តទៅនេះ គឺជាបទវិចារណកថាដែលឆ្លុះបញ្ចាំងអំពីទស្សនៈរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក
នៅក្នុងការយកចិត្តទុកដាក់ដល់ការចាត់ចែងទំនាក់ទំនងប្រកបដោយការទទួលខុសត្រូវរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន លោកប្រធានាធិបតី Joe Biden និងប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនលោក Xi Jinping បាននិយាយទូរសព្ទជាមួយគ្នាកាលពីថ្ងៃទី២ ខែមេសា។ នេះជាការពិភាក្សាលើកទីមួយរវាងមេដឹកនាំពីរនាក់នេះតាំងពីជំនួបទល់មុខគ្នារបស់លោកទាំងពីរនៅ Woodside រដ្ឋ California កាលពីខែវិច្ឆិកា ឆ្នាំមុន។
ទីប្រឹក្សាគមនាគមន៍ខាងសន្តិសុខជាតិលោក John Kerby បាននិយាយប្រាប់ពួកអ្នកកាសែតថា ការសន្ទនាគ្នាជិតពីរម៉ោងនេះជា«ការពិភាក្សាគ្នាដោយត្រង់ៗនិងប្រកបដោយការស្ថាបនាអំពីបញ្ហាទ្វេភាគី បញ្ហាតំបន់ និងបញ្ហាសាកល រួមមានកិច្ចសហប្រតិបត្តិការនិងការខ្វែងគំនិតគ្នាផងដែរ»។
លោក John Kirby បាននិយាយថា «លោកទាំងពីរបានលើកទឹកចិត្តនិងបន្តឱ្យមានការជឿនលឿនអំពីបញ្ហាត្រូវបានពិភាក្សានៅឯជំនួបកំពូលនៅ Woodside មានរួមកិច្ចសហប្រតិបត្តិការប្រឆាំងគ្រឿងញៀនស្រវឹង ការទាក់ទងគ្នារវាងយោធានិងយោធា កិច្ចចរចាសម្រាប់ដោះស្រាយហានិភ័យទាក់ទិននឹងបញ្ញាសិប្បនិម្មិតនិងការបន្តការប្រឹងប្រែងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការប្តូរគ្នារវាងប្រជារាស្ត្រនិងប្រជារាស្ត្រ»។
លោកទីប្រឹក្សា Kirby បានថ្លែងថា អាកប្បកិរិយារបស់សាធារណរដ្ឋប្រជាមានិតចិន PRC នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វីកក៏ត្រូវបានលើកយកមកពិភាក្សាដែរ ដោយលោកប្រធានាធិបតី Biden បានគូសបញ្ជាក់«សារៈសំខាន់នៃការរក្សាឱ្យមានសន្តិភាពនិងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់» និងបញ្ជាក់ជាថ្មីអំពី«សារៈសំខាន់នៃនិតិរដ្ឋនិងសេរីភាពនាវាចរណ៍ក្នុងសមុទ្រចិនខាងត្បូងផងដែរ»។
លោកប្រធានាធិបតី Biden ក៏បានលើកឡើងអំពីកង្វល់ស្តីពីការគាំទ្ររបស់សាធារណរដ្ឋប្រជាមានិតចិនដល់មូលដ្ឋានឧស្សាហកម្មការពាររបស់រុស្ស៊ីនិងផលប៉ះពាល់របស់វាដល់សន្តិសុខអឺរ៉ុប។ ហើយលោកប្រធានាធិបតីបានគូសបញ្ជាក់ការប្តេជ្ញារបស់សហរដ្ឋអាមេរិកដល់ការធ្វើមិនឱ្យមានអាវុធនុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េ។
លោក Kirby បានពោលថា៖ «លោកប្រធានាធិបតី Biden ក៏បាននិយាយអំពីកង្វល់ស្តីពីគោលនយោបាយពាណិជ្ជកម្មមិនយុត្តិធម៌របស់សាធារណរដ្ឋប្រជាមានិតចិន PRC និងការអនុវត្តន៍សេដ្ឋកិច្ចមិនមែនបែបផ្សារសេរីដែលនាំឱ្យមានផលប៉ះពាល់មិនល្អដល់ក្រុមកម្មករនិងគ្រួសារអាមេរិកាំង»។
បន្ថែមលើនេះ លោកប្រធានាធិបតីបានប្រាប់មេដឹកនាំចិនរូបនេះថា សហរដ្ឋអាមេរិកនឹងបន្តធ្វើសកម្មភាពចាំបាច់ដើម្បីបញ្ចៀសកុំឱ្យបច្ចេកវិទ្យាទំនើបរបស់អាមេរិកត្រូវបានប្រើប្រាស់សម្រាប់ធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិរបស់យើង។ លោកទីប្រឹក្សា Kirby បាននិយាយថា ហើយលោកបានលើកឡើងអំពីចំណង់របស់សហរដ្ឋអាមេរិកចង់ឃើញកម្មវិធីសង្គមទិកតុក ត្រូវដកហូតចេញពីក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសចិន ដើម្បីឱ្យ«ផលប្រយោជន៍សន្តិសុខជាតិនិងទិន្នន័យសន្តិសុខរបស់ប្រជារាស្ត្រអាមេរិកាំងអាចត្រូវបានការពារ»។
លោក Kirby ទីប្រឹក្សាខាងគមនាគមន៍អំពីសន្តិសុខជាតិបានកត់សម្គាល់ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកស្រី Janet Yellen ឋិតនៅប្រទេសចិនពីថ្ងៃទី៣ដល់ថ្ងៃទី៩មេសាដើម្បីធ្វើការប្រជុំ ហើយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងធ្វើដំណើរទៅកាន់ក្រុងប៉េកាំងក្នុងពេលឆាប់ៗនេះដើម្បី«ជំរុញផលប្រយោជន៍យើងតាមរយៈការទូតកម្រិតគណៈរដ្ឋមន្ត្រី»។ តែយ៉ាងណាក៏ដោយ ក៏លោកបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកមានជំនឿថា «គ្មានជម្រើសអ្វីក្រៅពីការនិយាយទាក់ទងគ្នាជាទៀងទាត់នៅកម្រិតមេដឹកនាំទេ ដើម្បីចាត់ចែងទំនាក់ទំនងទ្វេភាគីនេះដែលសាំញ៉ាំនិងជួនកាលតានតឹង ហើយប្រធានាធិបតីទាំងពីរនាក់នេះបានយល់ព្រមលើកទូរសព្ទនិងនិយាយគ្នានៅពេលណាមានសេចក្តីត្រូវការ»៕