តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
កាលពីដើមខែវិច្ឆិកា រដ្ឋសភានៃប្រទេសលីប៊ីបានបោះពុម្ពផ្សាយច្បាប់មួយចំនួនដើម្បីគ្រប់គ្រងរដ្ឋសភានិងការបោះឆ្នោតប្រធានាធិបតី។ បើតាមអ.ស.ប.ថា នេះជាលើកដំបូងហើយតាំងពីការបោះឆ្នោតត្រូវលើកទៅធ្វើនៅពេលក្រោយកាលពីឆ្នាំ២០២១ ដែលប្រទេសលីប៊ីបានរៀបចំឱ្យមានក្របខណ្ឌរដ្ឋធម្មនុញ្ញនិងការបោះឆ្នោតត្រឹមត្រូវតាមច្បាប់ត្រូវបានចាត់ទុកថាអាចអនុវត្តបាន។
លោក Abdulaye Bathily អ្នកតំណាងពិសេសរបស់លោកអគ្គលេខាធិការអ.ស.ប.សម្រាប់ប្រទេសលីប៊ីនិងជាប្រធានបេស កកម្មគាំទ្ររបស់អ.ស.ប.នៅលីប៊ីបាននិយាយថា «នៅពេលនេះ យើងត្រូវការធ្វើកិច្ចការតពីសមិទ្ធិសំខាន់នេះ»។ ក៏ប៉ុន្តែ នៅមានបញ្ហាមួយចំនួនទៀតមិនទាន់ដោះស្រាយរួច លុះត្រាតែបក្ខពួកនយោបាយប្រជែងគ្នាជាច្រើនជួបជុំគ្នានិងដោះស្រាយការខ្វែងគំនិតរបស់ពួកគេ ហើយបើមិនធ្វើដូច្នេះទេ ប្រទេសនេះនឹងធ្លាក់វិលវល់ក្នុងអំពើហិង្សានិងអស្ថិរភាពថែមទៀត។
លោក John Kelley ទីប្រឹក្សានយោបាយនៃស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំអ.ស.ប.បាននិយាយថា «វាជាការច្បាស់លាស់ជាងមុនថាដើម្បីឱ្យមានផែនទីបង្ហាញផ្លូវទៅកាន់ការបោះឆ្នោតគួរឱ្យជឿទុកចិត្តបាននិងឱ្យមានអន្តរកាលដោយសន្តិវិធី តម្រូវឱ្យតួអង្គសំខាន់ៗប្រជុំទល់មុខគ្នានៅឯតុចរចាគ្នា»។
លោកបានថ្លែងថា «យើងគាំទ្រសេចក្តីអញ្ជើញរបស់អ្នកតំណាងពិសេសដល់ពួកមេដឹកនាំនយោបាយលីប៊ីឱ្យបញ្ជូនអ្នកតំណាងទៅចូលរួមក្នុងកិច្ចចរចាដំបូងដើម្បីដោះស្រាយបញ្ហាស្នូលដែលរារាំងមិនឱ្យមានការបោះឆ្នោត»។
លោកឯកអគ្គរដ្ឋទូត Kelley បានពោលថា សហរដ្ឋអាមេរិកយល់ស្របជាមួយទស្សនៈរបស់«ជនជាតិលីប៊ីច្រើនបំផុតដែលថា ដល់ពេលហើយសម្រាប់ឱ្យពួកតួអង្គនយោបាយទម្លាយការទាល់ច្រក»។
លោកបាននិយាយថា «ជាការច្បាស់លាស់មានការតម្រូវឱ្យមានភាពជាមេដឹកនាំសកម្មនិងការគាំទ្ររបស់ប្រជារាស្ត្រលីប៊ីដើម្បីសម្រេចដំណើរការនយោបាយប្រកបដោយបរិយាប័ន្ន...ជនទាំងឡាយណាដែលបន្តពន្យារពេលដំណើរការនេះនឹងត្រូវបន្ទោសយ៉ាងខ្លាំងប្រសិនបើគ្មានការបោះឆ្នោតយូរទៅទៀតដើម្បីឱ្យមានរដ្ឋាភិបាលត្រឹមត្រូវតាមច្បាប់និងរួបរួមគ្នា»។
តែយ៉ាងណាក៏ដោយនិងទោះជាមានពួកជនដែលប្រឆាំងនឹងការប៉ងប្រាថ្នារបស់ប្រជារាស្ត្រលីប៊ីក្នុងការជ្រើសរើសពួកមេដឹកនាំរបស់ពួកគេផ្ទាល់ក៏ដោយ ក៏យើងឃើញមានការជឿនលឿនដែរ។
លោក Kelley បានថ្លែងថា «យើងសរសើរការងាររបស់គណៈកម្មការយោធារួម5+5ក្នុងការចាត់ចែងគោលដៅដើម្បីដកកងកម្លាំងបរទេស ក្រុមយុទ្ធជនបរទេសនិងក្រុមទាហានស៊ីឈ្នួលប្រយុទ្ធពីប្រទេសលីប៊ី និងជំរុញការប្រឹងប្រែងឱ្យមានការដកអាវុធ ការរំសាយទ័ព និងសមាហរណកម្ម។
លោកបាននិយាយថា «យើងក៏ស្វាគមន៍ដែរដល់វិធានការឱ្យមានកំណើនការសម្របសម្រួលនិងកិច្ចសហការដើម្បីបង្រួបបង្រួមកងយោធាខាងកើតនិងខាងលិចសម្រាប់ជួយឱ្យមានស្ថិរភាពនៅប៉ែកខាងត្បូងប្រទេស ធ្វើឱ្យព្រំដែនមានសន្តិសុខ និងបញ្ចៀសកុំឱ្យមានចលាចលក្នុងតំបន់»។
លោកឯកអគ្គរដ្ឋទូត Kelley បានថ្លែងថា «សំឡេងអន្តរជាតិរួមគ្នាមួយដើម្បីគាំទ្រកិច្ចប្រឹងប្រែងទាំងនេះក្នុងវិស័យនយោបាយ មនុស្សធម៌ សេដ្ឋកិច្ចនិងយោធានឹងមានសារៈសំខាន់សម្រាប់ធ្វើឱ្យមានការជឿនលឿនជាក់ស្តែងនិងបង្កើតឱកាសសម្រាប់ប្រជារាស្ត្រលីប៊ី»៕