម្បី​ងាយស្រួលក្នុងការ​ទទួល​ព័ត៌មាន​សាធារណៈ​និង​ពិនិត្យ​ទៅលើ​សមត្ថភាព​របស់​រដ្ឋាភិបាលក្រុង​ឱ្យ​កាន់តែ​ប្រសើរ»។

ពាក់ព័ន្ធនឹង​សេដ្ឋកិច្ច ទីភ្នាក់ងារ USAID គាំទ្រការ​រីកចម្រើន​ច្រើន​ដោយ​ធ្វើការ​ជាមួយ​នឹង​ដៃគូក្នុង​វិស័យឯកជន រួមបញ្ចូល​ទាំង​អ្នកទិញកាហ្វេ​ធំជាងគេ៣លើ​ពិភពលោក ដែល​បានបេជ្ញាផ្តល់ប្រាក់ចំនួន​១០៩លាន​ដុល្លារ​អាមេរិក​ដើម្បី​តភ្ជាប់​កសិករ​៧ម៉ឺននាក់​ទៅនឹង​ទីផ្សារ​សាកល។ នេះគឺ​ជាង​ពាក់កណ្តាល​នៃ​កសិករ​ដាំកាហ្វេ​នៅ​ហុងឌូរ៉ាស។ ហើយកាលពី​ឆ្នាំ​មុន ជំនួយ​របស់​ទីភ្នាក់ងារ USAID និង​ដៃគូទាំងនេះ​ នាំឱ្យផលធារ​របស់កសិករ​ជិត​១៨០០០នាក់ កើនឡើងប្រមាណ ៣០ ភាគរយ ហើយផ្តល់​នូវ​ក្តីសង្ឃឹម​ដល់​ក្រុមគ្រួសារ​ជាច្រើន​នៅតាមជនបទ។

លោកស្រី Guilarte ថ្លែងថា៖ «ខណៈ​លទ្ធិប្រជាធិបតេយ្យ​ស្ថិតក្រោម​ការគំរាម​កំហែង​ក្នុងតំបន់ ការ​ការពារ​គុណតម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​ឱ្យបានគ្រប់​ពេលវេលា ជារឿងសំខាន់​ចំាបាច់។ មូលហេតុនេះហើយ ទើប​ទីភ្នាក់ងារ USAID នឹងបន្ត​ផ្តល់អាទិភាពដល់​ពលរដ្ឋ​ហុងឌូរ៉ាស ដើម្បីឱ្យ​ក្រុមគ្រួសារ សហគមន៍នានា និង​ប្រទេស​នេះ​ទាំងមូល​អាច​រីកចម្រើន​និងរុងរឿង»៕

XS
SM
MD
LG